កម្ពុជា និង​ស៊ុយអ៊ែត មានផែនការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សព្វផ្សាយ

36

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ១៨ កុម្ភៈ ២០២០៖

កម្ពុជា ស៊ុយអ៊ែតមានផែនការពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យផ្សព្វផ្សាយ ដើម្បីអាចផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ដែលបំរើផលប្រយោជន៍ទាំងសងខាង។ 

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានបញ្ជាក់ថា រដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា ស៊ុយអ៊ែត ពិសេស ក្រសួងព័ត៌មាន នឹងមានកិច្ចសហប្រតិបត្តិការ បន្តទៅមុខទៀត ក្នុងការផ្សព្វផ្សាយ អំពីសិទ្ធិទទួលព័ត៌មាន ដើម្បីអោយរាល់កិច្ចការងារដំណើរការទៅបានល្អ។

ក្នុងឱកាស ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតអោយ ឯកឧត្តម Bjorn Haggmark ឯកអគ្គរដ្ឋទូត នៃស៊ុយអែត (Sweden) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ភាគីទាំងពីរបានពិភាក្សាផ្តោត ជាសំខាន់ ពាក់ព័ន្ធនឹងដំណើរការៀបចំ សេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធទទួលព័ត៌មាន ដែលរហូតមកដល់ពេលនេះ ក្រសួងព័ត៌មាន បាននឹងកំពុងពិនិត្យ ពិភាក្សាគ្នាជាមួយ ក្រសួងយុត្តិធម៌ ទៅលើបញ្ហានៃទោសបញ្ញាត្តិ អោយស្របទៅអ្វីនៃច្បាប់ ដែលមានជាធរមាន ។ 

ឯកឧត្តម ឯកអគ្គរដ្ឋទូត ប្រទេសស៊ុយអ៊ែត បានសំដែងការពេញចិត្ត និងកោតសរសើរ ចំពោះដំណើរការ នៃការរៀបចំតាក់តែង សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន នេះ ដែល មានការបើកទូលាយ អោយមានការចូលរួមជា មតិយោបល់ ពីគ្រប់ផ្នែកពាក់ពន្ធ័ ទាំងស្ថាប័ន ជាតិ និងអន្តរជាតិ ហើយឯកឧត្តម បានជូនពរអោយដំណើរការងាររៀបចំច្បាប់នេះ បាន ជោគជ័យ និងអនុវត្តន៍ទៅបានល្អ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងការអរគុណចំពោះរដ្ឋាភិបាលនៃប្រទេស ស៊ុយអ៊ែត ដែលបានគាំទ្រ និងផ្តល់នូវជំនួយ ទាំងផ្នែក បច្ចេកទេស និងហិរញ្ញវត្ថុ នៅក្នុង ដំណើរការកសាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន នៅកម្ពុជា ។ 

សូមបញ្ជាក់ថា ក្នុងកិច្ចពិភាក្សាការងារនេះដែរ ក៏មានការលើកឡើងនូវ បទពិសោធន៍ក៏ដូចជា ស្ថានភាព នៃការអនុវត្តវិជ្ជាជីវៈនៃ វិស័យ សារព័ត៌មាន នៃប្រទេសទំាងពីរ កម្ពុជា និង ស៊ុយអ៊ែត រួមជាមួយការធ្វើកិច្ចសហការគ្នា ក្នុងវិស័យព័ត៌មាននេះ កាន់តែល្អប្រសើរទៅមុខ ទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង