ក្រុមគ្រូពេទ្យជំនាញរបស់ចិនចូលរួមយ៉ាងសកម្មជាមួយគ្រូពេទ្យកម្ពុជា ក្នុងការដោះស្រាយ ទប់ស្កាត់ជម្ងឺកូវីដ១៩ នៅកម្ពុជា

75

វិទ្យុជាតិកម្ពុជាតិ៖ លោកស្រី ធីណា ឌីណេ
MC៖ ក្រុមគ្រូពេទ្យជំនាញរបស់ប្រទេសចិន ចូលរួមយ៉ាងសកម្មជាមួយគ្រូពេទ្យកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាត នៃជំងឺ កូវីដ១៩ នៅក្នុងប្រទេសកម្ពុជា តាមរយៈការ ព្យាបាល តាមដានសុខភាព និងវិធានការទប់ស្កាត់ថ្មីៗ។

លោកជំទាវ វេជ្ជបណ្ឌិត ឱវណ្ណ ឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ក្រុមគ្រូពេទ្យជំនាញទំាង៧នាក់ ដែលមកពីសាធារណរដ្ឋប្រជាមានិតចិននេះ គឺពួកគាត់មានជំនាញផ្សេងៗគ្នា ដូចជាផ្នែកពិសោធន៍ ពិនិត្យព្យាបាលជំងឺផ្នែកត្រួតពិនិត្យនិងបង្ការនូវការចម្លងជាដើម។ លោកជំទាវបានបញ្ជាក់ថា ក្រុមគ្រូពេទ្យជំនាញទំាងនោះ បានធ្វើការសិក្សាស្វែងយល់ពីប្រព័ន្ធសុខាភិបាលរបស់កម្ពុជា ក៏ដូចជាការកើតឡើងដំបូងនូវវីរុសកូវីដ១៩ ដោយផ្តោតការពិភាក្សា ជាមួយក្រុមគ្រូពេទ្យកម្ពុជា ដើម្បីដាក់ទិសដៅព្យាបាល ថែទំាសុខភាពអ្នកជម្ងឺ និងទប់ស្កាត់កុំអោយរីករាលដាល ។
លោកជំទាវបានបន្តថា ក្រោយមកក្រុមគ្រូពេទ្យជំនាញបានចុះទៅពិនិត្យនៅទីតាំងជាក់ស្តែកមួយចំនួន ដូចជាមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត មណ្ឌលសុខភាពចាក់អង្រែ មន្ទីរពេទ្យក្រុង វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈ មន្ទីរពិសោធន៍ជាតិ និងមន្ទីរពេទ្យខេត្តព្រះសីហុន ផងដែរ ដែលជាតំបន់ដែលមានអ្នកឆ្លងច្រើនជាងគេ។
«សំឡេង៖ គ្រូពេទ្យជំនាញរបស់ចិន បានចុះទៅដល់សហគមន៍របស់យើងដើម្បីស្វែងយល់អំពីរបៀបរបបក៏ដូចជាស្ថានភាពផ្សេងៗទៀត។ ហើយគម្រោងការរបស់គាត់ ចុះទៅខេត្តព្រះសីហនុដោយជួបអភិបាលខេត្តដើម្បីស្វែងយល់អំពីសភាពការណ៍និងនីតិវិធីផ្សេងៗដែលខេត្តបានចាត់ចែងរៀបចំនៅទីនោះ ហើយទន្ទឹមនឹងនោះក្រុមគ្រូពេទ្យទាំង ៧រូប នឹងឆ្លៀតទៅមើលមន្ទីរពេទ្យបង្អែកនៅក្នុងខេត្តព្រះសីហនុផងដែរ និងក្រុមការងារចាក់តាឡីស័កនៅទីនោះ ហើយនឹងបន្តទៅមើលកំពង់ផែ ដូចជារបៀបរបបនៃការដឹកជញ្ជូនរបស់ប្រទេសកម្ពុជា ហើយនិងបន្តទៅមើលសហគមន៍ណាមួយបន្ថែមទៀត ក្នុងនោះដែរក្រោយពីពួកគាត់ទាំង៧រូប ត្រឡប់មកដល់ក្រុងភ្នំពេញវិញពួកគាត់និងពិភាក្សាគ្នា ដើម្បីផ្តល់យុទ្ធសាស្រ្តក្នុងការបង្ការកុំអោយរាលដាលបន្តទៀត។»
សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យជំនាញចិនចំនួន ៧នាក់ បានធ្វើដំណើរមកដល់កម្ពុជា កាលពីថ្ងៃទី២៣ ខែមីនា កន្លងទៅនេះ ដោយនាំមកជាមួយនូវសម្ភារៈបរិក្ខាពេទ្យមួយចំនួនដល់ប្រទេសកម្ពុជា ប្រយុទ្ធប្រឆាំងការចម្លង រាលត្បាតនៃ វីរុសកូរ៉ូណា ឬកូវីដ១៩ ៕

អត្ថបទដែលជាប់ទាក់ទង