កម្ពុជាចាប់ផ្តើមរៀបចំនីតិវិធីដឹកជញ្ជូនទំនិញឆ្លងដែនតាមផ្លូវដែកជាមួយភាគីថៃឡើងវិញ

99

វិទ្យុជាតិកម្ពុជា៖  ស្រីផល

MC៖  កម្ពុជាចាប់ផ្តើមរៀបចំនីតិវិធីដឹកជញ្ជូនទំនិញឆ្លងដែនតាមផ្លូវដែកជាមួយភាគីថៃឡើងវិញ ដើម្បីមានលទ្ធភាពបើកឲ្យដំណើរការតាមផែនការដែលបាន គ្រោងទុកនៅពាក់កណ្តាលឆ្នាំ២០២០នេះ។ 

ឯកឧត្តម លី បូរិន អ្នកនាំពាក្យ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការនិងដឹកជញ្ជូនបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ក្រុមមន្រ្តីជំនាញនៃក្រសួងសាធារណការនិងដឹកជញ្ជូន អគ្គនាយកដ្ឋានគយនិងរដ្ឋាករ អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃគ្រោងអញ្ជើញទៅចូលរួមកិច្ចប្រជុំនៅប្រទេសថៃ នាខែកុម្ភៈខាងមុខនេះ ដើម្បីពិភាក្សាអំពីនីតិវិធី ក្នុងការដឹកជញ្ជូនទំនិញ ឆ្លងដែនតាមផ្លូវដែកនៃប្រទេសទំាង២។ ឯកឧត្តមបានបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចនោះ ក្រុមគណៈប្រតិភូកម្ពុជា ក៏និង សិក្សាអំពីនីតិវិធីនៃគម្រោងដឹកជញ្ជូនផ្លូវដែករួមគ្នារវាងប្រទេសថៃ ជាមួយប្រទេសឡាវ និងប្រទេសថៃ ជាមួយនឹងប្រទេសម៉ាឡេស៊ី ដើម្បីជាធាតុចូលសម្រាប់ដំណើរការរៀបចំនីតិវិធី ដឹកជញ្ជូនផ្លូវដែករួមគ្នារវាងកម្ពុជា និងថៃ ដែលគ្រោងការកំណត់ឲ្យបាននៅមុខចូលឆ្នាំថ្មីប្រពៃ ណីជាតិនាពេលខាងមុខនេះ។

សំលេង៖ ដោយសារតែឥលូវ យើងកំពុងរៀបចំនីតិវិធីសារជាថ្មី ហើយខាងថៃយើងកំពុងសំណូមពរ ហើយខាងថៃគឺយល់ព្រមហើយ ដើម្បីឲ្យខាងយើង ព្រោះយើងវារឿងថ្មី ពីការឆ្លងកាត់ព្រំដែនហ្នឹង ចឹងដាច់ខែពីរនិងគឺថាយើងមានទៅប៉ូលីសអន្តោរប្រវេសន៍ ខាងគយ ហើយខាងផ្លូវដែកគេចូលរួម ដើម្បីឲ្យទៅមើលនីតិវិធីគេ រវាងថៃជាមួយនិងឡាវ និងថៃជាមួយនិងម៉ាឡេស៊ី។

ឯកឧត្តមបានអៈអាងថាការពន្លឿនបើកសេវាដឹកជញ្ជូនទំនិញឆ្លងដែនតាមផ្លូវដែករវាងប្រទេសទាំងពីរឲ្យបាននៅពេលឆាប់ៗនេះ  គឺមានផលចំណេញ ច្រើន ដោយដឹកទំនិញបានច្រើនដែលធ្វើឲ្យតម្លៃទំនិញអាចចុះទាប ហើយកាត់បន្ថយរថយន្តធំៗបើកបរនៅលើផ្លូវជាតិ ដែលជួយទប់ស្កាត់ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍និងទប់ស្កាត់ការខូចខាតផ្លូវមួយចំនួនផងដែរ។ សម្លេង

លោកឧញ៉ា ភូ ប៉ុយ ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបងធ្លាប់បានឲ្យដឹងថា ការបើកឲ្យដំណើរការសេវាដឹកជញ្ជូនទំនិញតាមផ្លូវដែករវាងប្រទេសទំាង២កម្ពុជា-ថៃ ថាជាសញ្ញាដ៏ល្អដែលជួយ សម្រួលដល់ការដឹកជញ្ជូនទំនិញការនាំចេញនាំចូល ហើយចំណាយថ្លៃដើមកាន់តែទាប។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះនាយករដ្ឋមន្រ្តី កម្ពុជា និងនាយករដ្ឋមន្រ្តីថៃ បានចុះហត្ថលេខារួមគ្នាស្តីពីការដឹកជញ្ជូនទំនិញឆ្លងដែនតាមរយៈផ្លូវដែករួមគ្នា ដើម្បីឈានទៅពង្រីកសេដ្ឋកិច្ចនៃប្រទេសទំាង២ កម្ពុជា-ថៃ៕

អត្ថបទដែលជាប់ទាក់ទង