ក្រសួងបរិស្ថានផ្តល់ជំនាញបច្ចេកវិទ្យាកសិកម្មទៅដល់សហគមន៍តំបន់ការពារធម្មជាតិ

79

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា ០២.៤.២០២០៖

ក្រសួងបរិស្ថានបានផ្តល់ជំនាញបច្ចេកវិទ្យាកសិកម្មទៅដល់សហគមន៍តំបន់ការពារធម្មជាតិ ដើម្បីបង្កើនប្រភពចំណូលសម្រាប់ទ្រទ្រង់ដល់សេដ្ឋកិច្ចសហគមន៍ និងជីវភាពប្រជាពលរដ្ឋ។

ឯកឧត្តម នេត ភត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានមានប្រសាសន៍នៅក្នុងកម្មវិធីជីវិតយើងសង្គមយើងរបស់វិទ្យុជាតិកម្ពុជាថា បច្ចុប្បន្ននេះខាងមន្ត្រីជំនាញក្រសួងបរិស្ថានបានរៀបចំបណ្តុះបណ្តាលឧទ្យានុរក្សនិងប្រជាពលរដ្ឋនៅក្នុងសហគមន៍ការពារធម្មជាតិឲ្យចេះធ្វើកសិកម្មដូចជាការដាំបន្លែបង្ការ ចិញ្ចឹមមាន់ទា ជ្រូក និងត្រីជាដើម ដែលជួយបង្កើនប្រភពចំណូល លើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ។
ឯកឧត្តមបានបន្តថាការជំរុញឲ្យសហគមន៍មូលដ្ឋានមានបច្ចេកទេសធ្វើកសិកម្មនេះគឺ ដើម្បីពង្រីកមុខរបរជូនពួកគេ ដែលជួយកាត់បន្ថយការពឹងផ្អែកមុខរបរទាញយកអនុផល ព្រៃឈើ បរបាញ់សត្វព្រៃជាដើម។ ឯកឧត្តមបានបញ្ជាក់ថា ចំពោះរបរចិញ្ចឹមជ្រូកគឺបានធានាផ្គត់ផ្គង់ដល់ទីផ្សារដែលជាប្រភពចំណូលមួយថ្មីសម្រាប់លើកកម្ពស់ជីវភាពរស់នៅរបស់គ្រួសារប្រជាសហគមន៍មូលដ្ឋាននិងជួយឲ្យប្រជាសហគមន៍ទទួលចំណូលកាន់តែប្រសើរថែមទៀតពីការលក់សាច់ជ្រូកជូនអ្នកទេសចរដើម្បីកាត់បន្ថយពីការដាក់សំពាធលើធនធានធម្មជាតិ។
« គោលដៅរបស់ក្រសួងបានពង្រឹងជីវភាពពួកគាត់បង្កើតសេដ្ឋកិច្ចមូលដ្ឋានដោយនៅក្នុងនោះទី ១ រៀបចំចងក្រងជាបណ្ដាញសហគមន៍តំបន់ធម្មជាតិ ទី ២ ក្រសួងផ្ដល់លទ្ធភាពឲ្យពួកគាត់ដូចជាផ្ដល់ពូជសត្វចិញ្ចឹម ផ្ដល់នូវឈើហូបផ្លែដើម្បីដាំ ជំរុញឲ្យពួកគាត់ដាំ ដំណាំរួមផ្សំផ្សេងៗ ដែលជួយកាត់បន្ថយការចំណាយប្រចាំថ្ងៃរបស់ពួកគាត់។ ដោយមិនចាំបាច់ចំណាយថវិកាទេ មួយទៀតយើងនឹងបង្កើតទីផ្សារឲ្យពួកគាត់ និងការបណ្ដុះបណ្ដាល អំពីរបៀបចិញ្ចឹមសត្វទៅដល់ប្រជាសហគមន៍ ហើយអ្វីដែលជោគជ័យកិច្ចការងារអភិវឌ្ឍន៍សហគមន៍មូលដ្ឋានរបស់យើងនេះគឺការចិញ្ចឹមជ្រូកប្រភេទឦសាន ។ ឥលូវនេះមានទីផ្សារល្អសម្រាប់ពួកគាត់ ពេលខ្លះអ្នកនៅមូលដ្ឋានចិញ្ចឹមសត្វមិនទាន់ដោយសារតម្រូវការរបស់ទីផ្សារនេះហើយជាការគិតគូរកិច្ចការងារអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន។ យើងបានឃើញសហគមន៍មួយចំនួនជាពិសេសសហគមន៍ដែលមានតំបន់ការពារធម្មជាតិ ដែលមានមុខរបរថ្មីនេះហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះគាត់មានចំណូលហើយបានកាត់ផ្តាច់ចូលទៅបរបាញ់សត្វក្មុងព្រៃទៀតថា»។
ឯកឧត្តមបានបញ្ជាក់ថា តំបន់សហគមន៍ការពារធម្មជាតិភាគច្រើន ជារមណីយដ្ឋានដែលបានទាក់ទាញភ្ញៀវទេសចរមកកម្សាន្តរាប់ពាន់នាក់រៀងរាល់ឆ្នាំ ។
សូមបញ្ជាក់ថា សហគមន៍តំបន់ការពារធម្មជាតិបានដើរតួជាខ្សែក្រវ៉ាត់ការពារនិងអភិរក្សធនធានធម្មជាតិព្រមទាំងជំរុញការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍តាមរយៈការប្រើប្រាស់ផលអនុផលព្រៃឈើ និងការប្រកបមុខរបរចិញ្ចឹមជីវិត ដូចជាធ្វើកសិកម្ម ការដាំដំណាំ ការចិញ្ចឹមសត្វនិងការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិ៕

អត្ថបទដែលជាប់ទាក់ទង