ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អះអាងថា ការប្រារព្ធបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង នឹងបង្ហាញពីសហក្តានុពលរបស់ខេត្តមួយនេះ នៅលើឆាកអន្តរជាតិ

93

វិទ្យុជាតិកម្ពុជា៖លោកស្រី ធីណា ឌីណេ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អះអាងថា ការប្រារព្ធបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង នឹងបង្ហាញពីសក្តានុពលរបស់ខេត្តមួយនេះ នៅលើឆាកអន្តរជាតិ ខណះខេត្តនេះ សំបូរទៅដោយតំបន់ទេសចរណ៍បេតិកភណ្ឌ ដែលគ្រោងដាក់បញ្ជូលក្នុងបញ្ជីរអង្គការ UNESCO។

  យោងតាមសារលិខិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ   មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរពិធីបុណ្យទន្លេលើកទី៦ ដែលប្រារព្ធធ្វើនៅខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ ក្រោមប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព » បានបញ្ជាក់ថា ការរៀបចំពិធីបុណ្យទន្លេលើកទី៦ ឆ្នាំ ២០២០ខេត្តបាត់ដំបងនេះ គឺមានលក្ខណៈកាន់តែវិសេសវិសាល ដោយសារតែខេត្តបាត់ដំបងត្រូវបានចាត់ទុកជាជម្រុកស្រូវរបស់ប្រទេសកម្ពុជា ជាទីក្រុងបេតិកភ័ណ្ឌ ដែលគ្រោងដាក់បញ្ចូលក្នុងបញ្ជីអង្គការយូណេស្កូ(UNESCO) មានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់គ្រប់គ្រាន់ ជាទីក្រុងបណ្ដុំទៅដោយម្ហូបអាហារឆ្ងាញ់ៗនិងប្លែកៗ មានចម្ការទំពាំងបាយជូរ និងសម្បូរទៅដោយរមណីយដ្ឋានជាច្រើនទាំងទេសចរណ៍បេតិកភណ្ឌ សំណង់បុរាណ ផ្ទះបុរាណអាយុជាង ១០០ឆ្នាំ សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បន្ទាយសត្វស្លាបព្រែកទាល់ និងជាគោលដៅកសិ-ទេសចរ និងទេសចរណ៍ធម្មជាតិជាច្រើនកន្លែងទៀត។  

សារលិខិតដដែល បានបន្តទៀតថា ព្រឹត្តិការណ៍នេះ ក៏ជាឱកាសមួយដើម្បីពង្រឹងគុណភាពសេវាកម្ម និងបង្កើតការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ប្រកបដោយការច្នៃប្រឌិតខ្ពស់ ជាពិសេសទេសចរណ៍តាមនាវា(River-Cruise) សហគមន៍ទេសចរណ៍តាមដងទន្លេ។ ព្រឹត្តិការណ៍នេះ ក៏នឹងរួមចំណែកជំរុញការតភ្ជាប់ចំណងមិត្តភាព សាមគ្គីភាព រវាងបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និងបានពង្រឹងភាពជាដៃគូ ក្នុងក្របខណ្ឌតំបន់នានា ដូចជាក្របខណ្ឌCLMV ក្របខ័ណ្ឌមហាអនុតំបន់មេគង្គ(GMS) មេគង្គ-ជប៉ុន មេគង្គ-ឡានឆាង មេគង្គ-កូរ៉េ និងមេគង្គ-គង្គាជាដើម។

ភាពសម្បូរបែបនៃសក្តានុពលទេសចរណ៍តាមដងទន្លេមេគង្គ បាននិងកំពុងរួមចំណែកធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ប្រកបដោយឧត្ដមភាព និងភាពទាក់ទាញខ្ពស់ និងចូលរួមចំណែកសម្រេចចក្ខុវិស័យអាស៊ានជាគោលដៅទេសចរណ៍លំដាប់ថ្នាក់ពិភពលោក និងប្រកបដោយភាពកក់ក្តៅ «ASEAN the World -Class Destination» និង« ASEAN: Feels the Warmth» ស្របពេលដែលទេសចរណ៍តាមដងទន្លេ ជាពិសេសទេសចរណ៍តាមដងទន្លេមេគង្គ បានក្លាយជាផលិតផលទេសចរណ៍សំខាន់មួយសម្រាប់កម្ពុជាក៏ដូចជាតំបន់អាស៊ាន។

សារលិខិតដដែលបានបញ្ជាក់ទៀតថា ការប្រារព្ធពិធីបុណ្យទន្លេនេះ នឹងក្លាយជាកាលានុវត្តភាពដ៏ប្រសើរថ្មីមួយទៀត ក្នុងការធ្វើឲ្យកម្ពុជាក្លាយជាគោលដៅ ទេសចរណ៍ប្រកបដោយគុណភាព ដែលជាកត្តាចូលរួមចំណែកក្នុងការផ្តល់ចំណូល ការបង្កើនការងារ និងការចូលរួមកាត់បន្ថយភាពក្រីក្រជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ពិសេសចូលរួមចំណែកធ្វើឲ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ របស់អង្គការសហប្រជាជាតិ និងកម្ពុជា សំដៅបង្កើនស្មារតីស្រឡាញ់ជាតិមាតុភូមិ សាមគ្គីភាព និងមិត្តភាពផងដែរ៕

អត្ថបទដែលជាប់ទាក់ទង