ក្រសួងសាធារណការអំពាវនាវឲ្យម្ចាស់យានយន្ដផុតកំណត់ឆៀករួសរាន់ទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសឡើងវិញ

97

វិទ្យុជាតិកម្ពុជា៖ ដោយ វ៉ាង ភក្តី៖

ក្រសួងសាធារណការ និងដឹកជញ្ជូន អំពាវនាវឲ្យម្ចាស់យានយន្ដដែលផុតកំណត់ឆៀកទាំងអស់ ត្រូវរួសរាន់ទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសឡើងវិញ ដើម្បីចៀសវាងការពិន័យ និងបង្កជាគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។
ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៤ ខែមករានេះ បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០ នេះ ក្រសួងត្រៀមបញ្ចូនរថយន្តឆៀកចល័តចុះតាមបណ្តាខេត្តមានដូចជា កំពង់ធំ ស្វាយរៀង កំពត កែប តាកែវ ប៉ៃលិន ព្រៃវែង ពោធិសាត់ មណ្ឌលគិរី បន្ទាយមានជ័យ ឧត្តរមានជ័យ ស្ទឹងត្រែង ត្បូងឃ្មុំ និងកោះកុង ដើម្បីអាចឲ្យម្ចាស់រថយន្តទាំងអស់ យកយានយន្តរបស់ខ្លួនទៅត្រួតពិនិត្យលក្ខណៈបច្ចេក នៅទីតាំងដែលជិតបំផុត តាមកាលកំណត់ និងទាន់ពេលវេលា។
ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា នេះជាការបង្ខិតសេវាទៅជិតប្រជាពលរដ្ឋ ដើម្បីចំណេញពេលវេលា ថវិកា និងចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
សូមបញ្ជាក់ថា បច្ចុប្បន្នមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តដែលវិនិយោគដោយក្រុមហ៊ុនឯកជនមានសរុប១៥កន្លែង នៅក្នុងនោះរាជធានីភ្នំពេញមានទីតាំងផ្សេងៗគ្នាចំនួន៥ន្លែងដូចជានៅសាខាប្ញស្សីកែវ សាខាចំការដូង សាខាបឹងប៉ៃតង សាខាបឹងស្នោរ និងសាខាជ្រោយចង្វារផ្លូវជាតិលេខ៦A និងតាមបណ្តាខេត្តមានដូចជា បាត់ដំបង សៀមរាប កំពង់ឆ្នាំង ស្វាយរៀង កំពង់ស្ពឺ ក្រចេះ ព្រះសីហនុ រតនគិរី និងព្រះវិហារ៕

អត្ថបទដែលជាប់ទាក់ទង