ក្រសួងសុខាភិបាល ប្រកាសហាមឃាត់លក់ឱសថ ឧបករណ៍បរិក្ខារពេទ្យ និងសារធាតុសម្លាប់មេរោគ គ្មានលេខបញ្ជិកា ឬលេខប្រវេទន៍ ពីក្រសួងសុខាភិបាល

65

វិទ្យុជាតិកម្ពុជា៖ ប៉ុង សុភាវី ០១ មេសា ២០២០៖

ក្រសួងសុខាភិបាល បានប្រកាសហាមឃាត់លក់ឱសថ ឧបករណ៍បរិក្ខារពេទ្យ និងសារធាតុសម្លាប់មេរោគ គ្មានលេខបញ្ជិកា ឬលេខប្រវេទន៍ ពីក្រសួងសុខាភិបាល ខណៈដែលមានបណ្ដាញសង្គមហ្វេសប៊ុកមានគណនីជាច្រើន កំពុងឆ្លៀតឱកាសផ្សព្វផ្សាយលក់ ផលិតផល ដែលគ្មានគុណភាពមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា តាមការសង្កេតឃើញតាមបណ្ដាញសង្គមហ្វេសប៊ុកមានគណនីជាច្រើន កំពុងឆ្លៀតឱកាសផ្សព្វផ្សាយលក់ឱសថឧបករណ៍បរិក្ខារពេទ្យ និងសារធាតុសម្លាប់មេរោគយ៉ាងអណាធិបតេយ្យ ដូចជាម៉ាស ឧបករណ៍វាស់កម្ដៅ អាល់កុល ជែល និងសារធាតុសម្លាប់មេរោគជាច្រើនប្រភេទទៀត គ្មានលេខបញ្ជិកា ឬលេខប្រវេទន៍ ពីក្រសួងសុខាភិបាលឡើយ ស្របពេលដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជាកំពុងមានករណីជំងឺកូវីត១៩ ជាបន្តបន្ទាប់ ធ្វើឲ្យប្រជាជនយើងមានតម្រូវការឱសថ ឧបករណ៍បរិក្ខារពេទ្យ និងសារធាតុសម្លាប់មេរោគជាចាំបាច់ ដើម្បីប្រើប្រាស់ក្នុងការការពារការចម្លងវីរុសកូវីត១៩។
ក្រសួងសុខាភិបាលបានបន្តទៀតថា តាមអនុលោមច្បាប់ ស្ដីពីការគ្រប់គ្រងឱសថ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្ដីពីការគ្រប់គ្រងឱសថក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណៈឲ្យបានជ្រាបថា៖
ទី១.ការលក់ឱសថ ឧបករណ៍បរិក្ខារពេទ្យ និងប្រតិករត្រូវមានលេខលិខិតបញ្ជិការពីក្រសួងសុខាភិបាល ហើយតម្រូវអោយលក់នៅតាមឱសថស្ថាន និងឱសថស្ថានរងស្របច្បាប់ និងមិនអនុញ្ញាតឲ្យលក់តាមប្រព័ន្ធអនឡាញឡើយ។
ទី២.ការលក់គ្រឿងសំអាងគ្រប់ប្រភេទត្រូវមានលេខប្រវេទន៍ពីក្រសួងសុខាភិបាល។
ទី៣.ការផ្សាយឱសថ ឧបករណ៍បរិក្ខារពេទ្យ ប្រតិករ និងគ្រឿងសំអាងគ្រប់ប្រភេទ ត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាលដើម្បីពិនិត្យខ្លឹមសារផ្សព្វផ្សាយ ឲ្យមានលក្ខណៈត្រឹមត្រូវតាមឯកសារវេជ្ជសាស្ត្រ ឱសថសាស្ត្រ និងទន្តសាស្រ្ត។
ក្រសុខាភិបាល សូមអំពាវនាវដល់បងប្អូនអាជីវករ ក៏ដូចជាសាធារណជន ត្រូវចូលរួមជាមួយក្រសួងសុខាភិបាលឲ្យបានសមស្របតាមច្បាប់ និងលិខិតបទដ្ឋាននានា ដែលមានជាធរមាន ដើម្បីរួមចំណែកដល់ការលើកស្ទួយសុខភាពប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ ក៏ដូចជារួមចំណែកទប់ស្កាត់ការចម្លងវីរុសកូវីត១៩ ឲ្យមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទដែលជាប់ទាក់ទង