ក្រសួងសុខាភិបាលបានឲ្យក្រសួងអប់រំដាក់សំណើទៅរាជរដ្ឋាភិបាលត្រៀមបើកសាលារៀនឡើងវិញ

341

វិទ្យុជាតិកម្ពុជា៖អត្ថបទ វ៉ែន សុវុទ្ធី
MC ក្រសួងសុខាភិបាលបានឲ្យក្រសួងអប់រំដាក់សំណើទៅរាជរដ្ឋាភិបាលត្រៀមបើកសាលារៀនឡើងវិញ ដោយសារបច្ចុប្បន្នជំងឺកូវីដ១៩ មានសភាពធូស្បើយ ដែលអាចឲ្យសិស្សានុសិស្សបានចូលរៀនឡើងវិញដូចធម្មតា ។
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា នៅក្នុងកិច្ចប្រជុំអន្តរក្រសួង ឯកឧត្តមបានជម្រាបទៅរដ្ឋមន្ត្រីក្រសួងអប់រំ ដើម្បីអោយដាក់សំណើទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសុំការបើកសាលារៀនឡើងវិញ ដោយសារនៅទូទាំងប្រទេសសព្វថ្ងៃករណីជំងឺកូវីដ១៩បានថយចុះផងដែរ។
នៅក្នុងសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពជំងឺ COVID-19 នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២៧ ខែមេសាឆ្នាំ២០២០នេះ ឯកឧត្តមបន្តថា ដោយមើលឃើញភាពល្អប្រសើរឡើងវិញចំពោះករណីកូវីដ១៩មានសភាពធូរស្រាលក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក្រសួងអប់រំយុវជននិងកីឡាគួរតែត្រៀមលក្ខណៈបើកឲ្យសិស្សានុសិស្សមានឱកាសចូលរៀនឡើងវិញ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការសិក្សាសូត្រ។
(សំឡេង)ការរៀបចំឲ្យបើកសាលាគណៈកម្មការអន្តរក្រសួងបានលើកឡើងឲ្យក្រសួងក្រសួងអប់រំយុវជននិងកីឡាឯកឧត្តមរដ្ឋមន្រ្តីលោកពិនិត្យហើយនិងសុំគោលការណ៍ទៅប្រមុខរាជរដ្ឋាភិបាលអំពីបញ្ហានេះ។ នេះជាការសរុបនៃការប្រជុំអន្តរក្រសួងកាលពីថ្ងៃមុខ។
លោកស្រី មាន ផល្លា ជាអាណាព្យាបាលសិស្ស បានសារទរចំពោះក្រសួងអប់រំដែលគ្រោងនិងបើកដំណើរការរៀនឡើងវិញ គឺបានធ្វើឲ្យសិស្សានុសិស្សមានលទ្ធភាពរៀនឡើងវិញ ដើម្បីអាចឲ្យសិស្សរៀនបានគ្រប់គ្រាន់ក្នុងការប្រលងនៅពេលខាងមុខនេះ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នេះ ចំនួនករណីឆ្លងជំងឺកូវី១៩ នៅកម្ពុជាមានចំនួន ១២២ នាក់ ហើយដោយក្នុងនោះអ្នកជាសះស្បើយមានចំនួន ១១៩នាក់ និងគ្មានអ្នកស្លាប់នោះទេ ៕

អត្ថបទដែលជាប់ទាក់ទង