ក្រសួងព័ត៌មាន នឹងបញ្ជូនមន្រ្តីវ័យក្មេងឲ្យទៅរៀននៅក្រៅប្រទេស ដើម្បីបង្កើនសមត្ថភាពការងារ

159

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ២៦ កុម្ភៈ ២០២០៖

ក្រសួងព័ត៌មាន នឹងបើកវគ្គបណ្តុះបណ្តាល និងបញ្ជូនមន្រ្តីវ័យក្មេងឲ្យទៅរៀននៅក្រៅប្រទេសបន្ថែមទៀត ដើម្បីបង្កើនចំណេះដឹង និងសម្ថភាព គ្រប់គ្រាន់ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ស្របពេលដែលប្រទេសមានសន្ដិភាព។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖
ថ្លែងក្នុងពិធីអធិបតីបិទវគ្គអប់រំផ្សព្វផ្សាយ ពីសុខភាពស្ត្រីក្រោម ប្រធានបទ «ការយល់ដឹងពីមហារីកមាត់ស្បូន និងជំងឺពុកឆ្អឹងចំពោះស្ត្រីអស់រដូវ» ជូនដល់មន្ត្រីរាជការជាស្ត្រី នៃក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈនេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានបញ្ជាក់ថា ការអភិវឌ្ឍផ្នែកសមត្ថភាព និងធនធានមនុស្ស គឺជាភារកិច្ចចាំបាច់បំផុត សម្រាប់ស្ថាប័នជាតិ និងឯកជន ព្រោះបើមានមន្ត្រីរាជការវ័យក្មេង ដែលមានចំណេះដឹងគ្រប់គ្រាន់ ទាំងផ្នែកទ្រឹស្តី និងការអនុវត្ត ធ្វើឲ្យការងារមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម បន្ថែមថា ការបង្កើតវគ្គបណ្តុះបណ្តាល គឺបានផ្តល់ឱកាសជាច្រើន សម្រាប់មន្ដ្រី វ័យក្មេង ក្នុងការសិក្សានូវចំណេះដឹង និងបទពិសោធន៍ ដើម្បីជាចំណេះដឹងបន្ថែម ក្នុងការអភិវឌ្ឍ និងការទទួលខុសត្រូវ ។
សំឡេង៖ “យើងត្រូវតែមានការយល់ដឹងពីសង្គម អំពីច្បាប់។ ខ្ញុំគិតថាកន្លងមកនេះ ក្រសួងយើងមានរៀបចំសិក្ខាសាលាច្រើនទៀត ដើម្បីទាំងនារី ទាំងបុរស យល់អំពីការងារមួយចំនួន ដែលជាការចាំបាច់ក្រៅអំពីមុខជំនាញ ដែលយើងធ្វើការជាមួយក្រសួង គឺការងារសង្គម ការងារច្បាប់។ កន្លងមកយើងប្រុងនឹងបើកវគ្គច្រើន ដើម្បីបើកវគ្គទីពីរ បីទៀត គឺវាអាស៊ាន ដើម្បីយើងបានមន្ត្រីវ័យក្មេងក្រោយនេះ ដើម្បីបញ្ជូន។ ឥឡូវយើងប្រជុំអាស៊ានច្រើន ប្រជុំអន្តរជាតិច្រើន ចាត់ឲ្យមន្ត្រីក្មេងៗក្រោយនេះ បញ្ជូនទៅប្រជុំអាស៊ានច្រើន ប្រជុំអន្ដរជាតិច្រើន ចាត់មន្ត្រីក្មេងៗ ចេញមុខទៅក្នុងពេលប្រជុំជាមួយគេ បន្ថែមបង្កើនការយល់ដឹង។ ដូច្នេះយើងមានច្បាប់អំពីអាស៊ាន រៀនអំពីបញ្ហាច្រើនណាស់ ដែលយើងអាចចូលរួម”។
ឯកឧត្តម បានបញ្ជាក់ថា មិនត្រឹមតែមានការបើកវគ្គបណ្តុះបណ្តាល និងការបញ្ជូនមន្រ្តី វ័យក្មេង ឲ្យចូលរួមប្រជុំទេ ថែមទាំងមានវគ្គសិក្សានៅក្រៅប្រទេសបន្ថែមទៀត ដើម្បីផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក៕

អត្ថបទដែលជាប់ទាក់ទង