អាជ្ញាធរជាតិអប្សរាបន្តអបអរសាទរខួប២៥ឆ្នាំដោយធ្វើបទបង្ហាញនិងតាំងពិព័រណ៍រូបភាពនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន

105

វិទ្យុជាតិកម្ពុជាៈ លោកចេម ហួត

          ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរាបន្តអបអរសាទរខួប២៥ឆ្នាំដោយធ្វើបទបង្ហាញនិងតាំងពិព័រណ៍​​រូបភាពនៅ​មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីវិស័យបេតិកភណ្ឌ ក៏ដូចជាការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវរាល់ការងារសំខាន់ៗនិងសមិទ្ធផលក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ។

 

អាជ្ញាធរជាតិអប្សរានឹងសហការជាមួយក្រុមហ៊ុនផ្កាឈូកនិងមូលនិធិផ្កាឈូក ដើម្បីរៀបចំតាំងពិព័រណ៍រូបភាព​​ជាសាធារណៈស្តីពីការងារសំខាន់ៗនិងសមិទ្ធផលជាច្រើនដែលសម្រេចបាននាពេលកន្លងមក នៅមជ្ឈមណ្ឌល​សហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដែលស្ថិតក្នុងបរិវេណវិទ្យាស្ថានភាសារបរទេសនាថ្ងៃទី២៩ ខែកុម្ភៈឆ្នាំ ២០២០​ចាប់ពីម៉ោង៨:៣០នាទីព្រឹក រហូតដល់ម៉ោង៥:៣០នាទីល្ងាច។

 

ទន្ទឹមនឹងពិព័រណ៍រូបថត អាជ្ញាធរជាតិអប្សរាក៏នឹងរៀបចំធ្វើបទបង្ហាញគន្លឹះមួយ​​ចំនួនពាក់ព័ន្ធនឹងដំណើរ​ការអាជ្ញាធរ​ជាតិអប្សរា ការគ្រប់គ្រងនិងអភិវឌ្ឍវិស័យទេសចរណ៍ ការគ្រប់គ្រងនិងរៀបចំលំនៅ​ដ្ឋានក្នុងរមណីយ​​ដ្ឋានអង្គរ ការចូលរួមរបស់ព្រះសង្ឃក្នុងកិច្ចការពារបេតិកភណ្ឌ ការលើកតម្លៃជាសាកល​​នៃរមណីយដ្ឋានអង្គរ  និងជាពិសេស ការចាត់ចែងទឹកពីបុរាណ ការបាត់បង់និងការអញ្ជើញ​​ព្រលឹងទឹកមកសណ្ឋិត​វិញ ដែលបទបង្ហាញទាំងនេះនឹងធ្វើឡើងដោយថ្នាក់ដឹកនាំ​​អាជ្ញាធរជាតិអប្សរា​​និងអ្នកជំនាញផ្សេងៗទៀត។

ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាសូមគោរពអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ព្រះសង្ឃ អ្នកសារព័ត៌មាន សិស្ស និស្សិត អ្នកស្រាវជ្រាវ ដែលមានបំណងចង់សិក្សាស្វែងយល់ពីអាជ្ញាធរជាតិអប្សរាក្នុងកិច្ចការគ្រប់គ្រងនៅរមណីយដ្ឋានអង្គរ ចូលរួមឱ្យបានច្រើនកុះករ៕

អត្ថបទដែលជាប់ទាក់ទង