រដ្ឋបាលខេត្តកំពង់ឆ្នាំងរៀបចំមន្ទីរពេទ្យបណ្តោះអាសន្នសម្រាប់ដាក់អ្នកសង្ស័យមានករណីឆ្លងជំងឺ Covid-19

114

វិទ្យុជាតិកម្ពុជា៖ សុភា វិសិទ្ធិពង្ស ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០៖

 រដ្ឋបាលខេត្តកំពង់ឆ្នាំងរៀបចំមន្ទីរពេទ្យបណ្តោះអាសន្នសម្រាប់ដាក់អ្នកសង្ស័យឆ្លងជំងឺ Covid-19 ដើម្បីពិនិត្យព្យាបាលតាមរយ:គ្រូពេទ្យជំនាញ និងទប់ស្កាត់មិនអោយមានការឆ្លងរីករាលដាលបន្តទៅអ្នកដទៃ ។

តាមកិច្ចសម្ភាសន៍ជាមួយវិទ្យុជាតិកម្ពុជា ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណ:អភិបាលខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថា រដ្ឋបាលខេត្តកំពង់ឆ្នាំងបានចូលរួមសហការជាមួយក្រសួងសុខាភិបាល  រួមទាំងសមត្ថកិច្ចអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការរៀបចំមន្ទីរពេទ្យបណ្តោះអាសន្ននៅតាមតំបន់នានា ដើម្បីការពារសុវត្ថិភាពជួនប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំងទាំងអស់ និងបានត្រៀមជាមុននូវការទប់ស្កាត់នូវករណីណាមួយដែរអាចកើតឡើងភ្លាមៗ ។  

សម្លេង « រដ្ឋបាលខេត្តកំពង់ឆ្នាំងបានគិតគូយ៉ាងច្បាស់លាស់លើការរៀបចំ មន្ទីរពេទ្យបណ្តោះអាសន្នដែលសម្រាប់ដាក់អ្នកសង្ស័យថាមានករណីឆ្លងជំងឺ Covid-19 គឺមានរៀបចំនៅ មន្ទីរពេទ្យបង្អែកខេត្ត នៅវិទ្យាល័យសម្ដេចហ៊ុនសែនកំពង់ត្រឡាច អាគារសម្តេចតេជោដែរស្ថិននៅក្នុងបឋមសិក្សាក្រុងកំពង់ឆ្នាំង អាគារវិទ្យាល័យសម្ដេចហ៊ុនសែនបរិបូណ៌ ហើយរដ្ឋបាលក៏បានត្រៀមគ្រែចំនួន ១២៥គ្រែ រួចជាស្រេចសម្រាប់ អ្នកដែលមានករណីឆ្លងជំងឺ Covid-19 នេះ » ។ 

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏បានដាក់ចេញនូវវិធានការ ទប់ស្កាត់នឹងការពារ ដល់សុវត្ថិភាពប្រជាពលរដ្ឋ ដូចជា ទី១ ពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈទូទៅ ទាំងក្នុងក្រុងនិងជនបទ  ទី២ក៏បានពង្រឹងសន្តិសុខស្បៀង ដូចជាស្បៀងអាហារ តម្លៃទីផ្សារតម្លៃផលិតផល  សម្ភារៈប្រើប្រាស់  ចាត់វិធានការតាមដានជាប្រចាំ   មិនឲ្យមានករណីខ្វះខាតទេ ទី៣ បន្តផ្សព្វផ្សាយតាមវិធានការដែលក្រសួងសុខាភិបាលបានដាក់ចេញ ហើយថ្នាក់ដឹកនាំក៏បានចុះទៅតាមមូលដ្ឋានគ្រប់ស្រុក ដើម្បីអប់រំដល់បងប្អូនប្រជាពលរដ្ឋនៅវិធីទប់ស្កាត់និងការពារ ទី៤ ក៏បានពង្រឹងកម្លាំងអន្តរាគមន៍របស់ពេទ្យ ដែលជាពេទ្យស្ម័គ្រចិត្ត បានពង្រឹងពួកគាត់រៀបចំ ដើម្បីត្រៀមអន្តរាគមន៍ប្រសិនជាមានករណីផ្ទុះឡើងកាន់តែច្រើន ហើយករណីមួយដែលរដ្ឋបាលខេត្តកំពុងយកចិត្តទុកដាក់យ៉ាងសំខាន់នោះ គឺពលករដែលបានត្រឡប់មកពីក្រៅប្រទេស បើសិនមានករណីសង្ស័យណាមួយរដ្ឋបាលខេត្តនឹងធ្វើការបញ្ជូនយកទៅពិនិត្យនៅរាជធានីភ្នំពេញអោយបានត្រឹមត្រូវច្បាស់លាស់ ។

ឯកឧត្តមបានបញ្ជាក់ថា មកដល់ពេលនេះ នៅខេត្តកំពង់ឆ្នាំងមានអ្នកឆ្លងវីរ៉ុសកូវីដ១៩ចំនួន៣ករណី ហើយរដ្ឋបាលខេត្ត កំពុងធ្វើការយ៉ាងសកម្មលើបញ្ហានេះ និងបានបន្តចុះណែនាំបងប្អូនប្រជាពលរដ្ឋអោយច្បាស់លាស់អំពីវិធីការពារការឆ្លងជំងឺ រួមទាំងទប់ស្កាត់ទាំងអស់គ្នាកុំអោយមានការចម្លងចូលដល់សហគមន៍របស់ពួកយើង ។

អត្ថបទដែលជាប់ទាក់ទង