ក្រសួងអប់រំ ណែនាំមន្ត្រីឲ្យរៀបចំការប្រជុំ វគ្គបំប៉ន ឬសិក្ខាសាលាតាមប្រព័ន្ធឌីជីថល

115

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ
MC៖ ក្រសួងអប់រំ ណែនាំដល់មន្ត្រីរបស់ខ្លួនឲ្យរៀបចំការប្រជុំ វគ្គបំប៉ន ឬសិក្ខាសាលាតាមប្រព័ន្ធឌីជីថលដើម្បីទប់ស្កាត់ការរាតត្បាតនៃមេរោគកូវីដ១៩ និងស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
តាមសេចក្ដីណែនាំរបស់ ក្រសួងអប់រំ យុវជន និងកីឡា ដែលបានចេញផ្សាយនៅ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ ស្ដីពីវិធានការបន្ថែមក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ បានឲ្យដឹងថា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃមេរោគកូវីដ១៩ និងស្របតាមអនុសាសន៍ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំដល់មន្ត្រី អប់រំគ្រប់លំដាប់ថ្នាក់ ដូចជា រាល់ការអនុវត្តសកម្មភាពនានា ឬការជួបជុំណាមួយ សូមរៀបចំ និងអនុវត្តន៍ក្នុងទ្រង់ទ្រាយតូច ក្រោម ១០នាក់ និងរក្សាបាននូវស្តង់ដារអនាម័យ របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។ រៀបចំការប្រជុំ វគ្គបំប៉ន ឬសិក្ខាសាលាត្រូវអនុវត្តតាមប្រព័ន្ធឌីជីថល ដោយប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យា មួយចំនួនដូចជា Zoom Software ដែលជាកម្មវិធីសម្រាប់ដំណើរការប្រជុំពីចម្ងាយ ដែលកម្មវិធីនេះ អាចទំនាក់ទំនងគ្នា បានចំនួន ១០០នាក់៕

អត្ថបទដែលជាប់ទាក់ទង