សិស្សានុសិស្សថ្នាក់ទី១២ខិតខំធ្វើស្វ័យសិក្សានៅផ្ទះតាមការណែនាំរបស់ក្រសួងអប់រំ

245

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ០១ . ០៤ . ២០២០៖

សិស្សានុសិស្សថ្នាក់ទី១២ ខិតខំធ្វើស្វ័យសិក្សានៅផ្ទះតាមការណែនាំរបស់ក្រសួងអប់រំ បន្ទាប់ពីមានការបិទសាលា ដើម្បីធានាឲ្យពួកគេនៅតែទទួលបានចំណេះដឹង និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ផង ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម………………………
កញ្ញា ហង្ស សេរីវុធ ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យសម្តេចម៉ែខេត្តត្បូងឃ្មុំ បាននិយាយថា នៅពេលដែលមានការប្រកាសផ្អាកការសិក្សា កាលពីពេលកន្លងទៅនេះ សិស្សានុសិស្សមានការបារម្មណ៍យ៉ាងខ្លាំង ចំពោះការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុន ប៉ុន្តែបេក្ខជនទំាងអស់ ខិតខំរៀនសូត្រកាន់តែខ្លាំងឡើងទ្វេដង ឬរៀនតាមកម្មវិធី e-learningរបស់ក្រសួងអប់រំ ដើម្បីធានាឲ្យគាត់អាចទទួលបានជោគជ័យ នាពេលប្រឡងខាងមុខនេះ ។
កញ្ញា បានបញ្ជាក់ថា ការបង្កើតកម្មវិធីសិក្សាតាមប្រពន្ធ័អេឡិចត្រូនិក e-learning របស់ក្រសួងអប់រំ គឺជាជំនួយដល់ការសិក្សារបស់សិស្សជាច្រើន ក្នុងអំឡុងពេលនៃការបិទសាលានេះ។
សំឡេង ៖ ក្នុងនាមខ្ញុំជាសិស្សថ្នាក់ទី១២ម្នាក់ ខ្ញុំពិតជាមានក្តីបារម្ភនៅពេលដែលមានកើតបញ្ហាជំងឺកូវីដ១៩នេះឡើង ព្រោះទី១ខ្ញុំភ័យខ្លាចប៉ះពាល់ដល់សុខភាព ហើយខ្លាចប៉ះពាល់ដល់ការប្រលងរបស់ខ្ញុំទៅថ្ងៃខាងមុខ ប៉ុន្តែអ្វីដែលខ្ញុំគាំទ្រ គឺគាំទ្រទៅលើចំណាត់ការរបស់រាជរដ្ឋាភិបាល ក៏ដូចរបស់ក្រសួងអប់រំ ដែលគាត់បានធ្វើការផ្អាកការសិក្សា ដោយមិនឲ្យចេញទៅខាងក្រៅ ដើម្បីការពារសុខភាពរបស់ពួកខ្ញុំ ប៉ុន្តែចំណុចមួយទៀតដែលជាក្តីបារម្ភ គឺខ្ញុំអត់បានទៅរៀនផ្ទាល់ អញ្ចឹងពួកយើងត្រូវធ្វើការស្វ័យសិក្សាខ្លួនឯង ឬក៏រៀនតាមរយៈ online ឬក៏រៀនតាមប្រព័ន្ធអេឡិចត្រូនិច e-learning ហើយណាមួយយើងអត់ធ្លាប់ធ្វើការសិក្សាតាមរយៈអនឡាញទេ អញ្ចឹងវាធ្វើឱ្យមានបញ្ហាតិចតួចកើតឡើង តែទោះបីជាយ៉ាងណា ក៏ប្រសើរជាងយើងអត់បានរៀនសោះដែរ អញ្ចឹងពាក់ព័ន្ធនឹងការរៀនតាមអនឡាញមួយរយៈនេះ គឺឃើញថា ការសិក្សារបស់ខ្ញុំបានល្អប្រសើរប្រហាក់ប្រហែលទៅនឹងការរៀននៅសាលាដូចគ្នា អញ្ចឹងគ្រាន់តែខ្ញុំមានក្តីបារម្ភខ្លួនឯង ខ្លាចប៉ះពាល់ដល់ការប្រឡងទៅថ្ងៃខាងមុខ តែទោះជាយ៉ាងណាក៏ខ្ញុំគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលដែរ ។
លោកស្រី ចេង ចាន់ អាណាព្យាបាលសិស្សទី១២ម្នាក់ នៅវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម បានលើកឡើងថា ក្នុងនាមជាអាណាព្យាបាលក្នុងអំឡុងពេលវិស្សមកាលមុនពេល កំនត់នេះ អាណាព្យាបាលមានតួនាទីសំខាន់ណាស់ ដើម្បីចូលរួមអប់រំកូនឲ្យធ្វើស្វ័យសិក្សា តាមគោលការណ៍របស់ក្រសួង ដើម្បីឲ្យពួកគេនៅតែទទួលបានការអប់រំនិងចំណេះដឹង ពិសេសសិស្សថ្នាក់ទី១២ដែលត្រៀមប្រឡងនេះ ត្រូវតែខិតខំទ្វេដង ទើបចេះ ហើយប្រលងទទួលបានលទ្ធផលល្អ។
អ្នកស្រី បញ្ជាក់ថា ការចាត់វិធានការឲ្យសិស្សានុសិស្សរៀនតាមផ្ទះ ឬ e-learning របស់ក្រសួងអប់រំ យុវជន និងកីឡា បន្ទាប់ពីមានការបិទសាលានេះ គឺជាការសមស្របបំផុត ព្រោះថាសិស្សសាលា ជាប្រភេទក្រុមមនុស្សដែលងាយឆ្លង នឹងអាចងាយចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ដទៃ ។ ហើយអ្វីដែលយើងបារម្ភខ្លាំងនោះ ប្រសិនបើសិស្សសាលាឆ្លងមេរោគកូវីដ១៩នេះហើយ ពួកគាត់នឹងក្លាយភ្នាក់ងារដ៏សកម្មក្នុងការចម្លងទៅកាន់សិស្សដទៃ ចម្លងសមាជិកគ្រួសារ ជាពិសេសទៅមនុស្សចាស់ក្នុងគ្រួសារតែម្តង ។
សំឡេង៖ក្នុងនាមខ្ញុំជាអាណាព្យាបាលសិស្ស យើងមានការសប្បាយចិត្តនៅពេលដែលមានជំងឺនេះផ្ទុះឡើងមានការបិទសាលា ដើម្បីក្នុងការរក្សាសុខភាពការឆ្លងពីជំងឺរាលដាលនេះ ដោយសារតែមេរោគនេះវាមិនអាចមើលឃើញ ចឹងវាអាចឆ្លងទៅតគ្នា អញ្ចឹងក្នុងនាមជាម្ដាយឪពុកមានការសប្បាយចិត្ត ក្នុងការដែលឱ្យកូននៅផ្ទះ ជៀសផុតពីជំងឺដ៏កាចសាហាវនេះ ប៉ុន្តែយើងមានផលពិបាកខ្លះដែល ព្រោះនៅក្នុងឆ្នាំដែលកូនត្រូវប្រឡង គឺយើងត្រូវតែព្យាយាមដាស់តឿនគាត់ឲ្យគាត់ប្រឹងរៀន ហើយការរៀនតែអនឡាញសម្រាប់កូន ដែលធ្វើឱ្យកូនមានការទំនាក់ទំនងតាមរយៈអនឡាញអញ្ចឹង ព្រោះសម័យឥឡូវជាសម័យទំនើប មានកុំព្យូទ័រយើងអាចដាក់មេរៀន អាចចែករំលែកគ្នាបាន យើងអាចធ្វើមេរៀននៅតាមអនឡាញ អញ្ចឹងការយកចិត្តទុកដាក់របស់ម្ដាយគឺដាស់តឿនកូនអោយកូនព្យាយាមរៀនសូត្របន្ថែម តាមវិធីផ្សេងៗទៀតដែលអាចធ្វើទៅបាន ។
សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច e-learning ដោយឥតគិតថ្លៃ លើមុខវិជ្ជាឯកទេសចំនួន៦ ដែលអាចឲ្យសិស្សានុសិស្សទាំងអស់ សិក្សាដោយខ្លួនឯងបាន នៅលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការតាមប្រព័ន្ធអេឡិចត្រូនិករបស់ក្រសួង ដើម្បីជំនួយដល់ការសិក្សារបស់សិស្សានុសិស្ស ដែលបានផ្អាកការសិក្សាជាបណ្ដោះអាសន្ន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ៕

អត្ថបទដែលជាប់ទាក់ទង