ក្រសួងដែនដីជំរុញឲ្យអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់អនុវត្តតាមច្បាប់ស្តីពីសំណង់

57

វិទ្យុជាតិកម្ពុជា៖ ដោយ វ៉ែន សុវុទ្៖

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញឲ្យអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់ដែលបានចុះបញ្ជីទំាងអស់នៅទូទាំងប្រទេស អនុវត្តតាមច្បាប់ស្តីពីសំណង់ឲ្យបានត្រឹមត្រូវ ដើម្បីធានាឲ្យរាល់សំណង់ទំាងអស់ មានគុណភាព និងសុវត្ថិភាព។
ថ្លែងក្នុងវគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីសំណង់ ជូនអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់លើកទី២កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា សំណង់ដែលសាងសង់ ត្រូវគោរពគំលាតរវាងឯកជនទាំងសងខាង រក្សាគំលាតអោយស្របទៅតាមបទដ្ឋាននគរូបនីយកម្ម និងគោរពចំពោះទីតាំងសាធារណៈដូចជាលូទឹកនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដើម្បីឲ្យការងារសាងសង់ទាំងអស់មានសុវត្ថិភាព និងគុណភាពរឹងមាំ។

ឯកឧត្តម បានបន្តថា មុននឹងច្បាប់សំណង់នេះត្រូវបានរៀបចំតាក់តែងនោះ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានរៀបចំធ្វើប្លង់គោលហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស ដើម្បីដកចេញនូវហេដ្ឋារចនាសម្ព័ន្ធអោយអស់ សំដៅងាយស្រួលអោយប្រជាពលរដ្ឋធ្វើសំណើសុំការសាងសង់សំណង់ ដែលផ្តល់ផលប្រយោជន៍ជាសាធារណៈ។
សូមបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបើកវគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីសំណង់ ជូនអ្នកវិជ្ជាជីវៈសំណង់លើកទី២ ដោយមានស្ថាបត្យកម្ម ស្ថាបត្យករ និង វិស្វករ ចំនួនជាង១.០០០នាក់ចូលរួម ដើម្បីធានាការងារសាងសង់ទាំងអស់មានសុវត្ថិភាព និងគុណភាពរឹងមាំ៕

អត្ថបទដែលជាប់ទាក់ទង