ប្រធានមន្ទីរទេសចរណ៍ខេត្តព្រៃវែង អំពាវនាវរកដៃគូវិនិយោគបឹងស្នេហ៍បន្ថែមទៀតដើម្បីទាក់ទាញអ្នកទេសចរ

109

វិទ្យុជាតិកម្ពុជា៖ ប៉ុង សុភាវី
MC៖ ប្រធានមន្ទីរទេសចរណ៍ខេត្តព្រៃវែង អំពាវនាវរកដៃគូវិនិយោគតំបន់ទេសចរណ៍បឹងស្នេហ៍បន្ថែមទៀត ដើម្បីអភិវឌ្ឍតំបន់នេះឲ្យកាន់តែធំ ក្នុងគោលដៅទាក់ទាញអ្នកទេសចរឲ្យទៅលេងកម្សាន្តកាន់តែច្រើនព្រោះកន្លែងនេះមានសម្រស់ធម្មជាតិស្រស់ស្អាតហើយជាពិសេសមានសត្វស្លាបកម្រជាច្រើនប្រភេទ។

លោក ទឹម ទេពវង្សា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រៃវែង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា បច្ចុប្បន្ននេះតំបន់ទេសចរណ៍បឹងស្នេហ៍ គឺចាប់ផ្ដើមមានភ្ញៀវទេសចរមកលេងកម្សាន្តជាច្រើនពីតាមរាជធានីខេត្តមួយចំនួន ដោយសារពួកគេលង់ស្នេហ៍នឹងសម្រស់ធម្មជាតិនិងសត្វស្លាបកម្រៗជាច្រើនប្រភេទដែលហោះហើរឆ្វេតឆ្វាចជុំវិញបឹងនោះ។

លោកបានបញ្ជាក់ថា ដោយមើលឃើញពីកំណើនភ្ញៀវទេសចរទៅលេងកម្សាន្តនៅតំបន់នេះមិនចេះដាច់ អាជ្ញាធរខេត្តចង់ឲ្យវិស័យឯកជនបោះទុនវិនិយោគអភិវឌ្ឍន៍តំបន់ទេសចរណ៍ នេះឲ្យកាន់តែស្អាត ព្រោះវាមានផលប្រយោជន៍ជាច្រើនដែលជួយបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ និងកាត់បន្ថយការធ្វើចំណាកស្រុក។
សំឡេង៖ សូមឲ្យទាំងវិស័យឯកជន ឬខាងរដ្ឋ ភូមិឃុំជួយគាំទ្រទាំងអស់គ្នាគាំទ្រអភិវឌ្ឍវិស័យទេសចរណ៍បឹងស្នេហ៍បន្ថែមទៀត បើសិនជាមានអ្នកវិនិយោគបន្ថែមទៀតគម្រោងនឹងស្នើមកខេត្តមក គម្រោងនឹងត្រូវអភិវឌ្ឍជាទ្រង់ទាយធំតែម្ដង។
លោកបន្ថែមទៀតថា តំបន់ទេសចរណ៍ធម្មជាតិបឹងស្នេហ៍ ស្ថិតក្នុងឃុំធាយ ស្រុកបាភ្នំ មានចម្ងាយប្រមាណ១៥គីឡូម៉ែត្រពីទីរួមខេត្តព្រៃវែង ដោយមានប្រភេទសត្វស្លាបជាច្រើនដូចជាសត្វរនាល សត្វទង់ សត្វខ្វែក សត្វកុក សត្វទាព្រៃ សត្វប្រវឹក សត្វក្រសារ សត្វប្រភេទស្មោញ សត្វត្របកទំពាំង និងសត្វអាអូត។ ប្រសិនបើភ្ញៀវចង់មកទស្សនាសត្វនេះ គឺមកនៅពេលល្ងាចម៉ោង ចាប់ពី៤ទៅសត្វទាំងអស់វាហើរមកចូលដេកហើយព្រឹកព្រលឹមសត្វទំាងអស់ បានហើរចេញទៅរកចំណីវិញ។
លោកប្រធានមន្ទីរទេសចរណ៍បានសំណូមពរ ឱ្យបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលទៅលេងកម្សាន្តតំបន់បឹងស្នេហ៍សូមជួយអភិរក្សសត្វ ឲ្យបានគង់វង្ស និងជាពិសេសជួយថែរក្សាអនាម័យបរិស្ថានកុំបោះចោលសំរាមនិងកាកសំណល់ប្លាស្ទិក ដើម្បីធានាឲ្យតំបន់នេះនៅតែរក្សា បានភាពស្អាតគ្មានសំរាមហើររាយប៉ាយ។
លោកបានបញ្ជាក់ថា នៅឆ្នាំ២០១៩កន្លងទៅខេត្តព្រៃវែងទទួលបានភ្ញៀវជាតិ ៥២៤,២៤៤នាក់ កើនឡើងចំនួនជិត៣៩ភាគរយ ហើយភ្ញៀវអន្តរជាតិដែលមកស្នាក់នៅក្នុងខេត្តមានចំនួន៣,៦៨២នាក់៕

អត្ថបទដែលជាប់ទាក់ទង