សម្ដេចក្រឡាហោម ស ខេង ជំរុញឱ្យអភិបាលរាជធានី-ខេត្តបង្កើនការតាមដាន ពីភាពសុខភាព ពលករខ្មែរមកពីក្រៅប្រទេស

100

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ 27,03,2020៖

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានជំរុញឱ្យ អភិបាលរាជធានី-ខេត្តបង្កើនការតាមដានពីភាពសុខភាពរបស់ពលករដែលទើបមកពីក្រៅប្រទេស ដើម្បីបង្ការពីបញ្ហាវីរុសកូវីដ១៩។
ថ្លែងក្នុងពិធី ផ្សព្វផ្សាយអនុក្រឹត្យថ្មី ស្តីពី ការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២០ នាទីស្តីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ បានណែនាំឱ្យ អភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវចាត់ទុកកន្លែងដែលមានប្រជាពលរកត្រឡប់មកពីបរទេសវិញ ជាគោលដៅក្តៅ ដែលត្រូវត្រូវតែតាមដាន យកចិត្តទុកដាក់ មើលការប្រែប្រួលសុខភាពរបស់គាត់ ព្រោះពួកគាត់អាចម្លង ទៅអ្នកដទៃច្រើនទៀត ចាប់ពីម្នាក់ ទៅ៥នាក់ផ្សេងទៀត ។ ជាមួយគ្នានោះត្រូវបន្តចាត់វិធានការឃោសនា ហើយឃោសនាទៀត តាមវិធានការទាំងឡាយដែលក្រសួងសុខាភិបាលបានណែនាំ ដោយប្រើប្រាស់ឧគ្ឃោសនសព្ទចាក់តាម ម៉ូតូ រម៉ក់ ឡាន នឹងត្រូវរាយការណ៍ជាបន្ទាន់ ទៅក្រសួងសុខាភិបាល ប្រសិនបើមានពលរដ្ឋណាម្នាក់ មានសុខភាពមិនល្អ ។
ឯកឧត្តមអភិបាលរាជធានីខេត្ត សូមបន្តយកចិត្តទុកដាក់ចំពោះចំណុចនេះដោយចាត់ទុកកន្លែងណាដែលមានបងប្អូនវិលត្រឡប់មកផ្ទះសម្បែងវិញចាប់ពីម្នាក់ទៅគឺចាត់ទុកជាគោលដៅក្តៅ ព្រោះម្នាក់អាចទៅចម្លង ៥ នាក់ គឺចាត់ទុកថាមានបញ្ហា ដែលយើងត្រូវតាមដានយកចិត្តទុកដាក់ការប្រែប្រួលសុខភាពរបស់ពួកគាត់ តាមវិធីឬមធ្យោបាយ ចាក់តាមមេក្រូឃោសនា ដូចជាបោះឆ្នោត តាមម៉ូតូ រម៉ក ប៉ុន្តែមិនមែនបើកលឿនទេ អញ្ចឹងពេលទៅដល់ភូមិណាមួយ ត្រូវប្រមូលពួកគាត់មក ដើម្បីឲ្យពួកគាត់ស្តាប់ ប៉ុន្តែឱ្យឆ្ងាយពីគ្នា ធ្វើយ៉ាងម៉េចឱ្យស្ដាប់បាន ដូចជាពួគាត់នៅក្រោមដើមឈើ ក្រោយផ្ទះគាត់ នៅលើផ្ទះគាត់ ដើម្បីឲ្យឆ្ងាយពីគ្នា តែគាត់ស្ដាប់ឮ រួចចាក់មេក្រូនេះសាចុះ សាឡើង ដោយពួកគាត់ស្ដាប់ដើម្បីយកជាវិធានការនេះការពារ។»
