អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជាអំពាវនាវឲ្យរាជរដ្ឋាភិបាលជួយគាំទ្រផលិតផល របស់ប្រជាសហគមន៍ជនជាតិព្នង ក្នុងខេត្តមណ្ឌលគិរី

133

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា
MC៖អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា អំពាវនាវឲ្យរាជរដ្ឋាភិបាលជួយគាំទ្រផលិតផលរបស់ ប្រជាសហគមន៍ជនជាតិព្នង ក្នុងខេត្តមណ្ឌលគិរី ដើម្បីជួយបង្កើនជីវភាពរបស់សហគមន៍ និង លើកកម្ពស់ផលិតផលក្នុងស្រុកផងដែរ ។
លោក កែន សេរីរដ្ឋា ប្រធានអង្គការសមាគមន៍អភិរក្សសត្វព្រៃកម្មវិធីប្រទេសកម្ពុជា ហៅកាត់ថា ( WCS ) បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា អង្គការបាន បណ្ដុះបណ្ដាលជំនាញសិប្បកម្មផលិតសម្ភារប្រើប្រាស់ដោយដៃធ្វើពីឫស្សីក្នុងស្រុក មានដូចជា កំសៀវទឹក ពែងតែ កែវទឹកធំមានដៃ ប្រអប់ដាក់ក្រដាសជូតមាត់ ប្រអប់ដាក់ប៊ិក និងជើងទ្រទូរស័ព្ទជាដើម ដល់ប្រជាពលរដ្ឋ ជាជនបង្គោលនៅក្នុងសហគមន៍ចំនួន ៩ នាក់ ស្ថិតនៅភូមិពូចារនិងភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដើម្បីឲ្យពួកគាត់មានសមត្ថភាពបង្រៀនដល់អ្នកដ៏ទៃ និងបង្កើនប្រាក់ចំណូល ។
លោកបានបន្តថា ដើម្បីជាការលើកទឹកចិត្តដល់ប្រជាសហគមន៍ លោកសូមអំពាវនាវឲ្យរាជ រដ្ឋាភិបាលកម្ពុជា ជួយគ្រាំទ្រនិងលើកទឹកចិត្ត តាមរយៈស្នាដៃដែលបង្កើតថ្មីនេះ ដោយជំរុញក្នុងការជួយរកទីផ្សារ ដឹកជញ្ជូន រឺមិនយកពន្ធជាដើម ។
សំឡេង«ធ្វើយ៉ាងណាឲ្យរាជរដ្ឋាភិបាល ពិសេសក្រសួងពាក់ព័ន្ធដែលមានសមត្ថកិច្ចពាក់ព័ន្ធទៅនិងការងារសិប្បកម្មការងារកែច្នៃនិងការពិនិត្យគ្រប់គ្រងទៅលើធនធានធម្មជាតិនេះ ឲ្យជួយសម្របសម្រួលនិងលើកទឹកចិត្តនៅស្នាដៃថ្មី នៅផលិតផលថ្មីដែលប្រជាសហគមន៍ជាពិសេសបងប្អូនជនជាតិដើមភាគតិចព្នង បានផលិតនេះគឺតាមរយៈអី សូមគាំទ្រគាត់ដើម្បីជំរុញផលិតផលឲ្យក្លាយទៅជាផលិតផលមួយ ដែលមានសារៈសំខាន់ របស់សហគមន៍ជនជាតិដើមព្នង នៅកែវសីមាមណ្ឌលគិរីយើងនេះ ក្នុងក្របខ័ណ្ឌភូមិមួយផលិតផលមួយដើម្បីឆ្លើយតបនិងគោលនយោបាយរាជ រដ្ឋាភិបាលកម្ពុជា គឺជួយគាំទ្រការមិនយកពន្ធរឺក៏ការអនុគ្រោះលើការសេវាដឹកជញ្ជូន ទាក់ទងនិងផលិតផលនេះ ទេសចរណ៍ដូចគ្នាផងដែរយើងជួយសម្របសម្រួលផ្សព្វផ្សាយពីផលិតផល ដែលជាស្នាដៃដំបូងរបស់ប្រជាសហគមន៍របស់យើង»។
លោក កែន សេរីរដ្ឋា ក៏អំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវជាតិនិងអន្តរជាតិទាំងអស់ អាចផ្លាស់ប្តូរគំនិតការប្រើប្រាស់វត្ថុបាស្ទិករឺវត្ថុផលិតផលនាំចូល មកប្រើប្រាស់វត្ថុពីអនុផលព្រៃឈើ ដែលផលិតដោយបងប្អូនប្រជាសហគមន៍ជនជាតិដើមភាគតិចរបស់យើង ឲ្យគាត់មានទីផ្សារទូលំទូលាយ ៕

អត្ថបទដែលជាប់ទាក់ទង