ក្រសួងអភិវឌ្ឍន៍ជនបទព្រួយបារម្ភថា ប្រជាពលរដ្ឋនៅជនបទអាចនឹងប្រឈមការខ្វះខាតទឹកប្រើប្រាស់ធ្ងន់ធ្ងរនៅរដូវប្រាំង

46

វិទ្យុជាតិកម្ពុជា៖ លោក ជួន បូណា

MC៖មន្រ្ដីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ បានបង្ហាញការព្រួយបារម្ភថានៅពេលមានការប្រែប្រួលអាកាសធាតុប្រជាពលរដ្ឋរស់នៅតាមជនបទអាចនឹងប្រឈមការខ្វះខាតទឹកប្រើប្រាស់និងប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។

ឯកឧត្ដម ជ្រុន ថេរ៉ារ៉ាត់ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានជំរុញឱ្យមន្រ្ដីជំនាញ និងអ្នកពាក់ព័ន្ធត្រូវបង្កើនការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅទូទាំងប្រទេសឱ្យបាន៩០ភាគរយនៅឆ្នាំ២០២៣ និងឈានទៅសម្រេចគោលដៅឱ្យបាន១០០ភាគរយនៅឆ្នាំ២០២៥ខាងមុខនេះ។
ថ្លែងក្នុងពិធីអង្គវិបស្សនាក្រុមការងារការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទកាលពីរសៀលថ្ងៃទី ២១ ខែកុម្ភៈ នៅខេត្ដស្វាយរៀង ឯកឧត្ដមអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា ការជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនេះ ដោយសាររដូវប្រាំងវានឹងអូសបន្លាញយូរទម្រាំតែមានភ្លៀងធ្លាក់ ហើយកំដៅកាន់តែកើនឡើងធ្វើឱ្យបណ្ដាខេត្ដជាង១០អាចប្រឈមនឹងហានិភ័យខ្ពស់ ក្នុងការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ។
ឯកឧត្ដមបន្ដថា វិស័យទឹកស្អាត និងអនាម័យនេះ បានដើតួនាទីយ៉ាងសំខាន់ធានាសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅតាមជនបទ និងកាត់បន្ថយភាពក្រីក្រយ៉ាងមានប្រសិទ្ធភាព។
ជាមួយគ្នានេះ ឯកឧត្ដម បានស្នើឱ្យក្រុមជំនាញវិស័យទឹកស្អាត និងអនាម័យ បន្ដផ្គត់ផ្គង់ទឹកស្អាតនៅជនបទ អនាម័យជនបទ ជាពិសេសលុបបំបាត់ចោលការបន្ទោបង់ពាសវាលពាសកាល ពង្រីកកិច្ចសហប្រតិបត្ដិការជាមួយដៃគូរអភិវឌ្ឍន៍នានា និងបណ្ដាប្រទេសជាមិត្ដ ដើម្បីគៀគរហិរិញ្ញវត្ថុ បច្ចេកទេស ក៏ដូចជាធ្វើកំណែទម្រង់ផ្សេងៗ អនុវត្ដឱ្យបានឱ្យកាន់តែសកម្មបន្ថែមទៀត នៅក្នុងយុទ្ធសាស្រ្ដចតុកោណដំណាក់ទី៤ របស់រាជរដ្ឋាភិបាល និងបន្ដអនុវត្ដកម្មវិធីវិបស្សនា watersan បន្ថែមទៀត។
លោក ស្រ៊ុន ពុទ្ធី ប្រធានក្រុមការងារ watersan និងជាប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ បានលើកឡើងថា មន្រ្ដីជំនាញ និងក្រុមការងារនៃអង្គការដៃគូរ បានបន្ដសហការគ្នាយ៉ាងផុលផុស ដើម្បីចុះសិក្សាស្រាវជ្រាវ ដើម្បីធ្វើយ៉ាងណាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅតាមជនបទឱ្យមានភាពជោគជ័យតាមផែនការកំណត់របស់រាជរដ្ឋាភិបាល ដែលកំណត់ថាឆ្នាំ២០២៥ប្រជាពលរដ្ឋនៅតាមជនបទមានទឹកស្អាត និងអនាម័យបានប្រើប្រាស់គ្រប់ៗគ្នា។
លោកបន្ដថា ADB បានផ្ដល់ថវិកាប្រមាណ១៥លានដុល្លារ ដែលតម្រូវឱ្យម្រ្ដីជំនាញ និងអង្គការដៃគូ រួមគ្នាធ្វើការតែមួយ ដើម្បីបង្កើនភាពជោគជ័យលើវិស័យទឹកស្អាត និងអនាម័យនៅជនបទ។
ពាក់ព័ន្ធនឹងបញ្ហាទឹកស្អាត និងអនាម័យនេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា កាលពីថ្មីៗនេះ បានឱ្យដឹងថា តាមការព្យាករណ៍ ឆ្នាំ២០២២ ប្រទេសកម្ពុជានឹងមានឤកាសធាតុក្តៅហួតហែង ហើយការមកដល់នៃរដូវវស្សានឹងមានសភាពយឺតយ៉ាវជាងសព្វដង ។ ដូច្នេះ ក្រសួង-ស្ថាប័នញក់ព័ន្ធ និងឤជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវធ្វើការត្រួតពិនិត្យ វាយតម្លៃអំពីប្រភពទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ ដោយផ្អែកតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការចាត់វិធានការថែរក្សាទឹកទុក ដើម្បីត្រៀមលក្ខណៈជួយអន្តរាគមន៍ដោះស្រាយទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលខ្វះខាតទឹកប្រើប្រាស់ឱ្យបានទាន់ពេលវេលា និងចូលរួមបង្ការទប់ស្កាត់ភ្លើងឆេះព្រៃ ព្រមទាំងការបង្ការជំងឺដម្កាត់នានានៅក្នុងរដូវប្រាំងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង