រាជរដ្ឋាភិបាលចាប់ផ្ដើមអនុវត្ដការផាកពិន័យថ្មីចំពោះអ្នកល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកដោយបង្កើនពិន័យចាប់ពី៣ទៅ៥ដង

80

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា៖

រាជរដ្ឋាភិបាលចាប់ផ្ដើមអនុវត្ដការផាកពិន័យថ្មី ចំពោះអ្នកល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកដោយបង្កើនពិន័យចាប់ពី៣ទៅ៥ដង ដើម្បីការពាអាយុជីវិតប្រជាពីគ្រោះថ្នាក់ចរាចរណ៍។
ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការកែសម្រួលអនុក្រឹត្យ និងការពិន័យអន្តរកាណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៧ ខែមីនានេះ សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានធ្វើវិសោធនកម្មអនុក្រឹត្យស្ដីពីការពិន័យអន្តរកាណ៍ ដោយបង្កើនប្រាក់ពិន័យពី៣ទៅ៥ដងចាប់ពេលនេះទៅ ។
សម្ដេចក្រឡាហោមសង្ឃឹមថា ក្រោយអនុវត្តអនុក្រឹត្យកែសម្រួលថ្មីនេះ នឹងធ្វើឱ្យប្រជាពលរដ្ឋមានភាពរាងចាល ហើយមានការយោគយល់ និងចូលរួមអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនេះឱ្យបានទាំងអស់គ្នា ដើម្បីកុំអោយប្រឈមនឹងការផាកពិន័យផ្សេងៗ។
សម្ដេចក្រឡាហោម បានក៏បញ្ជាដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលទូទាំងប្រទេស ត្រូវរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកប្រកបដោយភាពម៉ឺងម៉ាត់ ដាច់ខាត មិនយោគយល់ និងត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ តម្លាភាព ស្មើភាព និងមិនរើសអើង ហើយត្រូវសហការស្រាវជ្រាវ តាមចាប់ខ្លួនជនបង្កគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលគេចខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់ឱ្យបានជាដាច់ខាត។

ជាមួយគ្នានោះ សម្ដេចក៏បញ្ជាថ្នាក់ដឹកនាំនគរបាលចរាចរណ៍ទាំងអស់រៀបចំផែនការសកម្មភាពនិងរៀបចំកម្លាំងតាមដាន ត្រួតពិនិត្យ និងគាំទ្រប្រតិបត្តិការអនុវត្តច្បាប់របស់មន្ត្រីនគរបាលចរាចរណ៍ក្រោមឱវាទដើម្បីធានាភាពត្រឹត្រូវ ដែលប្រកាន់ខ្ជាប់នូវការបន្តពង្រឹងក្រមសីលធម៌ វិន័យ ឱ្យមន្ត្រីក្រោមឱវាទទាំងអស់សក្ដិសមជាមន្ត្រីអនុវត្តច្បាប់ប្រកបដោយគុណធម៌ និងមានមនសិការវិជ្ជាជីវៈ៕

អត្ថបទដែលជាប់ទាក់ទង