ជប៉ុនកំពុងសម្លឹងមើលទីផ្សារពលកម្មនៅកម្ពុជា ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារក្នុងប្រទេសរបស់ខ្លួន

146

វិទ្យុជាតិកម្ពុជា ៖លោក ជួន បូណា៖

ប្រទេសជប៉ុនកំពុងសម្លឹងមើលទីផ្សារ ពលកម្មនៅកម្ពុជា ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារក្នុងប្រទេសរបស់ខ្លួន ខណៈប្រទេសជាមិត្តរបស់កម្ពុជាមួយនេះ មានគម្រោងត្រូវការជ្រើសរើសពលករជំនាញពីបរទេសលើផ្នែកថែទាំងអគារ សំណង់ដល់ទៅប្រមាណ ៣០,០០០នាក់ នាពេលខាងមុខនេះ។
ក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងការងារ លោក ហ៊ីរ៉ូស្ស៊ី ហូរីហ្គូឈិ (Hiroshi HORIGUCHI) នាយកគ្រប់គ្រងសមាគមថែទាំអគារជប៉ុន បានលើកឡើងថា ដោយសារប្រទេសជប៉ុនកំពុងជួបប្រទះនឹងបញ្ហាកំណើនមនុស្សចាស់កើនឡើងខ្ពស់ រីឯកម្លាំងពលកម្មពេញវ័យ កំពុងមានកំណើនយឺតនោះ បានធ្វើឱ្យមានការប្រឈមនឹងកង្វះកម្លាំងពលកម្ម ជាមួយគ្នានេះ ការងារលើជំនាញថែទាំអគារនេះក៏អាចនឹងជួបបញ្ហាដូចគ្នាដែរ។ ដូច្នេះហើយបានជាសមាគមរបស់លោក ត្រូវការជ្រើសរើសកម្លាំងពលកម្មពីក្រៅប្រទេសយកទៅបំពេញការងារក្នុងប្រទេសខ្លួន។ លោកបញ្ជាក់ថា ជំនាញថែទាំអគារនេះមានតម្រូវការដល់ទៅប្រមាណ ៩០ម៉ឺននាក់ ក្នុងនោះ ត្រូវការកម្លាំងពលកម្មពីក្រៅប្រទេសប្រមាណ ៣០,០០០នាក់។លោក ហ៊ីរ៉ូស្សី បានបញ្ជាក់ទៀតថា កន្លងទៅ សមាគមរបស់លោកបានជ្រើសរើសពលករជំនាញពីប្រទេសមីយ៉ាន់ម៉ា និងប្រទេសហ្វីលីពីន ប៉ុន្តែនៅឆ្នាំបន្ទាប់ទៅនេះ សមាគមរបស់លោកមានបំណងជ្រើសរើសពលករជំនាញពីប្រទេសកម្ពុជាវិញម្ដង។
ជាការឆ្លើយតប ឯកឧត្តម អ៊ិត សំហេង បានគាំទ្រចំពោះគំរោងនេះ ដោយបានប្រគល់ការងារទៅឱ្យអគ្គនាយកដ្ឋានបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ និងអគ្គនាយកដ្ឋានការងារ សហការជាមួយសមាគមថែទាំអគារជប៉ុនឱ្យបានជិតស្និទ្ធ និងសហការជាមួយក្រុមហ៊ុនភ្នាក់ងារបញ្ជូនពលកររបស់កម្ពុជា ដើម្បីប្រកាសជ្រើសរើស បណ្ដុះបណ្ដាលភាសាជប៉ុន និងជំនាញ ដើម្បីបញ្ជូនពលករទៅធ្វើការនៅប្រទេសជប៉ុន ។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យខាងជប៉ុនបង្កើនការទទួលពលករពីកម្ពុជាឱ្យបាន ១០០,០០០នាក់ សម្រាប់រយៈពេលខាងមុខបន្តទៀត ពីព្រោះកម្ពុជាមានសក្ដានុពលកម្លាំងពលកម្មច្រើន ។
សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាបានបញ្ជូនកម្មសិក្សាការី និងពលករជំនាញទៅប្រទេសជប៉ុនប្រមាណជិត ១៥,០០០នាក់ ក្នុងវិស័យកសិកម្ម នេសាទ សំណង់ កែច្នៃចំណីអាហារ កាត់ដេរ ថែទាំមនុស្សចាស់ គ្រឿងយន្ត-លោហធាតុ និងវិស័យផ្សេងៗទៀត ។

អត្ថបទដែលជាប់ទាក់ទង