បុរសជនជាតិសាំងហ្គាពួរម្នាក់ត្រូវបានផ្តន្ទាទោសពីបទផ្តល់ហិរញ្ញប្បទានដល់អំពើភេរវកម្មតាមរយៈការផ្តល់មូលនិធិដល់រដ្ឋអ៊ីស្លាម

30

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


នៅក្នុងការអង្គជំនុំជម្រះពាក់ព័ន្ធនឹងអំពើភេរវកម្មរបស់តុលាការសិង្ហបូរីនៅថ្ងៃអង្គារនេះ បុរសជនជាតិសាំងហ្គាពួរម្នាក់ត្រូវបានគេរកឃើញថាមានទោសក្នុងការ ផ្តល់ហិរញ្ញប្បទានដល់ក្រុមភេរវកម្មនៃរដ្ឋអ៊ីស្លាម (ISIS)។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅ ថ្ងៃ ទី ១៤ ខែមករា ឆ្នាំ ២០២០។
ជនជាប់ចោទឈ្មោះ អ៊ីមរ៉ាន ការស៊ីម (Imran Kassim) អាយុ ៣៦ ឆ្នាំ បានផ្តន្ទាទោសពីបទផ្តល់មូលនិធិដល់រដ្ឋអ៊ីស្លាម (ISIS) ដោយបានផ្ញើប្រាក់ចំនួន ៤៥០ ដុល្លារសិង្ហបុរីទៅឲ្យបុរសម្នាក់ឈ្មោះ មហាម៉ាដ អាល់សាដ អាលើមីដាន់(Mohamad Alsaied Alhmidan) ដែលជាបណ្តាញរបស់ក្រុមរដ្ឋអ៊ីស្លាម នៅប្រទេសតួកគីកាលពីថ្ងៃទី ៣១ ខែតុលាឆ្នាំ ២០១៤ ។
ផ្អែកតាមសេចក្តីសម្រេចរបស់ចៅក្រមបានឲ្យដឹងថា លោកអ៊ីមរ៉ាន បានសារភាពថាលោកពិតជាបានផ្ញើប្រាក់ដើម្បីគាំទ្រដល់រដ្ឋអ៊ីស្លាម តាមរយៈការបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកព្រោះលោកជឿថាការបរិច្ចាគនេះនឹងផ្តល់អត្ថប្រយោជន៍ ការគាំទ្រដល់អាយស៊ីស ប្រមូលផ្តុំអ្នកគាំទ្រកាន់តែច្រើនសម្រាប់អាយស៊ីសនិងបង្កើនការយល់ដឹងសម្រាប់អាយស៊ីស។
រដ្ឋអាជ្ញាបានស្នើឱ្យមានការកាត់ទោសដាក់ពន្ធនាគារពី ៣២ ទៅ ៣៣ ខែចំពោះ លោកអ៊ីមរ៉ាន់ ដែលជាជនល្មើសដំបូងដែលបានបើកសវនាការជំនុំជម្រះចំពោះបទឧក្រិដ្ឋហិរញ្ញប្បទានភេរវកម្ម។
សូមបញ្ជាក់ថា តាមច្បាប់សិង្ហបូរី ការផ្តល់ទ្រព្យសម្បត្តិសម្រាប់ផលប្រយោជន៍ដល់ភេរវករឬអង្គភាពភេរវករប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ ការពិន័យជាអតិបរមាចំនួន ៥០០.០០០ ដុល្លារសិង្ហបុរី៕
ប្រភព៖ សារព័ត៌មាន Channel News Asia

អត្ថបទដែលជាប់ទាក់ទង