ក្រុមហ៊ុន Huaweiដាក់ឲ្យប្រើប្រាស់កម្មវិធីCloudlinkដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសកូវីដ១៩

113

វិទ្យុជាតិកម្ពុជា៖ លោក អ៊ឹម ភិរក្សនារីរតនៈ

ភ្នំពេញ ៖ ក្រុមហ៊ុន Huawei បានដាក់ឲ្យប្រើកម្មវិធី Cloudlink ក្នុងការចូលរួមប្រយុទ្ធប្រឆាំង​​នឹងការរីករាលដាលនៃវីរុសកូវីដ-១៩ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាទំនើប 5G, CloudLink, AI និង Cloud ដែលជាកម្មវិធីថ្មីមួយនៅក្នុងប្រទេសកម្ពុជាដើម្បីសម្រួល​ការងារនៅក្នុងមន្ទីរពេទ្យ ពន្លឿនដល់ការធ្វើរោគវិនិច្ឆ័យ និងប្រតិបត្តិការរបស់វេជ្ជបណ្ឌិតឱ្យកាន់តែឆាប់រហ័សជាងមុន ។

លោក Yao Yuya នាយកប្រតិបត្តិក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថាការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធសន្និសីទវីដេអូ Cloudlink ដែលមានមុខងារស្កែនអ្នកជម្ងឺ CT Film អាចកាត់បន្ថយ ពេលវេលា នៃការស្កែនអ្នកជម្ងឺម្នាក់ៗ ពីការប្រើប្រាស់រយៈពេល ២ម៉ោង មកនៅត្រឹមតែរយៈពេលមិនដល់កន្លះនាទីតែប៉ុណ្ណោះ ។

លោកនាយកប្រតិបត្តិបន្តថា ក្នុងស្ថានភាពដែលប្រឈមនឹងការរីករាលដាលនៃជម្ងឺកូវីដនៅលើសកលលោកនា បច្ចុប្បន្ននេះបច្ចេកវិទ្យាទំនើបរបស់ក្រុមហ៊ុន Huawei បានក្លាយជាជម្រើសដំបូងបង្អស់ ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំង​នឹងការរីករាលដាលនៃជម្ងឺរលាកសួតប្រភេទថ្មីនេះ ក្រុមហ៊ុន Huawei ដែលជាសហគ្រាសមួយនិងមានទំនួលខុសត្រូវបម្រើប្រជាពលរដ្ឋតែងតែប្រកាន់ខ្ជាប់នូវស្មារតីមួយ“         នៅកម្ពុជាដើម្បីកម្ពុជា” ។

លោកនាយកប្រតិបត្តិបន្តទៀតថា ក្នុងការចូលរួមចំណែកដើម្បីរឹតចំណងមិត្តភាពចិន-កម្ពុជាក្រុមហ៊ុន ក៍បានបរិច្ចាគប្រព័ន្ធសន្និសីទវីដេអូ Cloudlink ចំនួន ៣ឈុត ដើម្បីជាជំនួយដល់រាជរដ្ឋា​​ភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជម្ងឺកូវីដ១៩ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាទំនើបចុងក្រោយបង្អស់នេះ ។

លោកនាយកប្រតិបត្តិ បានបញ្ជាក់ថា ការឧបត្ថម្ភដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ឧបករណ៍សម្ភារៈសន្និសីទវីដេអូទាំងអស់ នឹងត្រូវបានដាក់តំឡើងនៅក្រសួងសុខាភិបាលកម្ពុជា មន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ នៅរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ឧបករណ៍ទាំងនេះនឹងជំរុញឱ្យមានការធ្វើអន្តរទំនាក់ទំនងរវាងក្រសួងសុខាភិ        បាល និងមណ្ឌលសុខភាពខេត្ត ក៏ដូចជាមន្ទីរពេទ្យទូទាំង២៥ ខេត្ត ក្រុង រួមមាន ៖ ការតាមដាននូវករណីនៃជម្ងឺ ការពិគ្រោះយោបល់ពីចម្ងាយដោយពេលវេលាជាក់ស្តែង ឬ Real-time ដើម្បីបង្កើនប្រសិទ្ធភាព និងជួយសន្សំសំចៃពេលវេលាក្នុងការការពារ និងគ្រប់គ្រងការរាតត្បាតនៅក្នុងប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង