ផ្នែកសុខាភិបាលភាគខាងត្បូងនៃប្រទេសបារាំង គ្រោងដឹកនាំគ្រូពេទ្យពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅខេត្តកំពង់ចាមដោយឥតគិតថ្លៃ

29

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

ខេត្តកំពង់ចាម៖ ក្នុងជំនួបជាមួយ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម កាលពីថ្ងៃទី​២១​ខែសីហានេះ លោកស្រី ស្យុង ប៊ុង អគ្គនាយកនៃផ្នែកសុខាភិបាលភាគខាងត្បូងនៃប្រទេសបារាំងបានឲ្យដឹងថា លោកស្រីអញ្ជើញមកខេត្តកំពង់ចាមក្នុងគោលបំណងដើម្បីស្វែងរកទីតាំងនិងការអន្តរាគមន៍ពីអាជ្ញាធរដែនដីដើម្បីដឹកនាំពេទ្យស្ម័គ្រចិត្តចុះមកព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃ ។លោក ស្រីបន្តថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនោះ មាន២ក្រុម គឺ ក្រុមទី ១ ចុះមកព្យាបាលចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ៣០ ខែមករាឆ្នាំ ២០១៩ និងក្រុមទី ២ចុះមកព្យាបាលចាប់​ពីថ្ងៃទី ១៨ដល់ថ្ងៃទី ២៣ខែមីនាឆ្នាំ ២០១៩ដែលក្នុងមួយក្រុមមានសមាជិកចំនួន ១០នាក់ ចែកចេញជា ៥ ផ្នែក ព្យាបាលលើផ្នែកទូទៅ លើកលែងតែផ្នែកឆ្មប ។

លោកស្រី ស្យុង ប៊ុង បានស្នើ ឲ្យអភិបាលខេត្តកំពង់ចាម ជួយបង្ហាញ ទីតាំងដែលមានអ្នកជំងឺ ក៏ដូចជាប្រជាពលរដ្ឋក្រីក្រច្រើននៅទូទាំងខេត្តកំពង់ចាមផងដែរ ។

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណចំពោះក្រុមការងាររបស់លោកស្រី ស្យុង ប៊ុង ដែលបានចំណាយពេលវេលា ថវិកា របស់ខ្លួនដើម្បីចុះមកព្យាបាលជូនប្រជាពលរដ្ឋកម្ពុជា ដ៏ដូចជាប្រជាជនក្នុងខេត្តកំពង់ចាមផងដែរ។

ឯកឧត្តម បានបន្តថា រដ្ឋាភិបាលកម្ពុជាដ៏ដូចជា អាជ្ញាធរខេត្ត និងខិតខំសហការជាមួយក្រុមគ្រូពេទ្យមនុស្សធម៍ ដើម្បីបន្ត ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ។

ជាចុងក្រោយ ឯកឧត្តម គួច ចំរើន ថ្លែងអំណរគុណរដ្ឋាភិបាលប្រទេសបារាំង ក៏ដូចជាប្រជាពលរដ្ឋបារាំង ដែលតែងតែជួយឧបត្ថម្ភ គាំទ្រ ទាំងផ្នែកសម្ភារៈ និងថវិកា ជួយអភិវឌ្ឍប្រទេសកម្ពុជា និងសូមឲ្យបន្តជួយបន្ថែមទៀតផងដែរ ។

អត្ថបទដែលជាប់ទាក់ទង