ប្រជាពលរដ្ឋគាំទ្រគម្រោងសា្ថបនាផ្លូវទាំង ៣៤ខ្សែនៅខេត្តព្រះសីហនុ

46

 

 វិទ្យុជាតិកម្ពុជា : អត្ថបទ ហុក សុខរិន រូបភាព អ៊ឹម ភិរក្សនារីរតនះ

 

ព្រះសីហនុ៖ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រះសីហនុបានគាំទ្រគម្រោងសា្ថបនាផ្លូវទាំង ៣៤ខ្សែនៅក្នុងខេត្តដែលជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋភ្ញៀវទេសចរក៏ដូចជាវិនិយោគទុននៅក្នុងខេត្តព្រះសីហនុ។

 

ក្រុមប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវថ្មីនៃគម្រោងអភិវឌ្ឍន៍ផ្លូវទាំង៣៤ខ្សែស្ថិតនៅក្នុងខេត្តព្រះសីហនុ បានសម្តែងអារម្មណ៍សប្បាយរីករាយ ពេលឃើញរាជរដ្ឋាភិបាលកំពុងសម្រុកស្ថាបនាផ្លូវនៅក្នុងមូលដ្ឋានររបស់ខ្លួន ថានឹងមានផ្លូវធ្វើដំណើរងាយស្រួល ហើយអាចប្រកបអាជីវកម្មរកចំណូលបានច្រើនជាមុន។

 

អ្នកស្រី សៅ មួយស៊ីម ជាអាជីវករលក់ដូរនៅតំបន់សមុទ្ររាមបានអោយដឹងថា បន្ទាប់ពីរាជរដ្ឋាភិបាលអភិវឌ្ឍន៍ផ្លូវមកកាន់តំបន់សមុទ្ររាមហើយតភ្ជាប់ទៅកាន់ក្រុងព្រះសីហនុប្របតាមឆ្នេរសមុទ្រ ឃើញថា ភ្ញៀវទេសចរចាប់ផ្តើមសម្រុកមកលេងច្រើន បើទោះបីផ្លូវនេះធ្វើពុំទាន់រួចក៏ដោយ។ អ្នកស្រីបញ្ជាក់ថា ផ្លូវថ្មីនេះនឹងជួយស្តារសេដ្ឋកិច្ចប្រជាពលរដ្ឋក្នុងសហគមន៍នេះអោយកាន់តែរីកចំរើន ខណៈដែលពីមុនផ្លូវនេះមានការលំបាកពិបាកធ្វើដំណើរ ដែលពុំមានភ្ញៀវមកដល់ច្រើនទេ។

 

ចំណែកលោក ម៉ី សំបូរ ជាប្រជានេសាទ នៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុបានអោយដឹងថា ប្រសិនបើផ្លូវនេះធ្វើរួចរាល់ ហើយមានកំណើនភ្ញៀវទេសចរច្រើននោះ លោកនឹងពង្រីកមុខរបរថ្មីបន្ថែមទៀត ក្រៅពីការនេសាទ គឺដឹកជញ្ជូនភ្ញៀវតាមទូកស្ទួចត្រីនៅក្នុងសមុទ្រ ដើម្បីបង្កើនប្រាក់ចំណូលក្នុងក្រុមគ្រួសារ កូនចៅអាចទៅរៀនបានទៀងទាត់។

បច្ចុប្បន្ននេះក្រុមអ្នកជំនាញកំពុងស្ថាបនាផ្លូវថ្នល់ទាំង ៣៤ ខ្សែនៅខេត្តព្រះសីហនុយ៉ាងមមាញឹកទាំងយប់ទាំងថ្ងៃដើម្បីស្ថាបនាផ្លូវនេះឱ្យហើយទាន់តាមផែនការកំណត់ ក្នុងរយៈពេលជាង៦ខែទៀត។

 

សូមបញ្ជាក់ ផ្លូវ ទាំង៣៤ខ្សែ នៅខេត្តព្រះសីហនុនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០១៩

ដោយគ្រោងចំណាយថវិការប្រមាណជិត៣០០លានដុល្លារ ដោយការស្ថាបនាផ្លូវធ្វើផ្លូវទាំងនោះមានសារៈសំខាន់ណាស់ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋបានធ្វើដំណើរប្រកបដោយភាពងាយស្រួល ខណៈដែរបច្ចុប្បន្នខេត្តព្រះសីហនុមានការរីកចម្រើនខ្លាំងទាំងកំណើនសំណង់អាគារនិងប្រជាពលរដ្ឋដូច្នេះត្រូវតែមានផ្លូវធំទូលាយស្រស់ស្អាតខ្វាត់ខ្វែងទៅវិញទៅមកដើម្បីជាសរសៃឈាមសេដ្ឋកិច្ច និងទាក់ទាញភ្ញៀវទេសចរ។

តាមបច្ចេកទេស ផ្លូវក្នុងក្រុងព្រះសីហនុ នឹងត្រូវចាក់បេតុង២តឹកកន្លះ ហើយចាក់កៅស៊ូពីលើថែមទៀត ដើម្បីធានាការដឹកជញ្ជូននៅក្នុងខេត្តដែលសំបូរទៅដោយកុងតឺន័រធំៗ សម្រាប់ដឹកជញ្ជូនទំនិញជារៀងរាល់ថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង