ប្រធាន​មន្ទីរ​សង្គមកិច្ច​រាជធានីភ្នំពេញ​​​ ​សប្បាយរីករាយ និងថ្លែងអំណរគុណ​អភិបាលរាជធានីភ្នំពេញ​ ដែលបានផ្តល់អណ្តូងថ្មីបន្ថែមទៀត​ សម្រាប់​ដោះស្រាយ​ការលំបាករបស់​ជនរងគ្រោះ​ដោយ​សារ​គ្រឿង​ញៀន​

82

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ  31,03,2020

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញសម្តែងអារម្មណ៍សប្បាយរីករាយ នៅពេលដែលទទួលបានអណ្តូងថ្មីបន្ថែមទៀត នៅពេលឆាប់ៗខាងមុខនេះ ដើម្បីជួយដោះស្រាយការប្រើប្រាស់ទឹកប្រចាំថ្ងៃឲ្យបានគ្រប់គ្រាន់។

លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញបានបញ្ជាក់ថា នៅក្នុងមជ្ឈមមណ្ឌលឱកាសខ្ញុំ  បច្ចុប្បន្នមានអណ្តូងទឹកតែ១ប៉ុណ្ណោះ ហើយនេះជាអណ្តូងទី២ក្រោមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ ពីឯកឧត្តមនៃគណៈអភិបាលរាជធានីភ្នំពេញ បានអនុញ្ញាឲ្យមន្ទីរអភិវឌ្ឍន៍ជនបទ ចុះមកត្រួតពិនិត្យស្ថានភាពទីតាំងអាចបុកអណ្ដូង សម្រាប់ទទួលបានទឹកស្អាតសំរាប់ប្រើប្រាស់ ខណៈដែលទឹករបស់   រដ្ឋាករស្វយ័តភ្នំពេញ គឺទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃចាំបាច់តែប៉ុណ្ណោះ។

លោកស្រីបានបន្តថា ការទទួលបានអណ្តូងនេះ គឺបានកាត់បន្ថយក្នុងការចំណាយ ក៏ដូចជា បានចូលរួមចំណែក ជាមួយរដ្ឋាករស្វយ័តភ្នំពេញ   ជាពិសេសបងប្អូនប្រជាពលរដ្ឋនៅតំបន់នេះ នឹងអាចមានទឹកប្រើប្រាស់គ្រប់គ្រាន់ ខណះដែលអាកាសធាតុក្តៅ ដែលធ្វើឲ្យការប្រើប្រាស់ទឹក ក៏មានចំនួនច្រើនផងដែរ។ ហើយក្រោយពីមន្ទីរអភិវឌ្ឍន៍ជនបទ ចុះមកពិនិត្យភូមិសាស្ត្រ តាមលក្ខណៈបច្ចេកទេស គឺអាចបុកបានត្រឹមតែជម្រៅ ៥០ម៉ែត នឹងទទួលបានទឹកស្អាតយកមកប្រើប្រាស់។

    លោកស្រីបញ្ជាក់ថាធ្វើយ៉ាងម៉េចគឺយើងសន្សំសំចៃការប្រើប្រាស់ទឹករបស់រដ្ឋាករស្វយ័តភ្នំពេញ ដែលក្នុងពេលវេលានេះដោយអាកាសធាតុក្តៅ ដើម្បីទុកទឹកមួយចំនួនក្នុងភូមិ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋអាចទទួលបាននិងប្រើប្រាស់ទឹកស្អាតគ្រប់គ្រាន់របស់រដ្ឋាករទឹកស្វយ័តភ្នំពេញបាន ហើយក្នុងនោះ មណ្ឌលឱកាសខ្ញុំ គឺយើងប្រើប្រាស់ទឹករបស់រដ្ឋ សម្រាប់ញ៉ាំ និងដាំបាយស្លស្លុកចំណែកសម្រាប់ទឹកអណ្តូងគឺសម្រាប់បោកសំលៀកបំពាក់ងូត និងសម្រាប់បន្ទប់ទឹក គឺយើងប្រើប្រាស់ទឹកអណ្ដូង ហើយយើងក៏មានអាប្រឡាយធំមួយនៅក្នុងទីតាំងដែលមានទឹកដក់ កាលពីរដូវវស្សាសម្រាប់ប្រើប្រាស់ និងស្រោចស្រពបន្លែ គឺយើងធ្វើយ៉ាងណា គឺយើងចូលរួមនូវការកាត់បន្ថយឲ្យបានអប្បបរមា ចំពោះការខ្ជះខ្ជាយទឹក។»

លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ បានបញ្ជាក់ថាទៀតថា  បច្ចុប្បន្ននេះមជ្ឈមមណ្ឌលឱកាសខ្ញុំ មានអ្នករស់ចំនួន១៨០០នាក់ ដែលកំពុងសម្រាកព្យាបាល និងបន្សាបគ្រឿងញៀន៕

អត្ថបទដែលជាប់ទាក់ទង