ព្រឹទ្ធសភាត្រៀមពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន

100

វិទ្យុជាតិកម្ពុជា៖លោកជួន បូណា ០២ ០៤ ២០២០៖

ព្រឹទ្ធសភាត្រៀមពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ខណៈដែលសេចក្តីព្រាងច្បាប់នេះកំពុងស្ថិតសមត្ថកិច្ចរបស់រដ្ឋសភានៅឡើយ។  

ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយកិច្ចប្រជុំវិសាមញ្ញព្រឹទ្ធសភា នាព្រឹកថ្ងៃទី២ មេសា ២០២០ ឯកឧត្តម ម៉ម ប៊ុននាង មន្ត្រីអ្នកនាំពាក្យព្រឹទ្ធសភាមានប្រសាសន៍ថា បើទោះបីជាច្បាប់នេះមិនទាន់បញ្ជូនមកដល់ព្រឹទ្ធសភាក៏ដោយ ក៏ព្រឹទ្ធសភាសូមប្រកាសស្វាគមន៍ និងត្រៀមពិនិត្យ ផ្តល់យោបល់ មុនឈានដល់ការអនុម័តទុកជាប្រញាប់ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពរបស់ប្រជាជាតិ ក្នុងភាពអាសន្ន សំដៅការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិតនិងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពារទ្រព្យសម្បត្តិ និងបរិស្ថានផងដែរ ។ សេចក្តីព្រាងច្បាប់នេះពិតជាមាសារៈសំខាន់ណាស់ ដោយត្រូវអនុម័តឲ្យបានលឿនទាន់ពេលវេលា។ 

ឯកឧត្តមថា ការបង្កើតច្បាប់នេះគឺបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការគិតគូរពីសុខមាលភាពប្រជាពលរដ្ឋ ជាពិសេស ធ្វើយ៉ាងណាជំរុញទប់ស្កាត់ជំងឺរាតត្បាតដ៏កាចសាហាវ ដែលអាចសំដៅលើជំងឺកូវីដ១៩ ដោយកម្ពុជានឹងមានបទដ្ឋានគតិយុត្តតាមផ្លូវច្បាប់ ដើម្បីដោះស្រាយបញ្ហានេះ តួយ៉ាង ដូចជាការប្រើប្រាស់ច្បាប់នេះដើម្បីបិទសហគមណាមួយ ដែលប្រឈមនឹងការឆ្លងរាតត្បាតខ្លាំង នាពេលខាងមុខនេះ ជាដើម។ 

សូមបញ្ជាក់ថា បើតាមគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីបានឲ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន ត្រូវបានរៀបចំឡើងដោយផ្អែកតាមស្មារតីនៃមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលចែងថា «នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា។ សេចក្តីព្រាងច្បាប់នេះនឹងផ្តល់ជាមូលដ្ឋានគតិយុត្ត ដើម្បីធានាដល់ការអនុវត្តដើម្បីធានាដល់ការអនុវត្តមាត្រា២២ថ្មីនៃរដ្ឋធម្មនុញ្ញ និងជាមូលដ្ឋានគតិយុត្តកំណត់សិទ្ធិអំណាចរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវវិធានការចាំបាច់មិនអាចខ្វះបាន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពរបស់ប្រជាជាតិ ក្នុងភាពអាសន្ន សំដៅការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិតនិងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពារទ្រព្យសម្បត្តិ និងបរិស្ថាន៕

អត្ថបទដែលជាប់ទាក់ទង