និស្សិតសាកលវិទ្យាល័យស្វាយរៀងទស្សនកិច្ចសិក្សានៅអាជ្ញាធរជាតិអប្សរា

85

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមនិស្សិតនៃសាកលវិទ្យាល័យស្វាយរៀងដែលសរុបប្រមាណជាង១០០នាក់ បានមកទស្សនកិច្ចសិក្សានៅស្នាក់ការអាជ្ញាធរជាតិអប្សរាដើម្បីសិក្សាស្វែងយល់ពីការងារទូទៅ ពិសេសកិច្ចការអភិរក្សនិងគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ។

លោក ភ័ន ផល្លា ប្រធាននាយកដ្ឋានរដ្ឋបាល បុគ្គលិក និងសម្ភារ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះក្រុមនិស្សិតនិងគណៈប្រតិភូសាកលវិទ្យាល័យស្វាយរៀង។ លោកបានមានប្រសាសន៍ថា ទស្សនកិច្ចនាពេលនេះគឺប្រព្រឹត្តទៅស្របពេលដែលអាជ្ញាធរជាតិអប្សរាកំពុងប្រារព្ធពិធីរំលឹកខួប២៥ឆ្នាំរបស់ខ្លួន។ ជាមួយគ្នានេះដែរ លោកបានអញ្ជើញនិស្សិតទាំងអស់ទស្សនាការតាំងពិព័រណ៍រូបភាពស្តីពីសមិទ្ធផលការងាររបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជាស្វែងយល់ពីកិច្ចការមួយចំនួនទៀតដែលមានបង្ហាញនៅតាមស្ដង់នីមួយៗដែលស្ថិតនៅមុខប្រាសាទអង្គរវត្ត។

ក្នុងទស្សនកិច្ចខាងលើនេះដែរ អាជ្ញាធរជាតិអប្សរាក៏មានការធ្វើបទបង្ហាញទាក់ទងនឹងការងារគ្រប់គ្រងទូទៅ បទបង្ហាញពីកិច្ចការអភិរក្ស ជួសជុល និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ក៏ដូចជាការងារគ្រប់គ្រងទេសចរណ៍ ដែលមាននាយកដ្ឋានជំនាញឡើងធ្វើបទបង្ហាញទៅកាន់ក្រុមនិស្សិតនៃសាកលវិទ្យាល័យស្វាយរៀង៕

ប្រភពអត្ថបទ៖ យី សុថា
រូបភាព៖ ហ៊ី ម៉េង ស្រៀង

អត្ថបទដែលជាប់ទាក់ទង