អភិបាលស្រុកបន្ទាយស្រីគ្រោងបង្កើតយុទ្ធនាការចែកសាប៊ូលាងដៃ៥ម៉ឺនដុំជូនប្រជាពលរដ្ឋ

199

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី 27,03,2020 ៖

អភិបាលស្រុកបន្ទាយស្រី គ្រោងបង្កើតយុទ្ធនាការចែកសាប៊ូលាងដៃចំនួន៥ម៉ឺនដុំ ជូនប្រជាពលរដ្ឋទូទាំងស្រុកនៅសប្តាហ៍ក្រោយនេះ ដើម្បីទុកប្រើប្រាស់ប្រចាំថ្ងៃ កុំអោយអ្នកភូមិព្រួយបារម្ភ ក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺCovid-19 ។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីនៃខេត្តសៀមរាប បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា យុទ្ធនាការចែកសាប៊ូលាងដៃ ទៅដល់ប្រជាពលរដ្ឋគ្រប់រូបប្រមាណ៥ម៉ឺននាក់នេះ ក៏មានភ្ជាប់ជាមួយខិតប័ណ្ណដែលផ្តល់ជាពត៌មានចាំបាច់មួយចំនួន ឲ្យគាត់យល់ពីការលាងសម្អាតដៃរបស់គាត់ និងមានភ្ជាប់ជាមួយលេខទូរស័ព្ទផ្ទាល់របស់ស្រុក ( Hot Line ) ដើម្បីពញ្ញាក់អារម្មណ៍របស់ប្រជាពលរដ្ឋ ឲ្យចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតជាសកលនេះទាំងអស់គ្នា ។
សំឡេង ៖ ពីព្រោះស្រុកបន្ទាយស្រីមានប្រជាជនចំនួន៥ម៉ឺននាក់ អញ្ចឹងយើងធ្វើយ៉ាងណាដើម្បីឲ្យមួយគ្រួសារមានសាប៊ូប្រើប្រហែលប្រាំ ប្រាំមួយ ដុំនៅផ្ទះ បើសិនជាគាត់មានសាប៊ូដូច្នេះ គាត់អាចលាងបានពីរបីខែដែរ ។ ហើយនេះគឺជាការចាំបាច់ក្នុងការជំរុញឲ្យគាត់យល់ពីអនាម័យ ហើយសហការទៅដល់គ្រប់ផ្ទះតែម្ដង ពីព្រោះនៅតាមទីជនបទនេះ គឺគាត់ពិបាកក្នុងការស្វែងរកទឹកអាកុល ឬក៏ទឹកលាងដៃ ឬក៏ម៉ាស់ ហើយនៅក្នុងការដែលគាត់អនាម័យលាងដៃជាប្រចាំនេះ គឺជារឿងល្អសម្រាប់ពួកគាត់ សាប៊ូ៥ម៉ឺនដុំនេះយើងក៏នឹងភ្ជាប់ជាមួយខិតប័ណ្ណ ដើម្បីផ្ដល់ព័ត៌មានចាំបាច់មួយចំនួន ឲ្យគាត់យល់ពីការថែរក្សាលាងដៃរបស់គាត់ ហើយយើងក៏ដាក់លេខទូរស័ព្ទផ្ទាល់របស់ស្រុក hot line ដែលនៅពេលគាត់មានការសង្ស័យអ្វីមួយ គាត់អាចខលមកដោយយើងមានមន្ត្រីចាំទទួលព័ត៌មានផ្ទាល់តែម្ដង ពីព្រោះរហូតមកដល់ពេលនេះ គឺការរុញទៅលេខ១១៥ ប្រហែលជាមានការចង្អៀត ពិបាកទទួលព័ត៌មានហើយនៅឆ្ងាយទៀត ឥឡូវស្រុកមានមន្ត្រីប្រចាំការហើយ ស្រុកមានកន្លែងដាក់នៅដាច់ដោយឡែក ដែលដូច្នេះស្រុកនឹងប្រើប្រាស់លេខរបស់ស្រុកមួយទៀត ដើម្បីទទួលខុសត្រូវមួយជ្រុងក្រោមដែនសមត្ថកិច្ចរបស់ស្រុក ។

លោកអភិបាលស្រុកបន្ទាយស្រី បានបន្ថែមទៀតថា ចាប់ពីថ្ងៃនេះ រាល់កិច្ចប្រជុំដែលមានគ្នាចាប់ពី៣០នាក់ឡើងទៅ នឹងត្រូវបានរៀបចំតាមស្តង់ដារថ្មី ដោយរក្សាគម្លាតមួយម៉ែតកន្លះ និង(បើអាច)ធ្វើនៅទីវាលខាងក្រៅដែលមានបរិយាកាសទូលំទូលាយ ។
លោកអភិបាលស្រុកបន្ទាយស្រី បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងស្រុកបន្ទាយស្រី ក៏ដូចជាសាធារណៈជនទូទៅ ចូលរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធ បើសិនមានករណីសង្ស័យសូមរាយការណ៏បន្ទាន់ ដើម្បីឲ្យរដ្ឋបាលស្រុកបញ្ជូនអ្នកបច្ចេកទេសទៅវាយតម្លៃ ថាតើគាត់គួរយកមកដាក់ដោយឡែក ឬត្រូវធ្វើយ៉ាងណា ? បើក្នុងករណីមានអ្នកផ្ទុក សូមកុំមានការព្រួយបារម្ភ ពីព្រោះអាជ្ញាធរបានរៀបចំកន្លែង ដើម្បីយកអ្នកដែលសង្ស័យនោះដាក់ឲ្យនៅដាច់ដោយឡែកពីគេ
សូមបញ្ជាក់ថា ស្រុកបន្ទាយស្រីមាន៦ឃុំ ៣៦ភូមិ និងមានផ្ទះសរុបចំនួនប្រហែល ១ម៉ឺនខ្នង ដែលមានប្រជាពលរដ្ឋប្រមាណ៥ម៉ឺននាក់ ៕

អត្ថបទដែលជាប់ទាក់ទង