ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសអូស្រា្តលីប្រចាំកម្ពុជា កោតសរសើរកំណើនសេដ្ឋកិច្ចខ្ពស់ហើយរឹងមាំ និងផ្លាស់ប្តូរមុខមាត់យ៉ាងលឿនបំផុតលើឆាកអន្តរជាតិរបស់កម្ពុជា

53

វិទ្យុជាតិកម្ពុជា៖ដោយ កញ្ញា អ៊ី កនិកា ១៣.កុម្ភៈ.២០២០៖

ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសអូស្រា្តលីប្រចាំកម្ពុជាកោតសរសើរកំណើនសេដ្ឋកិច្ចខ្ពស់ហើយរឹងមាំ និងផ្លាស់ប្តូរមុខមាត់យ៉ាងលឿនបំផុតលើឆាកអន្តរជាតិរបស់កម្ពុជាគឺការដាក់ចេញនិងអនុវត្តនូវ កិច្ចការកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យយ៉ាងសស្រាក់សស្រាំរបស់រាជរដ្ឋាភិបាលចាប់តាំងតែពីដើមនីតិកាលទី៥មកនេះ។
ឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសអូស្រា្តលីប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់និងកោតសរសើរចំពោះការរីកចម្រើននិងផ្លាស់ប្តូរគួរឲ្យកត់សម្គាល់របស់កម្ពុជានាពេលបច្ចុប្បន្ន ជាមួយការអភិវឌ្ឍ និងមានសុខសន្តិភាពពេញលេញ ដែលសមិទ្ធិផលទាំងនេះ គឺកើតឡើងពីកិច្ចខិតខំប្រឹងប្រែងផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជាតែម្តង។ ជាពិសេស បានជួយធ្វើឲ្យមូលដ្ឋាននៃសេដ្ឋកិច្ចជាតិ មានលក្ខណៈរឹងមាំ និងមានសន្ទុះខ្លាំងក្លា, ការកៀរគរចំណូលប្រកបដោយប្រសិទ្ធិភាព ហើយការចំណាយទៀតសោតមានតម្លាភាព និងសក្កិសិទ្ធិភាព ដែលកត្តាទាំងនេះបានធ្វើឱ្យកម្ពុជា សម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ហើយរឹងមាំ និងផ្លាស់ប្តូរមុខមាត់យ៉ាងលឿនបំផុតលើឆាកអន្តរជាតិ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលជួបពិភាក្សាការងារ។ឯកឧត្តម សន្យាថា អូស្រ្តាលីនឹងបន្ត ជំរុញឱ្យអ្នកវិនិយោគិនអូស្រ្តាលីមកបណ្តាក់ទុនវិនិយោគបន្ថែមឱ្យបានកាន់តែ ច្រើននៅកម្ពុជា។ឯកឧត្តម បានបន្តថា អ្នកវិនិយោគិនអូស្រ្តាលីមានចំណាប់អារម្មណ៍ ទៅលើការវិនិយោគលើវិស័យ កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យសេវាកម្ម។ជាក់ស្តែងកាលពីឆ្នាំកន្លងទៅ អ្នកទេសចរណ៍អូស្រ្តាលីបានមកទស្សនា ប្រទេសកម្ពុជាយ៉ាងច្រើនកុះករ ហើយចំណែកវិស័យអប់រំវិញ សម្រាប់ឆ្នាំ២០២០នេះ មាននិស្សិតកម្ពុជាចំនួនប្រមាណ ៣ ០០០នាក់ បានចុះឈ្មោះទៅ សិក្សានៅប្រទេសអូស្រ្តាលី ដែលរួមមានទាំងនិស្សិតទទួលអាហារូបករណ៍ និងបង់ថ្លៃ។
ជាការឆ្លើយតប ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវការអបអរសារទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម Pablo Chiho Kang ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសអូស្រា្តលី ប្រចាំនៅកម្ពុជា ។ឯកឧត្តម សង្ឃឹមថា តាមរយៈវត្តមាន និងបេសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មីនៅកម្ពុជា, ប្រពៃណីនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ កម្ពុជា-អូស្រ្តាលី នឹងកាន់តែស៊ីជម្រៅ និងប្រសើរថែមទៀតនៅលើគ្រប់វិស័យ។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគូសរំលេចពីគុណបំណាច់ដ៏ឧត្តុង្គឧត្តមរបស់រដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចាប់តាំងពីការជួយដល់ដំណើរការ កសាងសន្តិភាព រហូតដល់ការអភិវឌ្ឍលើគ្រប់វិស័យ ហើយចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរត្រូវបានលើកកម្ពស់ ឥតឈប់ឈរ ដែលបាននាំមកនូវសមិទ្ធផលប្រកបដោយផ្លែផ្កាជាច្រើនអនេក ។
ឯកឧត្តម បញ្ជាក់ថា កម្ពុជា នឹងបន្តខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងមិត្តភាពឲ្យកាន់តែស្និតរមួតបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៏សម្រាប់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-អូស្រ្តាលី៕

អត្ថបទដែលជាប់ទាក់ទង