ប្រមុខការទូតកម្ពុជានឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅវៀតណាម

26

វិទ្យុជាតិកម្ពុជា វ៉ាង ភក្តី ១៤ ០១ ២០២០៖

 ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២០  នៅខេត្តញ៉ាចាង សាធារណរដ្ឋសង្គមនិយមវៀតណាម។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នៅថ្ងៃទី១៤ ខែមករានេះ បានឲ្យដឹងថា កិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាននេះ ធ្វើឡើងក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប»  សំដៅធ្វើការផ្លាស់ប្តូរការយល់ឃើញ និងគំនិត ទៅលើវិធី និងមធ្យោបាយនានាដើម្បីសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងលើកកម្ពស់បន្ថែមទៀតនូវការឯកភាព សមាហរណកម្ម និងការតភ្ជាប់ អត្តសញ្ញាណរួមរបស់អាស៊ាន ព្រមទាំងការចូលរួមជាមួយនឹងសហគមន៍ពិភពលោក និងសមត្ថភាពស្ថាប័ន។

សូមបញ្ជាក់ថា នៅឆ្នាំ២០២០នេះ ប្រទេសវៀតណាម គឺជាប្រធានអាស៊ាន ហើយក្នុងនាមជាប្រធាន ក៏បានលើកឡើងនូវចំណុចអាទិភាពចំនួន៥ ដែលផ្តោតសំខាន់ទៅលើការលើកកម្ពស់ការចូលរួមចំណែកដ៏សកម្មរបស់អាស៊ាន ក្នុងការថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពតំបន់ ការជំរុញឲ្យកាន់តែខ្លាំងនូវសមាហរណកម្មសេដ្ឋកិច្ច និងការតភ្ជាប់អាស៊ាន ការលើកកម្ពស់អត្តសញ្ញាណអាស៊ាន និងការយល់ដឹងអំពីសហគមន៍អាស៊ាន ការពង្រឹងភាពជាដៃគូសកលរបស់អាស៊ាន ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងការបង្កើនប្រសិទ្ធភាព និងសមត្ថភាពស្ថាប័នរបស់អាស៊ាន៕

អត្ថបទដែលជាប់ទាក់ទង