ភ្នំភ្លើងនៅហ្វីលីពីនបង្ហាញសញ្ញាស្ងប់ស្ងាត់ ប៉ុន្តែគ្រោះថ្នាក់នៅតែអាចកើតមាន

75

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង៖


ភ្នំភ្លើងនៅហ្វីលីពីនដែលកំពុងឆេះបញ្ចេញផេះ និងកម្អែល អស់រយៈពេលជាច្រើនថ្ងៃហាក់ដូចជាស្ងប់ស្ងាត់ទៅវិញ បើគិតមកដល់ត្រឹមថ្ងៃព្រហស្បតិ៍ ប៉ុន្តែក្រុមអ្នកជំនាញផ្នែករញ្ជួយបាននិយាយថា គ្រោះថ្នាក់នៃការផ្ទុះនៅតែមានកម្រិតខ្ពស់ ហើយអាជ្ញាធរបានព្រមានជម្លៀស ប្រជាជន មិនឱ្យវិលត្រឡប់ទៅរកផ្ទះរបស់ពួកគេវិញនោះទេ។នេះបើយោងតាមការចេញ ផ្សាយរបស់ សារព័ត៌មាន Channel News Asia ។ប្រធានក្រុមស្រាវជ្រាវវិទ្យាសាស្ត្រនៅវិទ្យាស្ថានភ្នំភ្លើងហ្វីលីពីនបានឲ្យដឹងថា ពេលនេះក្រុម ស្រាវជ្រាវកំពុងតែវិភាគថា តើភ្នំភ្លើងនេះហាក់ដូចជាស្ងប់ស្ងាត់ទៅវិញឫមានន័យយ៉ាងណា ? ខណៈសកម្មភាពភ្នំភ្លើងបានថមថយជះកម្អែល និងធូលីផេះផង់ ចុះខ្សោយទៅៗ។ទោះបីជាបែបនេះក្តីគេបានកត់ត្រានូវរំញ័ររបស់ភ្នំភ្លើងនេះមានរហូតទៅដល់ជាង ១០០ដង ចាប់តាំងពីថ្ងៃពុធមកម្ល៉េះមានន័យថាកំហាប់ម៉ាម៉ា (Magma)នៅតែកើនឡើង។ សូមរម្លឹកថា ទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដី និងភ្នំភ្លើងរបស់ហ្វីលីពីន ហ្វីវូកស៍ (Phivolcs) បានដំឡើងកម្រិតប្រកាសអាសន្នសម្រាប់ភ្នំភ្លើងឈ្មោះថា ថាអាល (Taal) នៅ ក្នុងខេត្តបាតាងហ្គាស (Batangas) ចម្ងាយប្រហែល ៦៦គីឡូម៉ែត្រភាគខាងត្បូងទីក្រុងម៉ានីល ហើយមនុស្សជាង ៥ម៉ឺននាក់ដែលរស់នៅក្បែរភ្នំភ្លើង Taal ដែលជាទីតាំងទេសចរណ៍ យ៉ាងមានប្រជាប្រិយភាព បានជម្លៀសខ្លួនចាប់តាំងពីយប់ថ្ងៃអាទិត្យ ខណៈមួយចំនួនតូចដែលពុំទាន់ចេញ នឹងត្រូវបង្ខំឲ្យចេញដើម្បីសុវត្ថិភាព៕ប្រភព៖ សារព័ត៌មា ន Channel News Asia

អត្ថបទដែលជាប់ទាក់ទង