​​​​រាត្រី​សមោសរ​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ឆ្នាំ ២០២០​បាន​ប្រារព្ធ​​ធ្វើ​យ៉ាង​ល្អ​ឆើត​ឆាយទស្សនិកជន​នៅ​ទូទាំង​ពិភពលោក​រួម​គ្នា​ទស្សនា​កម្មវិធី​ប្រកប​ដោយ​ភាព​ទាក់​ទាញ ​​​​

172

វិទ្យុជាតិកម្ពុជា៖

ចិន ៖ កាលពីថ្ងៃទី ២៤ ខែ​មករា ជា​ថ្ងៃ​ដាច់​ឆ្នាំ​តាម​ចន្ទគតិ​ចិន ។ យប់​ថ្ងៃ​ដដែល ​រាត្រី​សមោវរ​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណីចិន​ឆ្នាំ២០២០​បាន​ប្រារព្ធ​ធ្វើ​យ៉ាង​ល្អ​ឆើត​ឆាយ​ ដោយ​បាន​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ថ្មី​ដូច​ជា​​5G និង​យន្តហោះ​បញ្ជាដ្រួន​ជា​ដើម ​ក្នុង​ន័យ​នាំ​មក​នូវ​កម្មវិធី​ច្នៃ​ប្រឌិត​ថ្មី​​ ដែល​​​ប្រកប​ដោយ​ភាព​រួម​​​បញ្ចូល​គ្នា​រវាង​បច្ចេកវិទ្យា​និង​​វប្បធម៌ ជូន​ចំពោះ​ទស្សនិកជន​ពិភពលោក​ទាំង​មូល ។

​រាត្រី​សមោសរ​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណីចិន​ឆ្នាំ​នេះ​​ដែល​ផលិត​ដោយ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​លើក​នេះ​មាន​រយៈ​ពេល ២៦០​នាទី ក្នុង​នោះ​រួម​មាន​ទាំង​កម្មវិធី​ចម្រៀង របាំវេទមន្ត សៀក ល្ខោន​ហ៊ីនិង​កម្មវិធី​ជជែក​កម្សាន្ត​ជាដើម ។ រាត្រី​សមោសរ​លើក​នេះ​បាន​ផ្តោត​សំខាន់​ទៅ​លើ​ប្រធាន​បទ​យុគសម័យ​និង​ចំណុច​ក្តៅ​​ក្នុង​សង្គម ក្នុង​ន័យ​បញ្ចេញ​មនោសញ្ចេតនា​ស្រឡាញ់​ញាតិ​សន្តាន​និង​ស្រឡាញ់​ស្រុក​កំណើត​ ច្រៀង​សរសើរ​ប្រជាជាន​ និង​ជូនពរ​មាតុ​ប្រទេស ដើម្បី​ស្វែង​រក​និង​សម្រេច​បាន​នូវ​សុបិន​ ក៏​ដូច​ជា​សុំ​សេចកី្ត​សុខ​​និង​សិរីមង្គល មាន​កម្មវិធី​ច្រៀង​ចម្រៀង​ជនជាតិ​ផង​ហើយ​ក៏​មាន​ការ​រាំ​របាំ​ឌីស្កូ​ផង កម្មវិធី​ដ៏​ល្អ​ឆើត​ឆាយ​ដែល​រួម​បញ្ចូល​ភាព​ប្រពៃណី​និង​ទាន់​សម័យ​​បាន​ក្លាយ​ជា​រាត្រី​សមោរ​មួយ​លើក​ប្រកប​ដោយ​វប្បធម៌​យប់​ដាច់​ឆ្នាំ​តាម​ប្រពៃណី​ចិន ។ ដើម្បី​ទប់ទល់នឹង​ជំងឺ​រលាកសួតបង្កឡើង​ដោយ​វីរុស​ការ៉ូណា​ប្រភេទថ្មី រាត្រីសមោសរ​អបអរសាទរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​បាន​បន្ថែម​​នូវ​កម្មវិធី​ពិសេស​មួយ​ក្រោម​ចំណងជើង​ថា​«ក្តីស្រឡាញ់​ជា​ស្ពាន​ »​ ដើម្បី​ជួយ​គាំទ្រ​​ក្រុង​វ៉ូហាន និង​លើក​ទឹក​ចិត្ត​ប្រទេសចិន ។

សូម​បញ្ជាក់​ថា រាត្រី​សមោសរ​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណីចិន​ឆ្នាំ​​នេះ​បាន​​តុបតែង​ឆាក​បី​ជាន់ ហើយ​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​អេក្រង់​ច្នៃ​ប្រឌីត​ថ្មី​ដើម្បី​បង្ក​បង្កើត​ជា​ឆាក​មូល​ដែល​មាន​៣៦០ដឺក្រេ ទស្សនិកជន​មិន​បាច់​ពាក់​វ៉ែន​តា3D​ទេ ក៏​អាច​​​ទទួល​អារម្មណ៍​ថ្មី​ក្នុង​ពេល​ទស្សនា ។ ព្រម​ជា​មួយ​គ្នា​នេះ មនុស្សយន្ត​និង​យន្តហោះ​បញ្ជាដ្រួន​ ក៏​បាន​ចូល​រួម​ការ​ថត​រូប​និង​ផលិត​កម្មវិធី​ផង​ដែរ និង​បាន​សម្រេច​បាន​នូវ​ការ​ផ្សាយ​ផ្ទាល់​​តាម​បច្ចេកវិទ្យា​VR បច្ចេកវិទ្យា​ច្នៃ​ប្រឌិត​ថ្មី​ជា​ច្រើន​ធ្វើ​ឱ្យ​រាត្រី​សមោសរ​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ចិន​ឆ្នាំ​នេះ​ពោរ​ពេញ​ទៅ​ដោយវិទ្យាសាស្ត្រ​និង​​បច្ចេកទេស​ខ្ពស់​ ។

