សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាអូស្រ្តាលី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរ

34

វិទ្យុជាតិកម្ពុជា វ៉ាង ភក្តី ១៤ ០១ ២០២០

កំឡុងពេលដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំប្រចំាឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) ក្នុងប្រទេសអូស្រ្តាលី នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម តូនី ស្មីត (Tony Smith) ប្រធានរដ្ឋសភាអូស្រ្តាលី និងជាប្រធានAPPF លើកទី២៨ នៅវិមានរដ្ឋសភាអូស្រ្តាលី ដើម្បីពង្រឹងកិច្ចសហប្រតិការសភាប្រទេសទំាងពីរឲ្យកាន់តែរឹងមាំឡើង។
ឯកឧត្តមប្រធានរដ្ឋសភាអូស្រ្តាលី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចប្រធានរដ្ឋសភា ដែលបានដឹកនាំគណៈប្រតិភូសភាកម្ពុជាមកចូលរួមកិច្ចប្រជុំAPPF ក្នុងប្រទេសអូស្រ្តាលី នាពេលនេះ។ អូស្រ្តាលីបានសិក្សានិងដកស្រង់ពិសោធន៍ជាច្រើនពីសភាកម្ពុជា ដែលរៀបចំកិច្ចប្រជុំAPPF លើកទី២៧ កាលពីឆ្នាំ២០១៩ មុនសភាអូស្រ្តាលី។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងពីសារៈសំខាន់របស់សភាអូស្រ្តាលីនៅក្នុងវេទិកាអន្តរសភាក្នុងតំបន់ និងសកលលោក។ សម្តេចបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការៀបចំកិច្ចប្រជុំ APPF លើកទី២៨នេះ ប្របកដោយខ្លឹមសារបង្ហាញសារៈសំខាន់ ពីកិច្ចសហប្រតិបត្តិការល្អនូវសមាជិកAPPF ដើម្បីវិបុលភាពរបស់ប្រជាពលរដ្ឋ។
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណរដ្ឋាភិបាលនិងប្រជាជនអូស្រ្តាលី ដែលបានរួមវិភាគទានយ៉ាងធំធេង ក្នុងដំណាក់កាលស្វែងរកសន្តិភាព និងក៏ដូចជាការអភិវឌ្ឍន៍នៅកម្ពុជា។បច្ចុប្បន្នអូស្រ្តាលីជាដៃគូអភិវឌ្ឍដ៏សំខាន់របស់កម្ពុជាស្ទើរគ្រប់វិស័យ។
ឆ្លៀតឱកាសនេះ សម្តេច បានស្នើសភា និងរដ្ឋាភិបាលអូស្ត្រាលី បន្តគាំទ្រកម្ពុជាជាបន្តទៀត ជាពិសេសជួយជម្រុញវិនិយោគ និងទេសចរណ៍ពីអូស្ត្រាលី ទៅកម្ពុជា និងជួយបណ្តុះបណ្តាលធនធានមនុស្សដល់កម្ពុជា និងបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជាមកសិក្សានៅអូស្រ្តាលី ពីព្រោះការអភិវឌ្ឍន៍នៅកម្ពុជាសព្វថ្ងៃ ត្រូវការធនធានមនុស្សជាចាំបាច់។
សម្តេចអគ្គមហាពញាចក្រី បានគោរពអញ្ជើញ ឯកឧត្តម តូនី ស្មីត មកបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅកម្ពុជា និងចូលរួមកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អ៊ឺរ៉ុប លើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅចុងឆ្នាំ២០២០ខាងមុខនេះ។
ឯកឧត្តម តូនី ស្មីត ប្រធានរដ្ឋសភាអូស្រ្តាលី បានទទួលយកសំណើនិងការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា។ ឯកឧត្តម មានក្តីរីករាយចំពោះចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទំាងពីរ មានការរីកចម្រើនជាលំដាប់។
សូមជម្រាបថា នៅក្នុងកំឡុងពេលចូលរួមកិច្ចប្រជុំ APPF នាទីក្រុងកុងបេរ៉ា នេះ សម្តេចប្រធានរដ្ឋសភា បានទទួលជួបពិភាក្សាការងារផ្លូវការនិងក្រៅផ្លូវការជាមួយប្រតិភូសភា ដែលជាសមាជិក APPF និងអន្តរសភាអាស៊ាន មួយចំនួនទៀតផងដែរ ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភាកម្ពុជានិងបណ្តាប្រទេសជាមិត្ត៕

អត្ថបទដែលជាប់ទាក់ទង