មន្ទីរទេសចរណ៍ខេត្ដកំពង់ស្ពឺនៅតែបន្តអភិវឌ្ឍតំបន់រមណីយដ្ឋាននានានៅក្នុងខេត្ត

81

វិទ្យុជាតិកម្ពុជា៖ ស្រីផល01,04,2020៖

មន្ទីរទេសចរណ៍ខេត្ដកំពង់ស្ពឺ នៅតែបន្តខិតខំអភិវឌ្ឍតំបន់រមណីយដ្ឋាននានាបន្ថែមទៀតដើម្បីទាក់ទាញភ្ញៀវទេសចរ និងលើកកម្ពស់សេដ្ឋកិច្ចប្រជាសហគមន៍។

លោក សៅ សារ៉ន ប្រធានមន្ទីរទេសចរណ៍ខេត្ដកំពង់ស្ពឺ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា អាជ្ញាធរខេត្ដ បាននិងកំពុងខិតខំអភិវឌ្ឍតំបន់រមណីយដ្ឋានក្នុងខេត្តនេះបន្តទៀតដើម្បីទាក់ទាញភ្ញៀវទេសចរ ក្នុងនោះក៍បានគិតគូរអភិវឌ្ឍន៍ទាំងហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន ការពង្រឹងគុណភាពម្ហូបអាហារ សេវាកម្មស្នាក់នៅ ការធ្វើបដិសណ្ឋារកិច្ចល្អ ដើម្បីឱ្យ ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរ ទៅកម្សាន្ដនៅតាមរមណីយដ្ឋានទាំងនោះ។
លោកប្រធានមន្ទីរបានបន្ថែមទៀតថា តាមរយៈការរៀបចំតំបន់រមណីយដ្ឋានទេសចរណ៍ ការកសាងហេដ្ឋារចនាសម្ព័ន្ធបានរឹងមាំ ព្រមទាំងការធ្វើដំណើរបានងាយស្រួលផង ជាហេតុធ្វើឲ្យភ្ញៀវទេសចរដែលមកកម្សាន្ដនៅខេត្ដកំពង់ស្ពឺ អាចនឹងមានកំណើនកើនឡើងបន្ថែមទៀត។ លោកប្រធានមន្ទីរបានបន្ថែមថា យុទ្ធសាស្រ្ដក្នុងការ ជំរុញឱ្យអ្នកទេសចរក្នុងស្រុកដើរកម្សាន្ដ គឺដើម្បីគាំទ្រដល់សម្បទានទេសចរណ៍នៅតាមរមណីយដ្ឋាននានាឡើងវិញ ខណៈដែលភ្ញៀវទេសចរបានធ្លាក់ចុះដោយសារតែជំងឺកូវីត១៩។
សំលេង៖ទន្ទឹមនឹងនេះក៏ខាងខ្ញុំ ចុះទៅតាមរមណីយដ្ឋាននានានៅក្នុងខេត្ត និងតំបន់មិនមែនតំបន់ដាច់ស្រយាលពេក ហើយក៏យើងក៏មិនបានប្រមូលផ្ដុំមនុស្សច្រើននោះទេ យើង ក៏បានផ្សព្វផ្សាយលក្ខណៈទូទៅជាលក្ខណៈរួមតាមប្រព័ន្ធទូរសព្ទ ឬក៏កន្លែងខ្លះយើងចុះទៅដែរ ប៉ុន្តែមិនមែនជួបជុំគ្នាមនុស្សច្រើនទេ ដោយសារតែខ្លាចកើតមានប៉ះពាល់ជំងឺកូវីត១៩នេះ ប៉ុន្តែការខិតខំប្រឹងប្រែងអភិវឌ្ឍតំបន់ទេសចរផ្សេងៗនេះ នៅតែមានមានការអប់រំ ការណែនាំទាក់ទងទៅនឹងការអភិវឌ្ឍន៍ផ្នែកម្ហូបអាហារ ទាក់ទងការអភិវឌ្ឍន៍ផ្នែកសេវាកម្មស្នាក់នៅ ដូចជានៅតាមសហគមន៍ ការរស់នៅរបស់ប្រជាពលរដ្ឋ ក៍ជាគោលដៅទេសចរណ៍ដែរ តែយើងនៅតែមានការអភិវឌ្ឈន៍ ហើយនិងផ្សព្វផ្សាយទេសចរចឹង ថ្វីត្បិតតែយើងជួបវិបត្តមែនតែយើងមិនឈប់ទេ យើងនៅតែផ្សព្វផ្សាយ នៅតែមានការអភិវវឌ្ឍ ផ្នែកទេសចរសហគមន៍ ទេសចរផ្សងព្រេង ហើយនិងរម្មណីដ្ឋានធំៗទាំងអស់និងក៍យើងមានការផ្សព្វផ្សាយ ការអភិវវឌ្ឍឡើងវិញទាំងអស់ ដើម្បីជំរុញចលនាទេសចរក្នុងស្រុកឲ្យគាត់ជួយគាំទ្រ កាលណាទេសចរក្នុងស្រុកជួយគាំទ្រទៅ យើងជួបវិបត្តិសកលល្មមៗក៍មិនអីដែរ។
សូមបញ្ជាក់ថា នៅក្នុងខេត្តកំពង់ស្ពឺ មានតំបន់រមណីយដ្ឋានទាំងអស់ចំនួន១៦កន្លែង ប៉ុន្តែមានតែតំបន់រមណីយដ្ឋានចំនួន៧កន្លែងប៉ុណ្ណោះ ដែលមានភ្ញៀវទេសចរចូលចិត្តទៅលេងកំសាន្តរួមមាន តំបន់ឧទ្យានជាតិគិរីរម្យ ,រមណីយដ្ឋានគិរីរម្យអូរុំចត, រមណីយដ្ឋានទឹកធ្លាក់ចំបក់,តំបន់រមណីយដ្ឋានតេរទឹកពុះ, តំបន់ទំនប់ក្រសាល ,ចំការអំពៅ និងទឹកធ្លាក់ជ្រាវ ជាដើម៕

អត្ថបទដែលជាប់ទាក់ទង