សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ​នៅប្រទេសកម្ពុជា

97

វិទ្យុជាតិកម្ពុជា​៖​ ដោយ​លោក​ ជៀង​ យ៉ា​រ៉េត​៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពី រសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០
បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេ រិកប្រចាំនៅប្រទេសកម្ពុជា នៅវិមានសន្តិភាព។
ឯកឧត្តមអ៊ាងសុផល្លែតជំនួយការផ្ទាល់សម្តេចតេជោហ៊ុនសែនបានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពីបញ្ចប់ជំនួបឲ្យដឹងថានៅក្នុងជំនួបនេះ ឯកឧត្តម Patrick Murphy បានជម្រាបជូន សម្ដេចតេជោនាយករដ្ឋមន្ត្រីថា ឯកឧត្តម បានធ្វើដំណើរទៅគ្រប់ទិសទីទាំងអស់ រួមទាំងខេត្តព្រះសីហនុ ព្រលានយន្តហោះ និងកន្លែងដទៃទៀត ហើយក៏បានទទួលនូវការស្វាគមន៍ និងការយកចិត្តទុកដាក់យ៉ាងខ្លាំងពីប្រជាពលរដ្ឋកម្ពុជា ជាពិសេសនៅក្នុងការចូលចតរបស់នាវាទេសចរណ៍ Westerdam ដែលមានភាគច្រើនជាជនជាតិអាមេរិចនៅក្នុងនោះ។ ឯកឧត្តមបានគោរពថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅជូនចំពោះសម្ដេចតេជោ ក៏ដូចជាប្រជាពល រដ្ឋកម្ពុជាទាំងមូល ដែលបានឆ្លើយតបយ៉ាងឆាប់ រហ័សជាទីបំផុត ក្នុងការទទួលឲ្យនាវាទេសចរ ណ៍ Westerdam បានចូលចតនៅខេត្តព្រះសី ហនុ ។ ឯកឧត្តម បានមានប្រសាសន៍ថា នេះជាកាយវិកា មនុស្សធម៌យ៉ាងពិតប្រាកដ ប្រសិនបើគ្មានការអនុញ្ញាតឱ្យចូលចតទេ នោះនឹងមានអ្វីដែលហៅថា វិបត្តិមនុស្សធម៌ជាមិនខាន។ ទន្ទឹមនឹងនោះ ឯកឧត្តម បានជម្រាបជូនសម្ដេចតេជោផងដែរថា នេះជាកាយវិការមនុស្សធម៌ពិតៗ របស់សម្តេចតេជោ គឺជាកាយវិការមនុស្សធម៌ នៅពេលដែលមនុស្ស កំពុងតែត្រូវការចាំបាច់ ហើយឯកឧត្តមក៏បានបញ្ជាក់ជម្រាបជូនសម្ដេចតេជោផងដែរថា ជាមួយនឹងកាយវិការនេះ ឯកឧ ត្តមក៏បានធ្វើការសហការជាមួយនឹងស្ថាប័នកម្ពុ ជា ជាពិសេសក្រសួងសុខាភិបាល ក្រសួង ទេស ចរណ៍ ក្រសួងសាធារណការ និងអាជ្ញាធរដែនដី គឺមានកិច្ចសហប្រតិបត្តិការល្អណាស់ ហើយអ្វីដែលជាកត្តាសំខាន់នោះគឺនៅពេលនេះយើងមានមូលដ្ឋានកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំជាមួយនឹងក្រសួងសុខាភិបាល ហើយឯកឧត្តម បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងបន្តសហការជាមួយនឹងកម្ពុជាបន្តទៀត។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរ គុណចំពោះពាក្យពេចន៍ដ៏ល្អប្រសើរ របស់ឯកឧត្ត ម Patrick Murphy ហើយសម្ដេចតេជោ បានមានប្រសាសន៍បន្ថែមថា អ្វីដែលកម្ពុជាធ្វើ គឺដើម្បីការងារមនុស្សធម៌សុទ្ធសាធ ពិសេសជាងនេះទៀតការងារដែលបានធ្វើនេះ គឺធ្វើដើម្បីបញ្ចៀសកុំឲ្យមានអ្វីដែលហៅថា វិបត្តិមនុស្សធម៌ ព្រោះថាប្រសិនណាបើនាវាទេសចរណ៍ Westerdam នេះ មិនត្រូវបានអនុញ្ញាតឱ្យចូលចតនៅកំពង់ផែខេត្តព្រះសីហនុទេ មិនដឹងថានាវានេះ ត្រូវបានទៅចូលចតនៅទីណាទេ ហើយម្យ៉ាងទៀតប្រសិនបើមានអ្វីកើតឡើងនៅលើនាវានោះ អ្នកដំណើរពិតជាមានបញ្ហាជាមិនខាន។ ជាមួយគ្នានេះផងដែរ សម្ដេចតេជោបានបញ្ជាក់ផងដែរថា កាយវិការរបស់កម្ពុជានៅពេលនេះ បើទោះបីនាវាទេសចរណ៍ Westerdam មានអ្នក ជំងឺក្ដី ក៏កម្ពុជានៅតែឲ្យចូលចតនៅកម្ពុជាដែរ ហើយកាន់តែឱ្យចូលចតកាន់តែលឿនបំផុតទៀតផង ព្រោះថាដើម្បីធ្វើយ៉ាងណាជួយសង្គ្រោះអ្នកជំងឺនៅលើកនាវាទេសចរណ៍នេះ ហើយក៏ដូចជាជួយសង្គ្រោះប្រជាពលរដ្ឋ ដែលនៅក្នុងនាវានោះមិនឲ្យឆ្លងពីអ្នកជំងឺដែលមានមេរោគ Covid-19។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តថា សម្ដេចបានចុះទៅដល់ខេត្តព្រះសីហនុ និងបានទៅកន្លែងនាវាចូលចត សម្ដេចតេជោពិតជាមានក្ដី សង្វេគចិត្តខ្លាំងណាស់ ពេលឃើញអ្នកដំណើរចុះមកពីនាវា ដោយទឹកមុខរីករាយ ហើយខ្លះ ទៀត បានឱនលុតជង្គង់ទៅដី ដែលនោះគឺជាកាយវិកាមួយដែលធ្វើឱ្យសម្ដេចតេជោមានភាពតក់ស្លុតបំផុត ហើយអ្វីដែលជាកត្តាសំខាន់ពីរនោះទៀត គឺសម្ដេចតេជោបានមានប្រសាសន៍ថា អ្នកដំណើរតាមនាវាភាគច្រើនបានចេញពីកម្ពុជាទៅហើយ ដោយមិនមានផ្ទុកមេរោគអ្វីសោះឡើយ លើកលែងតែអ្នកដំណើរម្នាក់ដែលឆ្លង កាត់ប្រទេសម៉ាឡេស៊ី ដែលរដ្ឋាភិបាលម៉ាឡេស៊ី  និងសុខាភិបាលម៉ាឡេស៊ី បានបញ្ជាក់ថាមានជំងឺនេះ ប៉ុន្តែអ្វីយ៉ាងណាក៏ដោយ ក៏កម្ពុជាស្នើសុំឲ្យពិនិត្យឡើងវិញដែរ ថាតើពិតជាមានមែនឬអត់? ព្រោះថាអ្នកដំណើរនៅកម្ពុជាទាំងប៉ុន្មាន ដែលបានធ្វើតេស្តកន្លងមក គឺមិនមានមេរោគ Covid-19 ទេ ហើយអ្នកដំណើរដែលបានទៅដល់ប្រទេសថៃ ក៏ខាងរដ្ឋាភិបាលថៃ និងក្រសួងសុខាភិបាលថៃ បញ្ជាក់ថា មិនមានជំងឺនេះផងដែរ។ ម្យ៉ាងទៀតថ្មីៗនេះអ្នកធ្វើការនៅលើកប៉ាល់ ដែលជាជនជាតិឥណ្ឌូនេស៊ី ប្រមាណ ២៦៣នាក់ ក៏ត្រូវបានរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ី ប្រកាសថាមិនមានជំងឺនេះដែរ៕

អត្ថបទដែលជាប់ទាក់ទង