សម្តេចតេជោយល់ព្រមផ្តល់ក្រុមមេធាវីរបស់សម្តេច ដើម្បីការពារក្តីដល់អ្នកសារព័ត៌មានដែលគោរពវិជ្ជាជីវៈបានត្រឹមត្រូវ

115

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា ១៥.មករា.២០២០ ៖

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពផ្តល់ក្រុមមេធាវីរបស់សម្តេចដើម្បីការពារក្តីដល់អ្នកសារព័ត៌មាននៅពេលមានវិវាទក្តីណាមួយកើតឡើងដែលពាក់ព័ន្ធទៅនិងវិជ្ជាជីវៈរបស់ខ្លួន។
ថ្លែងក្នុងពិធីជួបជុំអ្នកសារព័ត៌មានជិត៦ពាន់នាក់ កាលពីល្ងាចថ្ងៃទី១៤ ខែមករា សម្តេច តេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា អ្នកសារព័ត៌មានទាំងឡាយណា ដែលសរសេរព័ត៌មានដោយគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ប៉ុន្តែពេលផ្សព្វផ្សាយចេញទៅត្រូវគេប្តឹងទៅវិញនោះ នឹងត្រូវទទួលបានសិទ្ធិការពារក្តី ពីក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេចតេជោ ហ៊ុន សែន។
សម្តេចតេជោបានបន្តទៀតថា ក្រុមមេធាវីស្ម័គ្រចិត្ត ក៏មានសិទ្ធិបដិសេធមិនទទួលយកការស្នើសុំការពារក្តីពីអ្នកសារព័ត៌មានណា ដែលផ្សាយព័ត៌មានមិនគោរពក្រមសីលធម៌វិជ្ជាជីវៈ និងផ្សាយព័ត៌មានបំភ្លៃការពិត។បន្ថែមពីនេះទៀតសម្តេចក៏បានជំរុញដល់អ្នកសារព័ត៌មាន ឲ្យគោរពពាក្យស្លោក ដែលត្រូវបានសម្តេចដាក់ចេញថា ធ្វើជាអ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ និងកុំបំភ្លៃការពិតដើម្បីពង្រឹងវិជ្ជាជីវៈរបស់ខ្លួន ពង្រឹងជំនឿទុកចិត្តពី សាធារណៈជន និងការពារខ្លួនចំពោះមុខច្បាប់ ។
« យល់ព្រមផ្តល់មេធាវីរបស់សម្តេចតេជោ ការពារអ្នកសារព័ត៌មានទៅតាមអង្គហេតុនិងអង្គច្បាប់ដែលវាសមស្រប។ អញ្ចឹងទេខ្ញុំប្រគល់សិទ្ធិឲ្យលោក គី តិច ដែលជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ទទួលខុសត្រូវសិក្សានៃបញ្ហាទាក់ទងជាមួយនឹងការការពារក្តី ឲ្យអ្នកសារព័ត៌មាន»។អត់ចាំបាច់ចេញប្រាក់ទេ មេធាវីខ្ញុំមាននៅគ្រប់ខេត្ត។ ជួយការពារឲ្យប៉ុន្តែអង្គហេតុនិងអង្គច្បាប់សមស្របមានន័យថា អ្នកសារព័ត៌មានបំពេញវិជ្ជាជីវៈរបស់គេ ត្រូវបានទទួលការប្តឹងពីអ្នកនេះពីអ្នកនោះ យើងត្រូវចេញមុខការពាឲ្យ ប៉ុន្តែមេធាវីនេះមានសិទ្ធិបដិសេធចំពោះការស្នើសុំអ្នកសារព័ត៌មានណា ដែលជេរម្រ៉ាយគេ ដែលបំភ្លៃការពិត»។

អត្ថបទដែលជាប់ទាក់ទង