សហរដ្ឋអាមេរិកផ្អាកការផ្តល់ថវិកាសម្រាប់អង្គការសុខភាពពិភពលោក WHO

194

វិទ្យុជាតិកម្ពុជា៖ លោក ឈុន លាង


លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកនៅថ្ងៃអង្គារនេះបានបញ្ឈប់ការផ្តល់មូលនិធិដល់អង្គការសុខភាពពិភពលោក WHO នៅចំពោះមុខការរាតត្បាតនៃ ជំងឺឆ្លង COVID-19 បង្កឱ្យមានការថ្កោលទោសពីអ្នកជំនាញជាច្រើន ខណៈចំនួនអ្នកស្លាប់ទូទាំងពិភពលោកបន្តកើនឡើង។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី ១៥ ខែ មេសា ឆ្នាំ ២០២០។
ការសម្រេចបញ្ឈប់ការផ្តល់មូលនិធិនេះត្រូវបានលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិកលើកហេតុផលថាដោយសារតែ WHO មិនអាចចាត់ចែង និងគ្រប់គ្រងវិបត្តិ COVID-19 មិនមានប្រសិទ្ធភាព។លោកត្រាំបានអះអាងថា អង្គការសុខភាពពិភពលោក គឺបានបរាជ័យក្នុងការបំពេញកាតព្វកិច្ចជាមូលដ្ឋានរបស់ខ្លួន ជាពិសេសការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលជាហេតុនាំឲ្យមានការឆ្លងរីករាលដាលជាសកលបែបនេះ។ជាការឆ្លើយតប លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកឡើងថា ពេលនេះមិនមែនជាពេលវេលាដែលត្រូវកាត់បន្ថយថវិកាដល់អង្គការសុខភាពពិភពលោក ឬអង្គការណាមួយនោះទេ ខណៈពិភពលោកទាំងមូលកំពុងជួបនឹងវិបត្តិសកលដ៏ធ្ងន់ធ្ងរ។ វេលានេះគឺជាការរួបរួមគ្នា ហើយសហគមន៍អន្តរជាតិត្រូវធ្វើការរួមគ្នាក្នុងសាមគ្គីភាពដើម្បីបញ្ឈប់វីរុសនេះនិងផលវិបាក។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិកគឺជាម្ចាស់ជំនួយធំបំផុតដល់អង្គការសុខភាពពិភពលោកដោយបានចូលរួមវិភាគទានជាង ៤០០ លានដុល្លារក្នុងឆ្នាំ ២០១៩ ដែលស្មើនឹង ១៥ ភាគរយនៃថវិការសរុបរបស់អង្គការពិភពលោកមួយនេះ៕
ប្រភព៖ទីភ្នាក់ងារសារព័ត៌មាន Reuters

អត្ថបទដែលជាប់ទាក់ទង