បើកការដ្ឋានដាក់លូបន្ថែមចំនួន២ទីតាំងមានមុខកាត់២ម៉ែត្រ​ នៅសង្កាត់វត្តភ្នំ ជា គម្រោងការពារទឹកជំនន់ជំហានទី៤ របស់អង្គការ JICA

300

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖

រាជធានីភ្នំពេញ៖ គម្រោងការពារទឹកជំនន់ជំហានទី៤ របស់អង្គការ JICA កាលពីថ្ងៃទី២៦ខែមីនាឆ្នាំ២០២០នេះ បានបើកការដ្ឋានជីកដាក់លូបន្ថែមចំនួន២ទីតាំងថ្មី នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដើម្បីដោះស្រាយបញ្ហាទឹកលិចនៅតំបន់ខាងជើងរមណីយដ្ឋានវត្តភ្នំ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា៖
ដើម្បីដោះស្រាយបញ្ហាទឹកលិចនៅតំបន់ខាងជើងរមណីយដ្ឋានវត្តភ្នំ កាលពីថ្ងៃទី២៦ខែមីនាឆ្នាំ២០២០នេះ គម្រោងការពារទឹកជំនន់ជំហានទី៤ របស់អង្គការ JICA បានបើកការដ្ឋានជីកដាក់លូបន្ថែមចំនួន២ទីតាំងថ្មី នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
ការដ្ឋានជីកដាក់លូបន្ថែមចំនួន២ទីតាំងថ្មីនេះរួមមាន៖
ទី១ ការដាក់បំពង់លូផ្លូវលេខ៩២ភ្ជាប់ទៅផ្លូវលេខ៤៧ ទំហំមុខកាត់២ម៉ែត្រ ប្រវែង៣៦ម៉ែត្រ និងទី២ ការដាក់បំពង់លូនៅផ្លូវលេខ៨៨ ភ្ជាប់ពីផ្លូវលេខ៤៧ ដល់មហាវិថីព្រះស៊ីសុវត្ថិ មុខកាត់ទំហំ២,៣ម៉ែត្រ ប្រវែង២២៧ម៉ែត្រ។ ប៉ុន្តែ ដោយសារទីតាំងនេះមានលក្ខណៈតូចចង្អៀត មិនអាចប្រើគ្រឿងចក្រធំៗជីកដាក់លូបាន ទើបក្រុមការងារបានសម្រេចប្រើបច្ចេកវិទ្យាថ្មី ខួងរុញដាក់លូ( Blade Jacking ) ។
គួររំលឹកថា គម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤ នេះ មានទឹកប្រាក់សរុបប្រមាណ ៣០លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ។ គម្រោងនេះនឹងត្រូវអនុវត្តការដ្ឋាន ដូចខាងក្រោម ក្នុងនោះរួមមាន៖ ១-ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គីឡូម៉ែត្រ។ ២-ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ប្រវែង ៤.៤គីឡូម៉ែត្រ។ ៣-សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។
៤-តម្លើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយ៍បូមទឹកចតុមុខ ព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់។ ៥-ផ្តល់រថយន្តបូមទឹកចល័ត ចំនួន ២គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង