រាជរដ្ឋាភិបាលបង្កើនការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅក្នុងសង្គមកម្ពុជា

47

វិទ្យុជាតិកម្ពុជា ៖ លោក អ៊ឹម ភិរក្សនារីរតនៈ

MC ៖ រាជរដ្ឋាភិបាលបង្កើនការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅក្នុងសង្គមកម្ពុជា ដើម្បីធានាបានសុវត្ថិភាពជូនប្រជាពលរដ្ឋកុំអោយរងគ្រោះដោយការជួញដូរគ្រប់រូបភាព។

រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាទប់ស្តាត់លុបបំបាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅក្នុងសង្គមកម្ពុជា តាមរយៈពង្រឹងវិធានការរច្បាប់និងផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយដើម្បីបំផុសស្មារតី ដល់គ្រប់ភាគីពាក់ព័ន្ធរួមគ្នាប្រយុទ្ធប្រឆំាងបញ្ហានេះឲ្យធានាបានប្រសិទ្ធភាព។
ថ្លែងក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលើកទី១៣ នៅរសៀលថ្ងៃទី ១២ ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ “ រួមសហការគ្នាបង្ការ បង្ក្រាប ផ្តន្ទាទោស សង្គ្រោះ ការពារ “សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកអំពើជួញដូរមនុស្សជាបទឧក្រិដ្ឋហើយពង្រឹងវិធានការទប់ស្កាត់និងបង្រ្កាបបទល្មើសនេះគ្រប់រូបភាព ពិសេសបង្កើនការអប់រំប្រជាពលរដ្ឋពីល្បិចកលអូសទាញរបស់ជនល្មើស ដើម្បីកុំអោយរងគ្រោះ ដោយសារការជួញដូរ។
សម្ដេចក្រឡាហោមបានបន្តថា ការបង្កើនវិធានការអប់រំប្រជាពលរដ្ឋនេះ ដោយសារតែ ជារៀងរាល់ឆ្នាំមានមនុស្សរាប់សែននាក់ ត្រូវរងការចាញ់បោកល្បិចកលពីជនល្មើសក្នុងការជួញដូរមនុស្សលួចឆ្លងដែន ជាពិសេស ក្នុងចំណោមពលករទេសន្ដប្រវេសន៍ ដែលបានចាកចេញទៅធ្វើការងារនៅក្រៅប្រទេស និងជនភៀសខ្លួនទាំងក្មេងចាស់ជាដើម។
សម្លេង ៖ ខ្ញុំព្រះករុណាខ្ញុំសូមអំពាវនាវផងដែរ ដល់ភាគីប្រទេសជាមិត្តទាំងអស់ សូមមេត្តាចូលរួមសហការជួយជ្រោមជ្រែងកម្មវិធីប្រយុទ្ឋប្រឆាំងជួញដូរមនុស្សនេះឲ្យកាន់តែខ្លាំងក្លាថែមទៀត និងសូមអំពាវនាវនិងលើកទឹកចិត្តដល់គ្រប់ ក្រសួង ស្ថាប័ន មន្ទីរអង្គភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសូមពង្រឹងការអនុវត្តសកម្មភាពតាមយុទ្ធសាស្ត្រដែលមានចែងក្នុងផែនការជាតិឲ្យបានកាន់តែសកម្មខ្លាំងក្លាថែមទៀត ។
សូមបញ្ជាក់ថា គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលើកទី១៣ ឆ្នាំ២០១៩ ធ្វើឡើងនៅសាលមហោស្រពកោះពេជ្រ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ គ្រប់ស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល តំណាងអង្គទូតស្ថានតំណាងនានាដែលមាននិវេសនដ្ឋាន នៅកម្ពុជា ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សហភាពសហព័ន្ធយុវជន កម្ពុជា ក្រុមយុវជន កាយារឹទ្ធ និងយុវជនកាកបាទក្រហមកម្ពុជា និយោជក កម្មករ ព្រះសង្ឃ តំណាងសាសនា យាយជី តាជី និងប្រជាពលរដ្ឋជាង ៣.០០០ អង្គ/នាក់ ៕

អត្ថបទដែលជាប់ទាក់ទង