ប្រជាកសិករខេត្តប៉ៃលិនប្រកបរបរដាំបន្លែធម្មជាតិទទួលបានប្រាក់កំរៃគួរសមសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ

43

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានប៉ៃលិន

លោក ញ៉ឹប កែវ អាយុ៤៩ឆ្នាំ ដែលជាកសិករម្នាក់រស់នៅភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានអោយដឹងថា៖ ក្រុមគ្រួសារលោក​បានប្រកប​មុខ​របរដាំដំណាំបន្លែបង្កាបន្ទាប់បន្សំផ្សេងៗនេះរយៈពេល៦ឆ្នាំមកហើយ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ លោកក៏បានបន្តថា៖ បច្ចុប្បន្នផ្ទៃដីដាំបន្លែមានទំហំប្រហែល២រ៉ៃ ដែលមានបន្លែរួមផ្សំដូចជា សាឡាត់ ស្ពៃតឿ ស្ពៃក្រញ៉ាញ់ ស្ពៃហាង ស្ពៃចង្កឹះ និងតាំងអោរ ជាដើម ។

លោកបន្តទៀតថា៖ ក្នុងរយះពេលប្រកបមុខរបរដាំបន្លែកន្លងមកនេះទទួលបានទិន្និផលល្អ ព្រមទាំងមានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋ និងមាន ទីផ្សារល្អសមរម្យដោយសារបន្លែធម្មជាតិមិនប្រើថ្នាំគីមី ។ រីឯឈ្មួញដែលទទួលទិញបន្លែរបស់គាត់គឺយកទៅលក់នៅក្នុងផ្សារប៉ៃលិន ផ្សារសាលាក្រៅ ផ្សារព្រំ និងនៅតាមចម្ការ ។ លោកបញ្ជាក់ថា៖ បន្លែរបស់លោកក្នុង១ខែអាចប្រមូលបាន២ទៅ៣វគ្គតាមការដាំវិលជុំ ចំពោះខែដែលប្រមូលផលបានច្រើនជាងគេគឺខែប្រាំង ជាមធ្យម លោកអាចប្រមូលផលបន្លែបានមិនក្រោមពី១០០ទៅ១៥០គីឡូក្រាមក្នុងមួយថ្ងៃនោះទេ។ រីឯប្រាក់កំរៃដែលគ្រួសារលោកទទួលបានចំណូលពីការលក់បន្លែទាំងនោះយ៉ាងទាបបានចំនួន១លានទៅ២លានក្នុងមួយខែ ។ បងប្រុស ញ៉ឹប កែវ បានរៀបរាប់បន្តថា៖ ប្រភេទបន្លែរបស់លោកអាចលក់បានតម្លៃដូចជា៖ សាឡាត់ ស្ពៃតឿ ស្ពៃចង្កឹះ និងស្ពៃហាង ១គីឡូតម្លៃ២០០០រៀល ស្ពៃក្រញ៉ាញ់១គីឡូតម្លៃ២៥០០រៀល និងតាំងអោរ១គីឡូតម្លៃ៥០០០រៀល។

ចំពោះការប្រមូលផលវិញចាប់គិតពីដាំរហូតដល់ប្រមូលផលគឺមានរយៈពេល២៥ថ្ងៃទៅ៣០ថ្ងៃ ។ ផលវិបាកនៃការដាំដុះជួបញ្ហាច្រើននៅខែវស្សាគឺផលដំណាំរងនូវការជាំទឹករលួយ និងខែប្រាំងមានសត្វល្អិត និងកន្តូបស៊ីស្លឹក បើសិនជាយើងមិនបានមើលថែដិតដល់ទេទន្និផលវាធ្លាក់ចុះ។ ជាចុងក្រោយលោកក៏បានថ្លែងអំណរគុណនិងសំណូមពរដល់មន្រ្តីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តប៉ៃលិន ដែលកន្លងតែងតែចុះមកបង្រៀនអំពីបច្ចេកទេសដាំដុះនិងរបៀបនៃការប្រើប្រាស់ជីទៅតាមប្រភេទដីនិងបំរែបម្រួលអាកាសធាតុ។
គួរបញ្ជាក់ថា៖ គ្រួសារបងប្រុស ញ៉ឹម កែវ រួមទាំងគាត់មានចំនួន៥នាក់ប្រពន្ធឈ្មោះ ឌៀប ស្រីនាង អាយុ ៣៩ឆ្នាំ មានកូនចំនួន៣នាក់ក្នុងបន្ទុក ក្នុងនោះប្រុស២នាក់ ស្រី១នាក់ ហើយបច្ចុប្បន្ននេះគាត់ប្រកបមុខរបរដាំដំណាំបន្លែ បង្កាបានផ្គត់ផ្គង់គ្រួសារនិងអោយកូនបានរៀនសូត្រផងដែរ៕
អត្ថបទលោក ហឿន គឹមហុន

អត្ថបទដែលជាប់ទាក់ទង