លោក ឃឹម ប៉ោទៀង មេឃុំស្រុកកោះសូទិន ខេត្តកំពង់ចាម បានបញ្ជាក់ថា ក្រោយពេលមានពលករចំណាកស្រុកមកពីបរទេសវិញ អាជ្ញាធរខេត្តបានចាត់វិធានការជាបន្តបន្ទាប់ តាមការណែនាំពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងនោះមេភូមិ មេឃុំ បានផ្សព្វផ្សាយតាមគ្រប់រូបភាព ដូចជាចាក់ឧគ្ឃោសនសព្ទតាមម៉ូតូនៅគ្រប់ភូមិទាំងអស់ ទាំងវត្តអារាម និងតាមផ្លូវសាធារណៈ ដោយបានអប់រំឱ្យពួកគាត់ត្រូវចេះអនាម័យសុខភាពរស់នៅស្អាត ហូបស្អាត និងត្រូចលាងដៃជាមួយសាប៊ូ ឬអាកុលឲ្យបានញឹកញាប់ជាប្រចាំថ្ងៃ ជាពិសេសអ្នកដែលបានទើបត្រលប់មកពីក្រៅប្រទេស ត្រូវនៅម្នាក់ឯងដាច់ដោយឡែក ក្នុងរយះពេល១៤ថ្ងៃសិន ដើម្បីការពារបបង្ការកុំឲ្យឆ្លងទៅអ្នកដ៏ទៃ។
«តាំងពីមានពីថ្ងៃសៅរ៍មកម្លះគឺមេក្រូចាក់នៅគ្រប់ភូមិទាំងអស់នៅសាលាឃុំ ក៏ចាក់ ហើយនៅវត្តអារាមពង្រក៏ចាក់មេក្រូ ហើយសាលាឆទានព្រែករំដេងយើងក៏ចាក់ នៅសាលាឆទានកំពុងឪក៏ចាក់ ដើម្បីបញ្ជៀបព៍ត៌មាននេះ ឲ្យប្រជាពលរដ្ឋបានយល់ដឹងអំពីអនាម័យសុខភាពនេះ។»
រហូតមកដល់ពេលនេះប្រជាពលរដ្ឋដែលជាពលករមកពីថៃចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ មីនា ឆ្នាំ២០២០ គឺមានចំនួន ៤០៣៧៤នាក់ (ស្ត្រី១៦៧៦២នាក់ )បន្ទាយមានជ័យជាង១ម៉ឺនាក់ ខេត្តបាត់ដំបង់ជាង៧៦០០នាក់ ខេត្តកំពង់ចាមជាង ១៨០០នាក់ ខេត្តកំពង់ឆ្នាំង ៧៤៧នាក់ ខេត្តកំពង់ស្ពឺ ៤២៥ នាក់ ខេត្តកំពង់ធំ ២៨៨១នាក់ ខេត្តកំពត ៥៨៧នាក់ ខេត្តកណ្តាល១២៩១នាក់ ខេត្តកោះកុង ១២១នាក់ ខេត្តក្រចេះ១៦៦នាក់ ខេត្តមណ្ឌលគិរី១២នាក់ រាជធានីភ្នំពេញ១៩៨ នាក់ ខេត្តព្រះវិហា២៦៦នាក់ ខេត្តព្រៃវែង ២១៥៦នាក់ ខេត្តពោធិ៍សាត់៩៥៥ នាក់ ខេត្តរតនគិរី ២០នាក់ ខេត្តសៀមរាប ៦៥៨២នាក់ ខេត្តព្រះសីហនុ១០២ នាក់ ខេត្តស្ទឹងត្រែង ៨២នាក់ ខេត្តស្វាយរៀង ៣៣៥នាក់ ខេត្តតាកែវ ១១១៣នាក់ ខេត្តឧត្តរមានជ័យ ៦៥៩នាក់ ខេត្តកែប៤០នាក់ ខេត្តប៉ៃលិន ៣០៥នាក់ ខេត្តត្បូងឃ្មុំ១៤៩២នាក់៕

អត្ថបទដែលជាប់ទាក់ទង