ឯកឧត្តមឃួង ស្រេង អំពាវនាវដល់ប្រជាពលរដ្ឋត្រូវជឿជាក់លើប្រភពព័ត៌មានច្បាស់ការ​ ពីរដ្ឋបាលរាជធានីភ្នំពេញ

60

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជម្រាបជូន បងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញទាំងអស់ សូមអោយមានជំនឿជឿជាក់ លើរដ្ឋបាលរាជធានីភ្នំពេញ ហើយអ្វីៗទាំងអស់ ដែលជាព័ត៌មាន សូមឲ្យស្តាប់ការប្រកាសព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ផេកផ្លូវការហ្វេសប៊ុក ប្រព័ន្ធព័ត៌មាន ដែលចុះហត្ថលេខា ឬក៏ត្រាត្រឹមត្រូវ របស់រដ្ឋបាលរាជធានីភ្នំពេញ” ។
ការអំពាវនាវរបស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញនាពេលនេះបានធ្វើឡើង ខណៈដែរប៉ុន្មានថ្ងៃនេះ មានគេបំប៉ោងព័ត៌មានមិនពិតជាច្រើនដូចជាការបិទខណ្ឌបឹងកេងកង មិនអោយជុំបរទេសឆ្លងកាត់ ឬចេញចូលជាដើម។ ពាក់ព័ន្ធនឹងករណីនេះឯកឧត្តម ចង់បញ្ជាក់ ដល់បងប្អូនក្នុងរាជធានីថា អ្វីៗត្រូវមានជំនឿជឿជាក់ ច្បាស់លាស់ ហើយកុំជឿ នៅលើប្រព័ន្ធផ្សព្វផ្សាយ ដែលមិនមានការទទួលខុសត្រូវ ឬមិនមានអត្តសញ្ញាណ ច្បាស់លាស់” ។
ឯកឧត្តមបានបន្ថែមថា សម្រាប់បណ្តាញសង្គម ដែលច្រើនតែបំប៉ោង ពាក្យមិនពិតប្រាកដនេះ សូមអោយពិចារណា ព្រឹត្តិការណ៍នេះ មុននឹងជឿសូមសួរគ្នា អោយបានច្បាស់លាស់ ។ គឺមានមាន Hotline នៅក្នុងរាជធានីភ្នំពេញ ទាក់ទងទៅនឹងរឿង កូវីដ-១៩ (Covid-19) ក៏យើងអាចទទួលយក ដើម្បីពិភាក្សា និងបញ្ជូនបងប្អូន ទៅរកទីតាំង ដើម្បីព្យាបាល ឬក៏ទីតាំងពិនិត្យជំងឺ ឬក៏អាចសួរ Hotline នូវព័ត៌មាន ដែលបងប្អូនមានចម្ងល់ ។ សូមអោយបងប្អូន ធ្វើតាមរយៈនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏អាចទទួលព័ត៌មានផ្ទាល់ នៅក្នុងរដ្ឋបាលយើងតែម្តង ចំពោះព័ត៌មាន ដែលបងប្អូន ចង់ជ្រាប ចង់ដឹង ពីបញ្ហាផ្សេងៗ។

ឆ្លើយតបនឹងផែនការយុទ្ធសាស្ត្រ ក្នុងការទប់ស្កាត់ ការរីករាលដាល នៃវីរុសកូវីដ-១៩ នៅរាជធានីភ្នំពេញ ត្រូវបានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា “តាមការណែនាំ របស់រាជរដ្ឋាភិបាល ក៏ដូចជាសម្តេចតេជោ នាយករដ្ឋមន្ត្រី គឺបានប្រកាសបិទ KTV (Karaoke Television) បិទ Concert ធំៗ (ការប្រគំតន្ត្រី) ការជួបជុំគ្នាដែលមានមនុស្សច្រើន។
ដោយឡែកនៅថ្ងៃ២៥ខែមីនានេះ ក៏មានគោលការ ពីសម្តេច ឲ្យផ្អាក បៀកាឌិន ទីតាំងមានលក់ម្ហូបអាហារ មានភ្លេងកំដរ ដែលអាចជួបជុំមនុស្សច្រើន ដែលបង្កទៅជាហានិភ័យ ដល់ប្រជាពលរដ្ឋ ។ ចំណុចនេះ ថ្នាក់ដឹកនាំ បានគិតគូរទៅលើសុខុមាលភាព របស់ប្រជាពលរដ្ឋ ព្រោះខ្លាចមានការឆ្លង ដែលមិនអាចគ្រប់គ្រងបាន ។ យើងបានដឹងទាំងអស់គ្នាហើយថា ជំងឺនេះ កិច្ចការការពារអនាម័យ ហើយរស់នៅដាច់ពីគ្នា កុំគៀកគ្នាពេក កុំអោយជួបជុំគ្នាច្រើនញឹកញ៉ាប់ ដែលយើងអាចបង្កាទប់ស្កាត់ កុំអោយជំងឺនេះ រីករាលដាលបាន ព្រោះយើងមិនដឹងថា អ្នកណា មានជំងឺ អ្នកណាគ្មានជំងឺ ដូច្នេះការផ្តាច់ពីគ្នានេះ ជាមធ្យោបាយល្អមួយ ដែលមានការណែនាំ ពីក្រសួងសុខាភិបាលរបស់យើង” ។
ឯកឧត្តមអភិបាលបានលើកទឹកចិត្ត បន្តការលក់ដូរនៅតាមផ្សារ ដើម្បីឲ្យប្រជាពលរដ្ឋរបស់យើង អាចប្រកបជីវភាពប្រចាំថ្ងៃបាន ប្រសិនបើយើងផ្អាកផ្សារ យើងអាចទៅអ្វីហូបនៅឯណាបាន? នេះជាបញ្ហាដែលយើងត្រូវគិតគូរ ដូច្នេះហើយយើងនៅតែលើកទឹកចិត្ត អោយផ្សារ ត្រូវតែនៅដំណើរការ” ។

អត្ថបទដែលជាប់ទាក់ទង