គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់ចេញនូវយន្ដការ ៤ចំណុចដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២០

146

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ
MC៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់ចេញនូវយន្ដការ ៤ ចំណុចដើម្បីទប់ស្កាត់ និងកាត់បន្ថយជាអតិបរមានូវគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២០ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍» ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបានចេញផ្សាយនៅថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២០ នេះបានឲ្យដឹងថា ដោយយោងតាមសភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឆ្នាំ២០១៩ កន្លងទៅនេះ បានបង្ហាញឲ្យឃើញថា គ្រោះថ្នាក់ចរាចរណ៍ មានកំណើនយ៉ាងគំហុក ទាំងស្លាប់ ទាំងរបួស និងទាំងការខូចខាតទ្រព្យសម្បត្តិសាធារណៈ ទ្រព្យសម្បត្តិឯកជន បើប្រៀបធៀបនឹងឆ្នាំ២០១៨។ អ្នកស្លាប់ កើនឡើងចំនួន ២២០ នាក់ ស្មើនឹង ១២% និងអ្នករបួសកើនឡើងចំនួន ១៣៧១នាក់ ស្មើនឹង ២៩%។ ទាំងអស់នេះ ដោយសារកត្តាសំខាន់បីយ៉ាង គឺកត្តាកំណើនយានយន្ត ( ប្រមាណ ៣៧% ) កត្តាហេដ្ឋារចនាសម្ព័ន្ធ ដែលមិនមានតុល្យភាពនឹងកំណើនយានយន្ត និងកត្តាឥរិយាបថរបស់អ្នកប្រើប្រាស់ផ្លូវ ដែលមិនគោរព និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឲ្យបានម៉ឺងម៉ាត់។ដូច្នេះ ដើម្បីទប់ស្កាត់ និងកាត់បន្ថយជាអតិបរមានូវគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឆ្នាំ២០២០នេះ និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍» សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានណែនាំ ៤ ចំណុច រួមមាន៖
១-ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសាលារៀនជាដើម ត្រូវបន្ត និងបង្កើនការផ្សព្វផ្សាយ ការអប់រំច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បុគ្គលិក កម្មករ សិស្ស និស្សិតជាដើម ឲ្យប្រកាន់ខ្ជាប់នូវការគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក។ ទន្ទឹមនេះ ត្រូវបញ្ចូលស្មារតីគោរពច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក ទៅក្នុងបទបញ្ជាផ្ទៃក្នុងក្រសួង ស្ថាប័ននាន របស់ខ្លួន។
២-អ្នកបើកបរយានជំនិះគ្រប់ប្រភេទ ត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ ១០ ចំណុច ឱ្យបានដាច់ខាត ដូចជា ត្រូវចេះបើកបរ, ត្រូវពាក់មួកសុវត្ថិភាព, ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព, ត្រូវប្រកាន់ស្តាំ, ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត, ត្រូវប្រុងប្រយ័ត្នជានិច្ច, មិនត្រូវបើកបរលើសល្បឿនកំណត់, មិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង, មិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងញៀន, មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេក។
៣-គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមប្រកាសយកឆ្នាំ២០២០ ជាឆ្នាំនៃការរឹតបន្តឹងអនុវត្តច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក។
៤.អគ្គលេខាធិការដ្ឋាន អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកទាំងអស់ និងកងកម្លាំងអនុវត្តច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក ត្រូវយកអស់ស្មារតីទទួលខុសត្រូវរឹតបន្តឹងការអនុវត្តច្បាប់ ដោយស្មើភាព ដោយគ្មានការលើកលែង ដោយតម្លាភាព និងប្រកបដោយសីលធម៌វិជ្ជាជីវៈ សំដៅជំរុញអ្នកប្រើប្រាស់ផ្លូវឱ្យគោរពច្បាប់ ឲ្យបានម៉ឺងម៉ាត់៕

អត្ថបទដែលជាប់ទាក់ទង