ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ប្រចំាស្រុកថ្ពង រៀបចំវេទិកាសាធារណៈដោះស្រាយ ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ

50

វិទ្យុជាតិកម្ពុជា ៖ លោក ហុក សុខរិន
MC ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ប្រចំាស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានរៀបចំវេទិកាសាធារណៈប្រចំាខែរបស់ខ្លួន ដើម្បីស្វែងយល់ពីតម្រូវការនឹងដោះស្រាយទុក្ខកង្វល់នានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
វេទិកាសាធារណៈនេះបានប្រារព្ធឡើងនៅក្នុងបរិវេណវត្តជាតិការាម ហៅវត្តកន្សែងសំ ក្នុងឃុំអមលំាង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នំា ២០២០២ ដោយមានប្រជាលពលរដ្ឋចំនួនជិត ២០០ នាក់ ក្នុងនោះមានស្រ្តីចំនួនជាង ១០០ នាក់ បានចូលរួម ។
វេទិកាសាធារណៈនេះដឹកនំាដោយឯកឧត្តម ភោគ សុវណ្ណារិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានចុះស្រុកថ្ពង ដោយមានឯកឧត្តម លោកជំទាវជាអនុរដ្ឋលេខាធិការ មន្រ្តីមកពីក្រសួងមន្ទីរនៅថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុក និងឃុំ ព្រមទាំងមន្ត្រីយោធា រាជអាវុធហត្ថ និងនគរបាលស្រុកថ្ពង បានចូលរួមផងដែរ ។ នៅក្នុងវេទិកានេះ បញ្ហា និងសំនួរមួយចំនួនត្រូវបានដោះស្រាយ និងពន្យល់បកស្រាយ ភ្លាម ៗ ដោយមន្រ្តីជំនាញ ។ លោកវរសេនីយឯក ហ៊ុន សុខហុន ស្នងការស្រុកថ្ពង បានឡើងពន្យល់ពីបណ្តឹងរដ្ឋប្បវេនី និងបណ្តឹងព្រហ្មទណ្ឌក្នុងការដោះស្រាយទំនាស់ ជូនពលរដ្ឋបានជ្រាប ។ លោកក៏បានពន្យល់ពីនីតិវិធីនៃការធ្វើលិខិតអត្រានុកូលដ្ឋាន ដោយបានសំណូមពរឲ្យប្រជាពលរដ្ឋត្រូវមានលិខិតបទដ្ឋានស្របច្បាប់ ដែលនឹងជួយឲ្យការចេញលិខិតអត្រានុកូលដ្ឋានក៏ដូចជាសៀវភៅគ្រួសារបានងាយស្រួល និងឆាប់រហ័ស។
លោកស្នងការស្រុកថ្ពង បានសន្យានៅក្នុងវេទិកានោះថា ក្នុងរយៈពេលតែពីរម៉ោង មន្ត្រីរបស់លោកនឹងផ្តល់សេវាតាមសំណូមពររបស់ពលរដ្ឋ ដែលមានឯកសារគ្រប់គ្រាន់តម្រូវតាមផ្លូវច្បាប់ ។ ឯកឧត្តម ភោគ សុវណ្ណារិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានជំរាបវេទិកាសាធារណៈថា ដំណើរការផ្តល់សេវាឲ្យបានឆាប់រហ័សជូនពលរដ្ឋ ដូចលោកស្នងការបានសន្យា គឺជាសំណូមពររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដែលសម្តេចជានិច្ចជាកាលជំរុញឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវតែបំពេញសំណូមពរពលរដ្ឋឲ្យបានឆាប់រហ័ស ៕

អត្ថបទដែលជាប់ទាក់ទង