ប្រជាពលរដ្ឋទីខ្វះខាតស្បៀងចំនួន០២គ្រួសារទទួលអំណោយពីចលនាយុវជនកម្ពុជា ក១៥៧ សាខាខេត្តប៉ៃលិន

137

វិទ្យុជាតិកម្ពុជា ៖ដោយ លោកគួនធិ

(ខេត្តប៉ៃលិន)៖ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៩ ចលនាយុវជនកម្ពុជា ក១៥៧ សាខាខេត្តប៉ៃលិន ដឹកនាំដោយឯកឧត្តម ឡី ចាន់ឆាយ និង លោក យិន សាំងហេង ប្រធានសាខា ខេត្តប៉ៃលិន និងក្រុមការងារបានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយ ដល់ប្រជាពលរដ្ឋខ្វះខាតស្បៀងចំនួន២គ្រួសារ ស្ថិតនៅភូមិអូរខ្ទីង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

លោក យិន សាំងហេង ប្រធានសាខាចលនាយុវជនកម្ពុជា ក១៥៧ ខេត្តប៉ៃលិន បានមានប្រសាសន៍ ថា ចលនាយុវជនកម្ពុជា ក១៥៧ គឺជាក្រុមដែលបង្កើតឡើង ដើម្បីបម្រើវិស័យមនុស្សធម៌ សុទ្ទសាធ ហើយជាក់ស្តែងនាពេលនេះ គ្រាន់តែទទួលដំណឹងពីមូលដ្ឋានពីការលំបាកខ្វះខាតស្បៀងរបស់ប្រជាពលរដ្ឋចំនួន​២គ្រួសារ​​ភ្លាម ក្រុមការងារចលនាយុវជនកម្ពុជា ក១៥៧ បានចុះសួរសុខទុក្ខ និងនាំយកអំណោយជាសំភារៈ និងថវិកាទៅឧបត្ថម្ភជូនដល់លំនៅដ្ឋានរបស់បងប្អូនផ្ទាល់ភ្លាម ដើម្បីជួយដោះស្រាយ ជីវភាពបងប្អូនបានកំរិតផងដែរ ។ ក្នុងឱកាសនោះផងដែរ លោក យិន សាំងហេង ក៍បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋត្រូវតែចេះថែរក្សាអនាម័យក្នុងការរស់នៅប្រចាំថ្ងៃ ដោយរស់នៅស្អាត ហូបស្អាត ដើម្បីបញ្ចៀសកុំឲ្យមានជំងឺឆ្លងផ្សេងៗ ដែលតែងតែរាតត្បាត ពិសេស ជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាមជាដើម ហើយក្នុងករណីណាមានជំងឺសូមបងប្អូនទៅមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព ដែលនៅជិតលំនៅដ្ឋានរបស់បងប្អូន ដើម្បីពិនិត្យ និងព្យាបាលបានទាន់ពេលវេលា ។

សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋទាំង ០២ គ្រួសារ ដែលទទួលអំណោយពីចលនាយុវជនកម្ពុជា ក១៥៧ សាខាខេត្តប៉ៃលិន ដោយក្នុងមួយគ្រួសារអង្ករ ២៥គីឡូក្រាម ទឹកសុទ្ធ ១០យួ មី១កេះ ទឹកត្រី ១ដបត្រីខ១យួ ប្រេងឆា ១ដប ប៊ីចេង១កញ្ចប់ និងថវិកា ចំនួន ២០ម៉ឺនរៀលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង