ក្រសួងព័ត៌មាន សហការជាមួយក្រសួងអប់រំ រៀបចំកម្មវិធីបង្រៀនពីចម្ងាយ E-Learning តាម App ក្រសួងព័ត៌មាន និងតេជោ DTV

242

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី

MC៖ ក្រសួងព័ត៌មាន សហការជាមួយក្រសួងអប់ រំយុវជន និងកីឡា រៀបចំជាកម្មវិធី បង្រៀនពីចម្ងាយ E-Learning តាម App ក្រសួងព័ត៌មាន និងតេជោ DTV ដើម្បីបង្រៀនសិស្សតាម E-Learning នៅក្នុងដំណាក់កាលផ្អាកការសិក្សាជាបណ្តោះអាសន្ន នៅតាមគ្រឹះដ្ឋានសាធារណះ និងឯកជនទូទាំងប្រទេស ដោយសារបញ្ហាជំងឺ កូវីត១៩។

ក្នុងកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីបង្រៀនពីចម្ងាយ E-Learning  នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម  ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន  បានបញ្ជាក់ថា នៅក្នុងដំណាក់កាលដែល មានការបិទសាលារៀននៅទូទាំងប្រទេស ដោយសារការព្រួយបារម្មណ៏ ពីការឆ្លងនៃមេរោគ កូវីត១៩ ហើយសិស្សានុសិស្សមិនបានមករៀននៅសាលានោះ ក្រសួងព័ត៌មាន បានរៀបចំជាកម្មវិធី បង្រៀននៅតាមប្រពន្ធ័ចំនួន២ ទីមួយតាមរយៈ App ក្រសួងព័ត៌មាន និងផ្សាយបន្តផ្ទាល់ ទៅកាន់ទូរទស្សន៍ Satellite តេជោ DTV   ដែលផ្តល់ភាពងាយស្រួល អោយ សិស្សានុសិស្ស អាចបើកមើលតាមរយៈទូរសព្ទ័ ដៃ ដែលមានប្រពន្ធ័ Internet និងតាមបណ្តាញ ផ្កាយរណប របស់តេជោ DTV ។ ឯកឧត្តម បន្តថា ទូរទស្សន៍ DTV នេះគឺមានភាពងាយស្រួល អោយក្មួយៗសិស្សានុសិស្សបើកមើល បានដោយមិនចាំបាច់ប្រើ អ៊ីនធឺណែត ។ ឯកឧត្តម  បានបន្ថែថា កិច្ចការងារ នេះធ្វើឡើងជាការចូលរួមចំណែកជាមួយ ក្រសួង អប់រំ យុវជន និងកីឡា ដែលកំពុងធ្វើការបង្រៀនតាមរយះ App ផ្លូវការរបស់ខ្លួនផងដែរ។

ឯកឧត្តម  បានបន្តទៀតថា តាមរយៈកម្មវិធី ទាំង២ ដែលក្រសួងព័ត៌មាន បានបង្កើតឡើងនេះ មិនត្រឹមតែជាការបង្រៀន មេរៀនដល់កូនសិស្សនោះទេ តែក៏ជាប្រពន្ធ័ជូន ដំណឹងដល់ប្រជាពលរដ្ឋ បានដឹងនូវរាល់ដំណឹងថ្មីៗ ទាន់ហេតុការណ៏ ហើយទុកចិត្តបាន ព្រោះវាមានសារៈសំខាន់ណាស់ក្នុងស្ថានភាពបច្ចុប្បន្ន ដើម្បីកម្ចាត់ព័ត៌មានក្លែងក្លាយ ក៏ដូច ការផ្តល់ភាពកក់ក្តៅដល់ប្រជាជន កុំអោយជឿលើដំណឹងមិនពិតបា្រកដ។ ឯកឧត្តម បានបញ្ចាក់ បន្ថែមថា នៅពេលសាលារៀនបើកដំណើរការឡើងវិញក៏ដោយ ប៉ុស្ត៍ទូរទស្សន៍ មួយនេះ ក៏នៅតែផ្សាយកម្មវិធីអប់រំ ផ្សេងៗជាច្រើនទៀតផងដែរ ដើម្បីទុកជាប្រយោជន៏ដល់អ្នកសិក្សា ស្រាវជ្រាវ អាចស្វែងរកឯកសារបាន តាមរយៈ កម្មវិធី របស់ក្រសួងព័ត៌មាន បានបង្កើតឡើង ។

ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងព័ត៌មាន បានធ្វើការបញ្ជាក់បន្ថែមថា ការប្រជុំនេះបានសម្រេចនូវយន្តការមួយចំនួននៃការរៀបចំប្រព័ន្ធបង្រៀនពីចម្ងាយឬក៏ប្រព័ន្ធ E-Learning តាមរយៈ App ក្រសួងព័ត៌មាន គឺបានសម្រេចនៅក្នុងការធ្វើកិច្ចសហការជាមួយនឹងក្រសួងអប់រំ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អំឡុងពេលដែលប្រទេសកម្ពុជាយើងក៏ដូចជាសកលលោកបានជួបប្រទះនៃការរីករាលដាលឆ្លងនៃជំងឺកូវីត១៩នេះ។

សំឡេង៖ “អញ្ចឹងនៅក្នុងអង្គប្រជុំនេះយើងបានជជែកពិភាក្សាទៅក្នុងការពង្រីកនូវការប្រព័ន្ធផ្សព្វផ្សាយនៃទូរទស្សន៍ជាតិកម្ពុជា ដោយយើងនឹងពង្រីកទៅជាមួយ Channel បន្ថែមទៀត ដែលយើងនិងកំណត់រួមថាជា Channel TV-K ឬក៏ទូរទស្សន៍ជាតិកម្ពុជាជាតិអប់រំ TV-Kអប់រំ ដែលនិងផ្សព្វផ្សាយអំពីការបង្រៀន ដើម្បីជួយដល់បងប្អូនសិស្សានុសិស្សនៅក្នុងអំឡុងពេលដែលសាលាត្រូវបានបិទនិងដើម្បីផ្ដល់ជាការបង្រៀនតាមកញ្ចក់ទូរទស្សន៍និងជូនទៅប្អូនៗសិស្សានុសិស្សនៅក្នុងព្រះរាជាណាចក្រកម្ពុជា”។

ឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់ថា ក្រៅពីកម្មវិធីបង្រៀននៅក្នុងទូរទស្សន៍ប៉ុស្តិ៍ទូរទស្សន៍ធីវីខេអប់រំ ក៏មានការផលិតនូវកម្មវិធីផ្សាយមួយចំនួនថែមទៀតដែល គឺជាកម្មវិធីអប់រំពាក់ព័ន្ធនឹងការអប់រំទៅលើវិស័យផ្សេងៗ ទាំងវិស័យផ្លូវច្បាប់ វិស័យសុខាភិបាល វិស័យកសិកម្មជាដើម ក្នុងគោលបំណងដើម្បីពង្រីកនៃការផ្សព្វផ្សាយនៃទូរទស្សន៍ជាតិកម្ពុជាឲ្យកាន់តែទូលំទូលាយ ដើម្បីឲ្យប្រជាពលរដ្ឋក៏ដូចជាបងប្អូនសិស្សានុសិស្សយើងអាចទទួលបាននូវព័ត៌មានទាក់ទងនឹងការអប់រំពីទូរទស្សន៍ជាតិកម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង