ក្រសួងប្រៃសណីយ៍បង្កើនការប្រុងប្រយ័ត្ននិងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដល់មន្ត្រីក្រោមឱវាទ

122

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៦ ០៣ ២០២០

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្កើនការប្រុងប្រយ័ត្ននិងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ដល់មន្ត្រីក្រោមឱវាទ តាមរយៈជំរុញឱ្យមន្ត្រីធ្វើការតាមអនឡាញ និងកាត់បន្ថយមកធ្វើការជុំគ្នាច្រើន ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានក្រើនរំលឹក និងដាក់ចេញនូវវិធានការបន្ទាន់ដល់គ្រប់ថ្នាក់ដឹកនាំក្រសួង និងបុគ្គលិកមន្ត្រីរាជការទាំងអស់នៃអគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន វិទ្យាស្ថាន និងបណ្តាអង្គភាពនានា ចំណុះក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវសហការអនុវត្តឱ្យបានខ្ជាប់ខ្លួនពីវិធានការនានាដែលមានស្រាប់ដូចជា ច្រកចេញ-ចូលរបស់អង្គភាពចំណុះក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ទាំងអស់ ទាំងក្នុងទីស្តីការក្រសួង ត្រូវបិទជាបណ្តោះអាសន្ន ដោយរក្សាទុកតែច្រកធំអគារ A ខាងមុខជាន់ផ្ទាល់ដី និងអគារ B ជាន់ផ្ទាល់ដីផ្នែកខាងមុខអគារ Aសម្រាប់ដំណើរការ ។ 

ចំពោះសន្តិសុខ ឬមន្ត្រីប្រចាំការនៅច្រកចេញចូល ត្រូវស្កេនវាស់កំដៅនូវរាល់អ្នកចេញចូលទាំងអស់ជាប្រចាំ ទាំងពេលចូលនិងពេលចេញទៅវិញ និងតម្រូវឱ្យលាងសម្អាតដៃជាមួយទឹកអាកុលឬជែល ដោយគ្មានការលើកលែងជាដាច់ខាត ។ ក្នុងករណីដែលបានពិនិត្យឃើញថា ជនណាមានកម្តៅចាប់ពី ៣៧,៥អង្សារឡើងទៅ គឺមិនត្រូវអនុញ្ញាតឱ្យចូលអង្គភាពខ្លួនឡើយ និងត្រូវណែនាំឱ្យទៅសម្រាក ដើម្បីពិនិត្យ តាមដានសុខភាពដោយខ្លួនឯងជាបន្ទាន់ ។        អង្គភាពក្រោមឱវាទក្រសួងទាំងអស់ ត្រូវជ្រើសរើសយកទម្រង់បច្ចេកវិទ្យា របស់ខ្លួនសម្រាប់លំហូរការងារនិងឯកសារអនឡាញ។  ចំពោះសំណុំឯកសារមុខការដែលត្រូវសុំយោបល់ និងការសម្រេចពីប្រធានស្ថាប័នត្រូវស្កែន រួចផ្ញើជា Soft Copy មកកាន់ Telegram លេខ 061 243 168 ។  

ចំណែក មន្ត្រីរាជការអនុញ្ញាតិធ្វើការងារតាមប្រព័ន្ធអនឡាញ ដោយប្រើទម្រង់បច្ចេកវិទ្យារួមនៃអង្គភាពរបស់ខ្លួន ។ ចំពោះបុគ្គលិកមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ទាំងឡាយណា ដែលមិនសូវចាំបាច់មកបំពេញភារកិច្ចផ្ទាល់នៅការិយាល័យក្នុងកន្លែងការងារ អាចសម្រេចកិច្ចការរបស់ខ្លួននៅផ្ទះរៀងៗខ្លួនបាន។ ដោយឡែក បុគ្គលិកមន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទាំងឡាយណា ដែលមានភារកិច្ចចាំបាច់ខានមិនបានត្រូវតែមកបំពេញការងារនៅនឹងកន្លែង ត្រូវធ្វើការតាមធម្មតា ដោយរៀបចំឱ្យមានការផ្លាស់វេនគ្នាមកប្រចាំការ ទៅតាមទំហំការងារដែលអាចទ្រទ្រង់បាន សំដៅធានានិរន្តភាពនៃកិច្ចដំណើរការរដ្ឋបាលប្រកបដោ យប្រសិទ្ធភាព និងការទទួលខុសត្រូវ ។ ទន្ទឹមនឹងនេះ រាល់ការចុះបញ្ជីវត្តមានត្រូវបានលើកលែងក្នុងអំឡុងពេលនេះ រហូតមានការជូនដំណឹងជាថ្មី ៕

អត្ថបទដែលជាប់ទាក់ទង