រដ្ឋមន្រ្ដីក្រសួងការងារ អះអាងថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ នឹងបង្កើនឱកាសការងារ ផ្តល់អត្ថប្រយោជន៍ដល់កម្មករ និងទាក់ទាញដល់ការវិនិយោគ

99

វិទ្យុជាតិកម្ពុជាអត្ថបទ៖ជួន បូណា

MC៖រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអះអាងថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ នឹងបង្កើនឱកាសការងារ ផ្តល់អត្ថប្រយោជន៍បន្ថែមទៀតដល់បងប្អូនកម្មករនិយោជិត បង្កើនខ្សែសង្វាក់ផលិតកម្ម សេវាកម្ម និងទាក់ទាញដល់ការវិនិយោគជាដើម ។

ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីស្តីពី ការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅសណ្ឋាគារសាន់វ៉េ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ការបង្កើតក្រុមការងារសិក្សាលទ្ធភាព ក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ គឺដើម្បីឱ្យស្របតាមបរិបទសេដ្ឋកិច្ច និងសង្គម។
ឯកឧត្តម បានបញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារនេះ គឺមានតំណាងកម្មករនិយោជិត សហជីព និយោជក សមាគមនិយោជក ក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ តំណាងអង្គទូត និងដៃគូអភិវឌ្ឍន៍នានា ព្រមទាំងអ្នកជំនាញរបស់អង្គការអន្តរជាតិខាងការងារ (ILO) ដើម្បីពិនិត្យ និងពិភាក្សា ផ្តល់យោបល់ជាធាតុចូលប្រកបដោយគុណប្រយោជន៍ ដើម្បីទទួលបានការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ សំដៅលើកកម្ពស់ផលិតភាពការងារ និងពង្រឹងភាពប្រកួតប្រជែងសេដ្ឋកិច្ចកម្ពុជាទំាងក្នុងតំបន់ និងសកលលោក។
ជាមួយគ្នានេះ ឯកឧត្តម បានជំរុញឱ្យគ្រប់ភាគីពាក់ពន្ធ័ ធ្វើការពិភាក្សាឱ្យបានផុសផុលប្រកបដោយវិជ្ជាជីវៈក្នុងស្មារតីទទួលខុសត្រូវរួម ដើម្បីធានាបានភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ។
សូមបញ្ជាក់ថា ការកែសម្រួលច្បាប់នេះ ក្នុងគោលបំណងបង្កើនភាពទាក់ទាញឧស្សាហកម្មទំនើប ដូចជារោងចក្រផលិតបរិក្ខារអគ្គិសនី, គ្រឿងអេឡិចត្រូនិច និងការកែច្នៃម្ហូបអាហារ ជាដើម ។ បង្កើនការងារជូនប្រជាពលរដ្ឋ ទៅតាមជម្រើសនិងតម្រូវការជាក់ស្តែងរបស់ពួកគេ ដើម្បីទទួលបានប្រាក់ចំណូលកាន់តែប្រសើរឡើង។ ការលុបការឈប់នៅថ្ងៃបន្ទាប់សម្រាប់ថ្ងៃឈប់សម្រាកបុណ្យចំថ្ងៃអាទិត្យ ដូចដែលអនុវត្តចំពោះមន្ត្រីរាជការសាធារណៈទូទៅនិងការអនុវត្តនៅក្នុងបណ្តាប្រទេសមួយចំនួនក្នុងតំបន់។ ការពង្រីកវិសាលភាពសេវាកម្មរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលក្នុងការដោះស្រាយវិវាទការងារបុគ្គលដូចការដោះស្រាយវិវាទការងាររួមដែរ ដោយមូលហេតុថា ក្រុមប្រឹក្សាអាជ្ញាកណ្តាល គឺជាស្ថាប័នដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ដែលទទួលបានការទុកចិត្តពីគ្រប់ភាគី៕

អត្ថបទដែលជាប់ទាក់ទង