ក្រៅពី​ឆាក​សំខាន់នៅក្រុងប៉េកាំង​ ​រាត្រីសមោសរ​អបអរសាទរ​ឆ្នាំថ្មីប្រពៃណីចិន​លើក​នេះ​​នឹងបើកឆាកសំដែង​បន្ទាប់បន្សំចំនួនពីរ​​នៅ​ក្រុង​ចឹងចូវ​ខេត្តហឺណាន​ភាគកណ្តាល​ប្រទេស​​ចិន និង​មហាតំបន់​ឈូងសមុទ្រ​​​ក្វាំងតុង​ ហុងកុង​និង​ម៉ាកាវ​ដែលស្ថិតនៅ​ភាគ​ខាង​ត្បូងប្រទេសចិន ដែលនឹងបង្ហាញពីលក្ខណៈពិសេសខាងវប្បធម៌យ៉ាងខ្លាំង។ រាត្រីសមោសរ​អបអរសាទរ​ឆ្នាំថ្មីប្រពៃណីចិន​នឹង​ផ្សព្វផ្សាយតាម​ប្រព័ន្ធសារព័ត៌មាន​គ្រប់ប្រភេទ​ ពិសេស​គឺ​ផ្សាយផ្ទាល់​នៅទូទាំងពិភពលោក​តាមរូបភាព​អេក្រង់ធំនិង​អេក្រង់តូចរួមសហការ​គ្នា​ដែល​​ជា​ការ​ច្នៃប្រឌិតថ្មីខាង​បច្ចេកទេស។

ឆ្នាំ​២០២០នេះ​ ​អគ្គស្ថានីយវិទ្យុនិង​ទូរទស្សន៍​មជ្ឈិម​ចិន​នឹង​ផលិត​និង​ដាក់ចេញ​ភាពយន្តឈ្មោះ«រាត្រីសមោសរអបអរសាទរឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២០»។ ប្រព័ន្ធសារព័ត៌មាន​ជាង​៥០០​នៃ​ប្រទេស​ជាង​១៧០​ ដូចជា​អាមេរិក​ ​អង់គ្លេស​ ​ជប៉ុន​ រុស្ស៊ី​ ​ប្រេស៊ីល​ ​សិង្ហបុរី​ ​ម៉ាឡេស៊ី ​ថៃ​និងឡាវ​ជាដើម​ ​​ក៏ដូចជា​រោងភាពយន្ត​នៃ​ប្រទេស​និងតំបន់​ជាង​២០​ នឹង​ចាក់​ផ្សាយនិង​ចាក់បញ្ចាំង​កម្មវិធី​រាត្រីសមោសរ​អបអរសាទរ​ឆ្នាំថ្មីប្រពៃណីចិន​និង​ភាព​យន្ត​ឈ្មោះ​​​«រាត្រីសមោសរ​អបអរសាទរ​ឆ្នាំថ្មីប្រពៃណីចិន​ឆ្នាំ​២០២០»។​

សូមបញ្ជាក់ថា​ ​​​រាត្រីសមោសរ​អបអរសាទរ​ឆ្នាំថ្មីប្រពៃណីចិន​​ដែល​ចាប់ផ្តើម​កាលពី​ឆ្នាំ​១៩៨៣​ ជា​រាត្រីសមោសរ​សិល្បៈចម្រុះ​ធុនធំមួយ​ដែល​ស្ថានីយទូរទស្សន៍ជាតិចិន​ដាក់ចេញ​ដើម្បី​អបអរសាទរ​ឆ្នាំ​ថ្មីប្រពៃណីចិន​ក្នុងយប់ដាច់ឆ្នាំ​តាម​ចន្ទគតិចិន​​។​ ​ជាង​៣០​ឆ្នាំ​កន្លងមក​ ​រាត្រី​សមោសរ​​អបអរសាទរ​ឆ្នាំថ្មីប្រពៃណីចិន​បាន​កំដរ​គ្រួសារ​រាប់មិនអស់​លាចាកឆ្នាំ​ចាស់​និង​អបអរ​ទទួល​​ឆ្នាំ​ថ្មី​ ​ដែល​ត្រូវបាន​គ្រឹះស្ថាន​ឯតទគ្គកម្ម​ពិភពលោក​ហ្គីណេស​បញ្ជាក់​ថា​ជា​កម្មវិធី​ទូរទស្សន៍​ដែល​​មាន​ទស្សនិកជន​ច្រើន​ជាង​គេ​លើ​ពិភពលោក​។​ ​នាយប់​ដាច់ឆ្នាំ​ដែលជាឱកាស​ក្រុម​គ្រួសារ​​ជួបជុំ​គ្នា​ ​ការ​ធ្វើ​នំគាវ​ ​ទស្សនា​​​កម្មវិធី​រាត្រីសមោសរ​អបអរសាទរ​ឆ្នាំថ្មីប្រពៃណីចិន​ ​ហូបបាយជាមួយសមាជិក​ក្នុង​គ្រួសារ​​និង​ចែកអាំងប៉ាវ​បាន​ក្លាយទៅជា​វប្បធម៌ទំនៀមទម្លាប់​ក្នុងពេលបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីចិន​ហើយ​៕

អត្ថបទដែលជាប់ទាក់ទង