រដ្ឋមន្ដ្រីក្រសួងដែនដីណែនាំស្ថាបត្យករពេលគូរប្លង់អាគារជួយភ្ជាប់រចនាបថខ្មែរ

34

វិទ្យុជាតិកម្ពុជា៖ សេង សុផាន់ណា ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២០៖

រដ្ឋមន្ដ្រីក្រសួងដែនដីណែនាំស្ថាបត្យករពេលគូរប្លង់អាគារជួយភ្ជាប់រចនាបថខ្មែរដើម្បីជាប្រយោជន៍គាំទ្រទៅដល់អត្តសញ្ញាណជាតិ ការលើកកម្ពស់តម្លៃប្រពៃណីនៃវប្បធម៌ជាតិខ្មែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអំពាវនាវដល់អ្នកគូសប្លង់ អ្នកត្រួតពិនិត្យសំណង់ និងម្ចាស់សំណង់ទំាងអស់ ពេលសាងសង់អគារ ត្រូវភ្ជាប់រចនាបថខ្មែរខ្លះៗ ដើម្បីបង្ហាញពីអត្តសញ្ញាណជាតិខ្មែរ។ បន្ថែមពី នេះទៀត រាល់សំណង់ទំាងនោះក៏ត្រូវគិតគូពីប្រព័ន្ធបង្ហូរទឹកកខ្វក់ ដើម្បីការពារបរិស្ថានផងដែរ ។
ថ្លែងក្នុងវគ្គផ្សព្វផ្សាយអំពីច្បាប់ស្ដីពីសំណង់ ជូនអ្នកមានវិជ្ជាជីវៈក្នុងវិស័យសំណង់ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ជា សុផារ៉ា បានថ្លែងថា ការបញ្ជូនរចនាបថខ្មែរជាមួយនឹង អគារសម័យទំនើបនេះ គឺនឹងធ្វើឲ្យអគារនោះកាន់តែមានសោភ័ណភាពស្រស់ស្អាត ដែលជាទីទាក់ទាញ ហើយជួយថែរក្សាតម្លៃវប្បធម៌ខ្មែរថែមទៀតផង។
«យើងចង់បានឲ្យមានការផ្សារភ្ជាប់ នូវអត្តសញ្ញាណជាតិ របស់យើងផង មានន័យថា ទាំងអ្នកគូស ទាំងអ្នកត្រួតពិនិត្យបញ្ជាក់សំណង់ សូមអំពាវនាវជួយបំពាក់ខ្លះៗ មិនមែនទាំងស្រុងទេ ។ ក៏ប៉ុន្ដែ អ្វីដែលជាផលប្រយោជន៍ គឺគាំទ្រទៅដល់អត្តសញ្ញាណជាតិ ការលើកកម្ពស់ទៅដល់ វិស័យរបស់យើង កើតនៅក្នុងដីព្រះរាជាណាចក្រកម្ពុជា គឺផ្សារភ្ជាប់នូវអត្តសញ្ញាណណាមួយក៏បានដែរ មិនមែនទាំងស្រុង នឹងឲ្យមានការផ្សារភ្ជាប់ខ្លះ កុំឲ្យមើលទៅវាមិនមែន ស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា»។
ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានផ្តាំផ្ញើទៅដល់វិស្វករទាំងអស់ នៅពេលបើកការដ្ឋានសាងសង់អគារ បញ្ហាចំបងត្រូវគិតគូរឿងប្រព័ន្ធបង្ហូរទឹកកខ្វល់សម្លាប់មេរោគ មុននឹងបង្ហូរចូលលូសាធារណៈ កុំឲ្យមានជាតិពុល ជាពិសេស ការពារបរិស្ថាន ដើម្បីសុខភាពប្រជាជន ។
ឧបនាយករដ្ឋមន្ដ្រីក៏បានក្រើនរំលឹក ដោយតម្រូវឲ្យគ្រប់ការដ្ឋានសំណង់ទំាងអស់ ត្រូវមានវិស្វករប្រចាំការចំនួន២នាក់ក្នុងមួយការដ្ឋាន ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ ហើយបើសិនគ្មានវិស្វករ នៅប្រចាំការទេ ការដ្ឋាននោះនឹងប្រឈមការចុះបិទភ្លាមៗ។
សូមបញ្ជាក់ថា តាមច្បាប់នៃវិស័យសំណង់ គឺត្រូវធានានៅសុវត្ថិភាព និងភាពរឹងមាំសម្រាប់សំណង់ដែលត្រូវសាង់សង ដែលធានាផលប្រយោជន៍ជាបុគ្គល ធានាផលប្រយោជន៍សាធារណៈ៕

អត្ថបទដែលជាប់ទាក់ទង