រដ្ឋបាលស្រុកបន្ទាយស្រីបង្កើតបណ្តាញក្រុមការងារចុះផ្សព្វផ្សាយទូទាំងស្រុកពីជម្ងឺ Covid-19

30

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី 27,03,2020៖

រដ្ឋបាលស្រុកបន្ទាយស្រី បានសម្រេចបង្កើតដាក់បណ្តាញរបស់ខ្លួនពេញលេញភូមិទាំង៣៦ ដើម្បីចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទូទាំងស្រុកឲ្យបានយល់ច្បាស់ពីវិធានការនានា ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 ។អ្នកយកព័ត៏មានយើងធ្វើសេចក្តីរាយការណ៏…..
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីនៃខេត្តសៀមរាប បានមានប្រសាសន៏ប្រាប់វិទ្យុជាតិកម្ពុជាថា រដ្ឋបាលស្រុកបានដាក់ចេញអោយមានក្រុមការងារចម្រុះមានសមាជិកយ៉ាងតិច៥នាក់ ដែលដឹកនាំដោយមេភូមិនីមួយៗនិងទទួលបានការអប់រំពិសេសឲ្យក្លាយទៅជាក្រុមជនបង្គោលនៅតាមភូមិ ដើម្បីណែនាំ ផ្សព្វផ្សាយពាក់ព័ន្ធនឹងជំងឺ Covid-19 ដែលបានអនុវត្តអស់រយៈពេលមួយសប្តាហ៍កន្លងមកហើយ។
លោកបានបន្តថា ក្រុមការងារចម្រុះបានចុះផ្សព្វផ្សាយអប់រំជាបន្តបន្ទាប់ និងមានកន្លែងផ្តល់ព័ត៌មាន ទទួលព័ត៌មាននានាពាក់ព័ន្ធពីមេរោគកូវីដ១៩ជូនដល់អ្នកភូមិ ដោយមានបំពាក់មេក្រូអចល័ត និងមេក្រូចល័ត ក្នុងភូមិយ៉ាងតិចមួយគ្រឿង ដើម្បីប្រើប្រាស់ជាមធ្យោបាយទំនាក់ទំនងជាអចិន្ត្រៃយ៍ ។
សំឡេង ៖ បច្ចុប្បន្ននេះគឺយើងមានការផ្សព្វផ្សាយច្រើនរូបភាព ច្រើនដងច្រើនសណ្ឋានរួចហើយ យើងចាប់ផ្ដើមពីការផ្សព្វផ្សាយពីខាងក្នុងទៅវិញ ដែលក្នុងនោះយើងមានមន្ត្រីមេឃុំមេភូមិទាំងអស់ ហើយយើងបានធ្វើការផ្សព្វផ្សាយ ក្រោយមកយើងមានការផ្សព្វផ្សាយទៅតាមគ្រូបង្រៀនទាំងជាង៤០០នាក់នៅក្នុងស្រុកបន្ទាយស្រីក៏យើងបានផ្សព្វផ្សាយ ហើយចុងក្រោយបំផុតនេះ គឺយើងមានការបើកវគ្គផ្សព្វផ្សាយនៅដល់ជនបង្គោលនៅក្នុងភូមិរួចហើយ ។ ហើយក៏យកបានផ្សព្វផ្សាយតាមរយៈប្រព័ន្ធឧគ្ឃោសណស័ព្ទ យើងមានទាំងមេក្រូចល័តផង ទាំងមេក្រូនៅកន្លែងមិនចល័តផង ហើយយើងមានក្រុមការងារចុះទៅជាប្រចាំ ដើម្បីជូនព័ត៌មានទៅគាត់ ហើយយើងមានការផ្សព្វផ្សាយតាមរយៈការចែកខិតប័ណ្ណព័ត៌មាន អញ្ចឹងយើងមានការផ្សព្វផ្សាយច្រើនរូបភាពជាទម្រង់ផ្សេងៗគ្នាផងដែរ» ។
លោកបានបន្ថែមថា ក្រុមការងាររដ្ឋបាលស្រុក តាមដាននិងធ្វើរបាយការណ៍ជាប្រចាំ ពីជនដែលអាចមានហានីភ័យនៅក្នុងភូមិ ដោយបានរៀបចំកន្លែងស្នាក់នៅដាច់ដោយឡែក ដែលមានការគ្រប់គ្រងច្បាស់លាស់មួយនៅក្នុងស្រុក ដើម្បីប្រមូលយកជនសង្ស័យដែលមិនទាន់បានធ្វើតេស្ត មករក្សាទុករយៈពេល១៤ថ្ងៃ និងបានកាត់បន្ថយការព្រួយបារម្ភនៅក្នុងភូមិ ក៏ដូចជាជៀសវាងបាននូវការប្រតិកម្មយឺតពេល ប្រសិនបើមានករណីវិជ្ជមាននៅក្នុងភូមិនីមួយៗ ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ នៅទូទាំងស្រុកបន្ទាយស្រី មានទាន់មានករណីសង្ស័យពីជំងឺ Covid-19 អ្វីនៅឡើយនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង