វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោក វ៉ាង ភក្តី រូបថត លោក ចន ណារិទ្ធ៖
រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី នាចុងខែសីហានេះ ក្នុងគោលបំណងពង្រឹងបន្ថែមទៀតនូវចំណងទាក់ទងទ្វេភាគី និងរិះរកវិស័យថ្មីៗទៀត ដើម្បីធ្វើកិច្ចសហប្រតិបត្តិការសំដៅនាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជាតិទាំងពីរ។ ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ដល់ថ្ងៃទី ៣១ ខែសីហាខាងមុខនេះ គឺតបតាមការអញ្ជើញរបស់ឯកឧត្តមបណ្ឌិត វីវៀន បាឡាក់គ្រីស្ហ្សណាន់ រដ្ឋមន្រ្តីការបរទេសប្រទេសសិង្ហបុរី។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី២៧ ខែសីហានេះ បានឱ្យដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នឹងជួបសម្តែងការគួរសមជាមួយឯកឧត្តម លី សៀន លុង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសិង្ហបុរី។
ដោយឡែក ក្នុងជំនួបប្រជុំទ្វេភាគីជាមួយឯកឧត្តមបណ្ឌិត វីវៀន បាឡាក់គ្រីស្ហ្សណាន់ នឹងពិភាក្សាអំពីវិស័យជាច្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងផ្លាស់ប្តូរយោបល់អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការចាប់អារម្មណ៍ដូចគ្នា។
កាលពីខែតុលាឆ្នាំ២០១៧ប្រទេសកម្ពុជានិងសិង្ហបុរីបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា(MOU) ស្តីពីការពិគ្រោះយោបល់ផ្នែកនយោបាយ ដោយការផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាផ្សេងៗក្នុងតំបន់ ក៏ដូចជាអន្តរជាតិ ដើម្បីជាប្រយោជន៍រួមនៃប្រទេសទាំងពីរ៕